Romano បញ្ជាក់​ហើយ Anthony Martial នឹង​ចែក​ផ្លូវ​ពី Man United

អ្នក​រាយការណ៍​ព័ត៌មាន​ទីផ្សារ​ដោះដូរ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​លោក Fabrizio Romano បាន​បញ្ជាក់​ថា Anthony Martial នឹង​ចាកចេញ​ពី Manchester United នៅ​បិទ​បញ្ចប់​រដូវ​កាល​ខាង​មុខ ពោល​ចំ​ពេល​ដែល​សុពលភាព​កុងត្រា​ត្រូវ​ផុត​កំណត់ ដោយ​គ្មាន​ការ​បន្ត​ថ្មី​អ្វី​ទាំង​អស់។

នេះ​មាន​ន័យ ខ្សែ​ប្រយុទ្ធ​បារាំង​នឹង​ត្រូវ​ចាយ​ពេល​ប៉ុន្មាន​ខែ​សេសសល់ ដ្បិត​បើ​គេ​បាន​សម្រាក​អស់​រយៈ​ពេល​យូរ​មក​ហើយ​ដោយ​សារ​បញ្ហា​របួស តាំង​ពី​ដើម​ខែ​ធ្នូ។ វា​ក៏​ជា​ដើមចម​នាំ​ឲ្យ​គេ​ឈាន​ដល់​ការ​ចាកចេញ​ផង​ដែរ បើ​តាម​ការ​ប៉ាន់ស្មាន។

មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​អំពី​ទ្រនំ​ថ្មី​បន្ទាប់​ទៀត​របស់ Martial ខណៈ​កន្លង​មក​ធ្លាប់​មាន​ដំណឹង​ខាង Sevilla ចង់​បាន​គេ​ទៅ​ចូលរួម។ ឥឡូវ​បើ​យក​ក៏​អាច​យក​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ពោល​ទាមទារ​ការ​ចាយ​តែ​លើ​ប្រាក់​ឈ្នួល​មួយ​ប៉ុណ្ណោះ​ឯង។ ការ​ខកខាន​របស់​គេ​កន្លង​មក ពិត​ជា​នឹង​មាន​ការ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​សម្រេច​របស់​អ្នកចាត់ការ​ជម្រើស​បារាំង ត្រៀម​ព្រឹត្តិការណ៍ EURO 2024 ខាង​មុខ។

រំឭក​ដែរ​ថា ប្រយុទ្ធ​ប្រអប់​វ័យ ២៨ ឆ្នាំ​រូប​នេះ គេ​បាន​មក​ចូលរួម​ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford តាំង​រដូវ​ក្តៅ ឆ្នាំ ២០១៥។ សរុប​ការ​ឈរ​ជើង​ជូន​ក្លឹប ៣១៧ ប្រកួត គេ​អាច​រក​បាន ៩០ គ្រាប់​និង Assist ៤៨ លើក ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់​ហូហែរ​គួរសម​តាំង​ពី Europa League, FA Cup, Community Shield និង EFL Cup ជា​ដើម៕

ប្រភព៖ BeSoccer