Pep ថា​យប់មិញ​កីឡាករ​ City ៣ រូប ដល់​ថ្នាក់​សុំ​ប្តូរ​ចេញ​ដោយ​ខ្លួន​ឯង

អ្នកចាត់ការ​លោក Pep Guardiola បាន​បញ្ជាក់​ជុំវិញ​ការ​ប្រកួត​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Real Madrid កាល​ពី​យប់មិញ ដែល​ចាញ់​បាល់​ប៉េណាល់ទី​វគ្គ ៨ ក្រុម​ចុងក្រោយ ថា​កីឡាករ​របស់​ខ្លួន​ខ្លះ ខំ​លេង​ទាំង​របួស ដល់​ថ្នាក់​សុំ​ប្តូរ​ចេញ​ទៀត​ផង។

នោះ​គឺ​មក​ពី​ពួក​គេ​ជួប​បញ្ហា​របួស​កំឡុង​ការ​ប្រកួត ក៏​ជា​ហេតុផល​សម្រេច​ឲ្យ​គ្រូ​ជ្រើស​ប្តូរ​ពួក​គេ​ចេញ និង​មិន​បាន​ដាក់​ឲ្យ​ស៊ុត​ប៉េណាល់ទី​វគ្គ​សំខាន់​ឡើយ។ រួម​មាន Erling Haaland, Kevin de Bruyne និង Manuel Akanji ដែល​សុទ្ធ​តែ​ប្តូរ​ចេញ កំឡុង​ការ​ថែម​ម៉ោង ពោល​មិន​អាច​លេង​ពេញ ១២០ នាទី។

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ បាន​ពន្យល់​យ៉ាង​ដូច្នោះ​ថា៖ “ពួក​គេ​ទាំង​អស់​នោះ បាន​សុំ​ខ្ញុំ​ប្តូរ​ចេញ ពួក​គេ​ថា​នឹង​មិន​អាច​បន្ត​លេង​ទៀត​ទេ ខ្ញុំ​អត់​មាន​ការ​សោកស្តាយ​អ្វី​នោះ​ទេ អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​វា​រួចរាល់​នោះ ព្រោះ​យើង​តែងតែ​ព្យាយាម​បង្កើត​ឱកាស​ឲ្យ​បាន​ច្រើន ហើយ​របូត​ឱកាស​ឲ្យ​បាន​តិច”។

លោក​បន្ត​ថា៖ “តែ​សោកស្តាយ​នៅ​ទី​បញ្ចប់​យើង​មិន​អាច​ទទួល​បាន​ជ័យជម្នះ ពាក់ព័ន្ធ​នឹង Bernardo [អ្នក​ខកខាន​ការ​ស៊ុត​ប៉េណាល់ទី] គេ​ជា​អ្នក​សុំ​ខ្ញុំ​ស៊ុត ហើយ​ជា​អ្នក​សម្រេច​ខ្លួន​ឯង​ក្នុង​ការ​ស៊ុត​របៀប​នោះ”។ គួរ​ឲ្យ​ដឹង​ថា ឱកាស​កាន់​ពាន ៣/រដូវ​កាល​ទោល​សម្រាប់ City បាន​បាត់បង់​ហើយ នេះ​នៅ​សេសសល់​ត្រឹម ២ ពាន​មាន FA Cup និងPremier League ជា​ក្តីសង្ឃឹម​ចុងក្រោយ​របស់​ពួក​គេ៕

ប្រភព៖ SportBible