Van Persie កំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីក្លាយជាអ្នកចាត់ការក្លិបជាលើកដំបូង

ជើងចាស់ លោក Robin van Persie ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងការពិភាក្សាដំបូងជាមួយក្លិបហូឡង់ Heerenveen ជុំវិញការក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ នៅចុងបញ្ចប់នៃរដូវកាលនេះ។

គួរឲ្យដឹងផងដែរថា Van Persie ធ្លាប់បានបម្រើការក្នុងនាមជាជំនួយការ គ្រូបង្វឹករបស់ក្លិបកុមារភាពរបស់ខ្លួន គឺ Feyenoord ហើយបានបន្តទៅធ្វើជាគ្រូបង្វឹករបស់ក្រុម សម្រាប់ឈុតអាក្រោម ១៨ឆ្នាំ និងក្រោម ១៩ឆ្នាំ។

ដោយសារតែមានបទពិសោធច្រើនក្រាស់ក្រែល ទើបថ្មីៗនេះ មានរបាយការណ៍មកបានអះអាងថា អតីតតារាឆ្នើមរបស់ក្លិប Man Utd រូបនេះ កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការទៅដឹកនាំក្លិបកម្រិតអាជីពជាលើកដំបូង ដោយបានបានពិភាក្សាជាមួយ នាយកក្លិប Heerenveen លោក Ferry de Haan រួចរាល់ហើយផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ Van Persie មិនមែនជាបេក្ខភាពតែមួយគត់ សម្រាប់តួនាទីនេះទេ ដោយអតីតខ្សែប្រយុទ្ធរបស់ Manchester United ម្នាក់ទៀតគឺ Ruud van Nistelrooy ក៏កំពុងត្រូវបានទាក់ទងដោយក្លិបហូឡង់នេះផងដែរ។

ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ Heerenveen កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី១១ នៅលីគកំពូលហូឡង់ Eredivisie ដោយអ្នកចាត់ការបច្ចុប្បន្ន គឺលោក Kees van Wonderen គ្រោងនឹងចាកចេញពីតំណែងរបស់ខ្លួន នៅចុងបញ្ចប់នៃរដូវកាលនេះ៕

ប្រភព: Metro