Alexander-Arnold បង្ហើបពីអនាគតរបស់ខ្លួនបែបនេះ ចំពេល R.Madrid ចាប់អារម្មណ៍

ខ្សែការពារឆ្នើមរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold ត្រូវបានគេរាយការណ៍មកថាបានសម្រេចចិត្តរួចរាល់ហើយលើអនាគតរបស់ខ្លួននៅទឹកដី Anfield ចំពេលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Real Madrid

ជាក់ស្តែង ស្ថានភាពបែបនេះ បានកើតឡើងនៅចំពេលដែលកុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអង់គ្លេស ជាមួយក្លិប Liverpool បានឈានដល់រយ:ពេល ១៨ខែចុងក្រោយ ។

ប៉ុន្តែមានរបាយការណ៍ជាច្រើនបានអះអាងថា Alexander-Arnold កំពុងពន្យារពេលលើការពិភាក្សាជុំវិញការបន្តថ្មីជាមួយក្រុម Liverpool ដោយនេះដូចជាកំពុងផ្តល់ឱកាសសម្រាប់ក្រុមយក្សអេស្ប៉ាញ ក្នុងការដាក់សំណើជូនដល់គេ នៅរដូវក្តៅខាងមុខ។

តែទោះជាយ៉ាងណាហើយឥឡូវនេះ បើយោងតាមការចុះផ្សាយពី Football Insider បានបង្ហាញថា Alexander-Arnold នៅតែមានបំណងក្នុងការបន្តស្នាក់នៅទឹកដី Anfield បន្តទៀត ដែលជាកន្លែងដែលគេចំណាយពេលអស់ ២០ ឆ្នាំ ចាប់តាំងពីបានចូលរួមក្នុងឈុតយុវជនរបស់ក្រុម នៅឆ្នាំ២០០៤ មក៕

ប្រភព: Sportsmole