Bayern Munich ចាប់អារម្មណ៍នាំយក​ អតីតអ្នកចាត់ការមួយរូបត្រលប់មកវិញ

Bayern Munich មានការភ្ជាប់ទៅនឹងអតីតអ្នកចាត់ការរបស់ពួកគេ គឺលោក Julian Nagelsmann បន្ទាប់ពីលោក Xabi Alonso ប្រកាសយ៉ាងច្បាស់ថា នឹងមិនចាកចេញពី Bayer Leverkusen នោះទេ។

Bayern មានភាពមមាញឹកក្នុងការស្វែងរកអ្នកចាត់ការដើម្បីមកកាន់តួនាទីជំនួសលោក Thomas Tuchel ដែលបានប្រកាសថា នឹងលាលែងក្រោយចប់រដូវកាលនេះ។

លោក Alonso កន្លងមកជាគោលដៅធំសម្រាប់ Bayern ប៉ុន្ដែអ្នកចាត់ការជនជាតិអេស្ប៉ាញ បានប្រកាសពីការសម្រេចចិត្តថា បន្ដដឹកនាំនៅ Leverkusen។

ហើយពេលនេះ មានការរាយការណ៍ពីសារព័ត៌មានអាល្លឺម៉ង់ Bild ថា នាយកផ្នែកកីឡាថ្មីរបស់ Bayern លោក Max Eberl ចង់នាំយកអតីតអ្នកចាត់ការរបស់ក្លឹប និងបច្ចុប្បន្នជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ លោក Nagelsmann ត្រលប់មកវិញ។

លោក Nagelsmann បានដឹកនាំពួកគេឈ្នះ Bundesliga ម្ដង, DFL-Supercup ពីរលើក និងមានអត្រាឈ្នះការប្រកួត ៧១.៤ភាគរយ អំឡុងពេលកាន់តួនាទីនៅទឹកដី Allianz Arena ប៉ុន្ដែលោកត្រូវបានបញ្ចប់តំណែង ហើយជំនួសមកវិញដោយលោក Tuchel នាខែមីនា ឆ្នាំ២០២៣៕

ប្រភព៖ Goal