គ្រូធំអាហ្សង់ទីន ថាមានតែកីឡាករ២នាក់ប៉ុណ្ណោះ ដែលធានាក្នុងជម្រើសនៅ Copa America

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានព្រមានកូនក្រុមថាមានតែ Lionel Messi និង Angel di Maria ប៉ុណ្ណោះដែលធានាកៅអីសម្រាប់ការចូលរួម Copa America 2024។

ក្រុមអាហ្សង់ទីនរីករាយនឹងជ័យជម្នះដែលទទួលបានក្នុងជំនួបមិត្តភាពទល់នឹង អេល សាលវ៉ាឌ័រ និង កូស្ដារីកា ខណៈលោក Scaloni កំពុងត្រៀមខ្លួនសម្រាប់ការប្រកួត Copa America នារដូវក្ដៅខាងមុខ។

តារាឆ្នើម Lionel Messi មិនបានចូលរួមក្នុងការប្រកួតទាំងពីរនេះទេ ដោយសារមានបញ្ហារបួស។ ក្រោយពីចប់ការប្រកួត លោក Scaloni បានព្រមានកូនក្រុមថា មានតែសមាជិកពីររូបប៉ុណ្ណោះ ដែលធានាដោយស្វ័យប្រវត្តិក្នុងការចូលរួម Copa America។

ឆ្លើយនឹងសំណួរថាតើនរណាអាចមានវត្តមានក្នុងព្រឹត្តិការណ៍ Copa America, លោកបាននិយាយថា៖ “មានតែកីឡាករម្នាក់ដែលមិនមកជាមួយយើង ដែលអ្នកបានដឹងរួចហើយ(Messi)។ ហើយក៏មាន Fideo(Di Maria)ផងដែរ… គេត្រូវបានធានា(ទៅចូលរួម Copa America)”៕

ប្រភព៖ Goal