R.Madrid និង Barca បដិសេធឱកាសក្នុងការចុះហត្ថលេខាលើកីឡាករ PSG ម្នាក់

ជាមួយនឹងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខខិតជិតមកដល់ អនាគតអ្នកចាំទី Gianluigi Donnarumma របស់ក្លិប Paris Saint-Germain (PSG) នៅតែមិនទាន់មានភាពច្បាស់លាស់ ខណៈពេលដែលទាំង Real Madrid និង Barcelona ត្រូវបានគេរាយការណ៍ថាបានបដិសេធក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះដូចគ្នា។

ជាក់ស្តែងកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បានចូលរួមជាមួយក្លឹប Ligue 1 ក្នុងឆ្នាំ២០២១ ពី AC Milan លើការផ្ទេរដោយឥតគិតថ្លៃ ជាមួយនឹងការចុះហត្ថលេខាលើកុងត្រារយ:ពេល ៥ឆ្នាំថែមទៀតផង តែទោះជាយ៉ាងណា កីឡាករវ័យ ២៥ឆ្នាំរូបនេះ ហាក់មិនស្ថិតនៅក្នុងគម្រោងរបស់អ្នកចាត់ការថ្មី លោក Luis Enrique នោះឡើយ។

ហើយឥឡូវនេះ យោងតាមសារព័ត៌មាន El Nacional បានរាយការណ៍មកថា Gianluigi Donnarumma បានសម្រេចចិត្តហើយថានឹងមិនបន្តជាមួយក្លិប Ligue 1 ទៀតនោះឡើយ ដោយអ្នកតំណាងរបស់គេ គឺលោក Mino Raiola បានទាក់ទងទៅកាន់ Barcelona និង Real Madrid រួចរាល់ហើយផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងលោក Joan Laporta និង Florentino Pérez បានបដិសេធចំពោះសំណើរនេះ ដោយសារពួកគេមិនគិតថា កីឡាកររូបនេះ នឹងក្លាយជាជម្រើសល្អជាងអ្នកចាំទីបច្ចុប្បន្នរបស់ពួកគេ ដូចជា Marc-André ter Stegen និង Thibaut Courtois នោះឡើយ៕

ប្រភព: Sportskeeda