មេធំ Bayern ចេញមុខបដិសេធជុំវិញរឿងយកអតីតគ្រូបង្វឹក Man Utd រូបនេះមកដឹកនាំ

នាយកក្លិប Bayern Munich លោក Max Eberl ថ្មីៗនេះ បានចេញមុខធ្វើការបដិសេធថា ក្លិបរបស់លោកមិនបានទាក់ទងជាមួយអតីតគ្រូបង្វឹករបស់ក្រុម Manchester United លោក Ralf Rangnick ជុំវិញការមកទទួលតំណែងជាគ្រូបង្វឹកនៅរដូវកាលក្រោយនោះឡើយ។

ជាការពិតណាស់ក្លិបយក្សអាល្លឺម៉ង់កំពុងស្ថិតនៅក្នុងការស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីលោក Thomas Tuchel បានប្រកាសថាលោកនឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីការចាញ់ក្រុម Bochum កាលពីខែមុន។

រំលឹកផងដែរថា ជុំវិញស្ថានភាពនេះ កាលពីដើមសប្តាហ៍នេះ សារព័ត៌មានរបស់អាល្លឺម៉ង់ Kicker បាននិយាយថា Bayern កំពុងសម្លឹងរកមើលឱកាសក្នុងការនាំយកអតីតគ្រូបង្វឹក Manchester United លោក Rangnick មកធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបានសួរនាំអំពីទំនាក់ទំនងនេះ លោក Eberl បានបង្ហាញថា ៖ ខ្ញុំនឹងមិនបញ្ចេញមតិលើឈ្មោះអ្វីទេ។ យើងមានជម្រើស ហើយយើងមានគំនិតច្បាស់លាស់។ តាំងពីដើមមក ខ្ញុំមិនបានធ្វើអត្ថាធិប្បាយលើឈ្មោះគ្រូបង្វឹកណាមួយទេ ហើយខ្ញុំនឹងនៅតែមិននិយាយអ្វីផងដែរក្នុងពេលឥឡូវនេះ។ ជាពិសេសសំណួរពាក់ព័ន្ធជាមួយ Ralf Rangnick, Antonio Conte និងគ្រូបង្វឹកផ្សេងទៀតជាដើម

ប្រភព: Sportsmole