Mascherano ប្រាប់កីឡាករមួយរូបឈប់គិតរឿងចាកចេញ ហើយបន្ដនៅ Liverpool

អតីតតារាឆ្នើមរបស់ Liverpool, Javier Mascherano បានទទូចឱ្យខ្សែប្រយុទ្ធ Luis Diaz បដិសេធសំណើរបស់ក្លឹប Paris Saint-Germain ហើយបន្ដរួមរស់ជាមួយ Liverpool។

កីឡាករជម្រើសជាតិកូឡុំប៊ី Diaz បានផ្លាស់ទៅចូលរួមក្រុមហង្សក្រហម កាលពីដើមរដូវកាល ២០២១-២២ ប៉ុន្ដែពេលនេះ គេមានការភ្ជាប់ទៅនឹងការចាកចេញពីទឹកដី Anfield នារដូវក្ដៅខាងមុខ។

មានក្លឹបអឺរ៉ុបធំៗជាច្រើនកំពុងចាប់អារម្មណ៍អតីតសមាជិករបស់ក្លឹប Porto រូបនេះ ដូចជា PSG កំពុងត្រូវការអ្នកមកជំនួសកន្លែងរបស់ Kylian Mbappe ដែលត្រៀមចាកចេញពេលចប់រដូវកាលនេះ។

ទោះយ៉ាងណាក្ដី លោក Mascherano ដែលបច្ចុប្បន្នជាគ្រូបង្គោលក្រុមយុវជនរបស់ជម្រើសជាតិអាហ្សង់ទីន បានទទូចឱ្យខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ បន្ដអាជីពរបស់ខ្លួននៅ Liverpool។

លោកបាននិយាយថា៖ “គេជាកីឡាករដ៏អស្ចារ្យ ពិតជាសំខាន់ជាពិសេស នៅពេលដែលមានការប្រជែងមួយទល់មួយ។ ការពិតទៅគឺ ខ្ញុំគិតថាគេលេងនៅក្នុងក្រុមដែលត្រូវនឹងការលេងរបស់គេ”។

“ប្រសិនបើអ្វីម្យ៉ាងដែល Liverpool មាននោះគឺ ពួកគេស្រលាញ់កីឡាករដូចជា Diaz ដែលផ្ដល់គ្រប់យ៉ាងនៅលើទីលាន ហើយមានថាមពល និងប្រឹងអស់ពីសមត្ថភាពលើទីលាន។ ដូច្នេះហើយបានជាគេសមនឹងលេងនៅក្រុមដែលគេកំពុងលេង”៕

ប្រភព៖ Be Soccer