Pep តបនឹង Rodri៖ “ប្រសិនបើកីឡាករមិនចង់លេង គេមិនចាំបាច់លេងនោះទេ”

អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយថា លោកនឹងអនុញ្ញាតឱ្យខ្សែបម្រើ Rodri សម្រាក បន្ទាប់ពីកីឡាកររូបនេះ បង្ហាញអារម្មណ៍ហត់នឿយ ក្រោយលេងជាច្រើនប្រកួតជាប់គ្នា។

Rodri បានចូលរួម៤១ប្រកួតសម្រាប់ក្រុមមេឃខៀវនារដូវកាលនេះ ហើយគេបានបង្ហើបឱ្យដឹងកាលពីថ្ងអង្គារ ក្រោយចប់ការប្រកួតទល់ Real Madrid ថាគេមានគម្រោងក្នុងការសម្រាកពីការប្រកួត។

ក្រុមរបស់លោក Guardiola នឹងលេងទល់ Luton Town ក្នុងក្របខណ្ឌ Premier League នាថ្ងៃសៅរ៍នេះ ហើយលោកទំនងជាមិនដាក់ Rodri លេងក្នុងប្រកួតនេះទេ។

អ្នកចាត់ការជនជាតិអេស្ប៉ាញ បាននិយាយថា៖ “តើគួរ ឱ្យ Rodri សម្រាកក្នុងប្រកួតទល់ Luton មែនទេ? ចូរក្រលេកមើលការប្រកួតរបស់យើង ហើយបន្ទាប់មកអ្នកពិចារណា។ គេជាកីឡាករសំខាន់ សម្រាប់គុណភាពដែលគេបានផ្ដល់ឱ្យ ប៉ុន្ដែប្រសិនបើកីឡាករមិនចង់លេង គេមិនចាំបាច់លេងនោះទេ”។

Rodri បានខកខាន៤ប្រកួតសម្រាប់ Man City រដូវកាលនេះ ដោយសាររងពិន័យ ហើយក្រុមរបស់គេបានបរាជ័យទាំង៤ប្រកួត៕

ប្រភព៖ BBC