តុលាការ​ប្រកាស​សម្រេច​ឲ្យ Juventus ត្រូវ​ប្រញាប់​សង​ប្រាក់ឈ្នួល​ដែល​នៅ​ខ្វះ Ronaldo ជា​បន្ទាន់

​ក្លឹប​សេះ​បង្កង់ Juventus ចាំ​បាច់​ត្រូវ​ទាត់​ប្រាក់​ទៅ​កាន់ Cristiano Ronaldo ប្រមាណ ៩,៧ លាន​អឺរ៉ូ ឬ​ជាង ១០,៤ លាន​ដុល្លារ ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​ដែល​នៅ​ជាប់​ជំពាក់​កីឡាករ​កាល​ពី​រដូវ​កាល ២០២០/២១។ នេះ​បើ​តាម​ការ​ប្រកាស​របស់​តុលាការ​នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ។

តាម​ការ​តវ៉ា​របស់ Ronaldo គឺ​ក្លឹប​នៅ​ទីក្រុង​ទូរីន បាន​ជាប់​ជំពាក់​ប្រាក់​ឈ្នួល Ronaldo មួយ​ចំនួន​ធំ​ដូច​តួ​លេខ​ខាង​លើ​បង្ហាញ ដែល​នេះ​គិត​ក្រោយ​កាត់​ពន្ធ​រួចរាល់។ ជា​ការ​ពិត CR7 បាន​ចាយ​ពេល ៣ រដូវ​កាល​នៅ​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី ចន្លោះ​ឆ្នាំ ២០១៨ ដល់ ២០២១ មុន​ជ្រើស​ការ​ផ្ទេរ​ទៅ​ក្លឹប​បិសាច​ក្រហម Man United នៅ​រដូវ​កាល​បន្ទាប់។

យ៉ាង​ណា​យើង​មិន​ច្បាស់​ថា​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Turin នឹង​សម្រេច​បែប​ណា​ទៀត​ទេ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ខាង​លើ ត្រង់​កន្លង​មក​លើ​ទីផ្សារ​ភាគហ៊ុន ក្លឹប​មាន​ការ​ខាតបង់​ប្រាក់​ដល់​ទៅ​ ១២៣,៧ លាន​អឺរ៉ូ នៅ​ហិរញ្ញវត្ថុ​ប្រចាំ​រដូវ​កាល ២០២២/២៣។

ខណៈ​ស្ថានភាព​នៅ​ចំណាត់ថ្នាក់ Serie A សព្វថ្ងៃ​ក៏​មិន​ជា​ល្អ​អី​ពេក​នោះ​ដែរ ដ្បិត​កំពុង​ឈរ​លេខ ៣ មាន ៦៣ ពិន្ទុ ចាញ់​ដាច់​ធៀប​នឹង AC Milan មាន ៦៩ ហើយ Inter Milan មាន ៨៣ ពិន្ទុ ដែល​មាន​ន័យ​សេះ​បង្កង់​អស់​ឱកាស​ប្រជែង​ពាន​រង្វាន់​លីគ​កំពូល​អ៊ីតាលី​បាត់​ទៅ​ហើយ ក៏​ជា​ការ​បាត់បង់​ចំណូល​មួយ​ផ្នែក​ធំ​ផ្សេង​ទៀត៕

ប្រភព៖ BeSoccer