អតីតគ្រូធំអង់គ្លេសម្នាក់ កំពុងជំរុញឲ្យ Juve នាំយកGreenwood ចេញពីក្លិប Man Utd

អតីតគ្រូបង្វឹកឆ្នើមលោក Fabio Capello ថ្មីៗនេះ បានជំរុញឲ្យក្លិបសេះបង្កង់ Juventus ធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Manchester United កីឡាករ Mason Greenwood នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ ។

ជាក់ស្តែង Greenwood បានសម្រេចចិត្តចាកចេញពីទឹកដី Old Trafford ដើម្បីចូលរួមជាមួយក្រុម Getafe ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល ពោលគឺអំឡុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ កាលពីរដូវក្តៅមុន។

ហើយយ៉ាងណាមិញ ចាប់តាំងពីបានទៅដល់ទឹកដីអេស្ប៉ាញមកកីឡាករវ័យ ២២ឆ្នាំរូបនេះ បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង និងថែមទាំងទទួលបានការចាប់អារម្មណ៍ជាពិសេស ពីសំណាក់ក្លិប Barcelona និង Atletico Madrid ផងដែរ។

ប៉ុន្តែទោះជាយ៉ាងនាក៏ដោយ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Capello ដែលធ្លាប់បានលេង និងដឹកនាំក្រុម Juventus ក្នុងអំឡុងពេលអាជីពដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នោះ ជឿជាក់ថាក្រុមសេះបង្កង់គួរតែរកជម្រើសខ្សែប្រយុទ្ធថ្មី ហើយ Greenwood នឹងក្លាយជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេជាក់ជាមិនខាន។

ប្រភព: Metro