R.Madrid មានទំនុកចិត្តខ្ពស់ថាអាចចងជើងតារាឆ្នើមខ្លួនម្នាក់នេះឲ្យតត្រាថ្មីបន្ថែម

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងមានទំនុកចិត្តខ្ពស់ក្នុងការបន្តកុងត្រាថ្មីបន្ថែមទៀត ដល់ជូនអ្នកចាំទីឆ្នើមរបស់ខ្លួន គឺកីឡាករ Andriy Lunin។​

ជាការពិតណាស់ កីឡាករវ័យ ២៥ឆ្នាំ បានបំពេញការងារយ៉ាងល្អបំផុតមួយ អំឡុងពេលអវត្តមានរបស់អ្នកចាំទីដៃទីមួយ កីឡាករ Thibaut Courtois ដែលកំពុងរងរបួសរយ:ពេលយូរ។

គួរឲ្យដឹង Lunin ទំនងជាមិនអាចឡើងមកកាន់តំណែងជាអ្នកចាំទីដៃទី១បាននោះឡើយ នៅពេល Courtois ត្រឡប់​មក​វិញ​នៅ​រដូវ​កាល​ក្រោយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្លិប Madrid មើលឃើញថាកីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ជាផ្នែកដ៏សំខាន់នៃគម្រោងរបស់ក្រុម និងចង់បន្ថែមកុងត្រាថ្មីដល់គេ ឲ្យស្នាក់នៅទឹកដី Santiago Bernabeu បន្តទៀត។

មិនតែប៉ុណ្ណោះ បើតាមអ្នកជំនាញផ្នែកទីផ្សារលោក Fabrizio Romano បានអះអាងថា ក្លិបយក្សអេស្ប៉ាញមួយនេះ មានទំនុកចិត្តខ្ពស់ថានឹងអាចធ្វើកិច្ចព្រមព្រៀង ដើម្បីបន្តការស្នាក់នៅរបស់ Lunin និងអាចប្រកាសជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខ។

ជម្រាបជូនផងដែរថា Lunin បានរក្សា Clean Sheet ចំនួន១០ លើក ក្នុងចំណោម ២៣ ប្រកួតនៅរដូវកាលនេះ ខណ: ៩ប្រកួតចុងក្រោយនៅក្នុងលីគ គេអាចរក្សា Clean Sheet បាន ៤លើក ៕

ប្រភព: Sportskeeda