Zidane ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ជិះ​រថយន្ត​តាម​ការ​កំណត់ បើ​ផ្ទេរ​មក Bayern Munich

ថ្មីៗ​កន្លង​ទៅ​នេះ​មាន​ការ​ចុះ​ផ្សាយ​ថា ក្លឹប Bayern Munich ហាក់​កំពុង​ពិចារណា​ចាប់​អារម្មណ៍​ចង់​បាន​គ្រូ​សញ្ជាតិ​បារាំង Zinedine Zidane ដែល​ទំនេរ​ជើង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយ​នោះ។ វា​បន្ទាប់​តែ​លោក Thomas Tuchel ហាក់​ធ្វើ​មិន​សូវ​បាន​ល្អ​នៅ​រយៈ​ពេល​ចុងក្រោយ ជា​ពិសេស​នៅ​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga។

អំពី​ស្ថានភាព​អតីត​គ្រូ Real Madrid បន្តិច ចាប់​តាំង​ការ​ខកខាន​ដឹកនាំ​នៅ​រដូវ​កាល​ចុងក្រោយ​ជាមួយ​ស្តេច​ស ២០២០/២១ ក៏​បន្ត​ទំនេរ​ជើង​មក​ទល់​សព្វថ្ងៃ ហើយ​ធ្លាប់​មាន​ដំណឹង​ល្ហៀងៗ​ទៅ​ដឹកនាំ​ក្លឹប​ពីរ​បី​ផ្សេង​ដែរ តែ​មិន​ឃើញ​កើត​ជា​ការ​ទៅ​ចូលរួម​ផ្លូវការ​ទាល់​តែ​សោះ។ ឥឡូវ​ជាមួយ​ក្លឹប​អាល្លឺម៉ង់​វិញ​ម្តង ថា​មិន​ត្រូវ​អាច​មាន​ភាគរយ​ខ្ពស់​ជាង​សំណាក់​ក្លឹប​ដទៃ​ក៏​ទៅ​រួច។

យ៉ាង​ណា​បើ​ជោគជ័យ​ដូច​ការ​គ្រោង​ទុក អ្នកចាត់ការ​ខាង​លើ​ក៏​ត្រូវ​តែ​ប្រកាន់ខ្ជាប់​ទម្លាប់​អនុវត្ត​ច្បាប់​បាន​ចែង​នៅ​ក្លឹប​ខាង​លើ ដូច​កីឡាករ​ដទៃ​អ៊ីចឹង​ដែរ គឺ​តម្រូវ​ត្រូវ​តែ​ជិះ​រថយន្ត​ Audi ឥត​អាច​ប្រកែក​បាន។ ក៏​ដោយសារ​ក្លឹប​មាន​ភាព​ជា​ដៃ​គូ​សហការ​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ខាង​លើ​រាប់​ឆ្នាំ​មក​ហើយ ពោល Audi នេះ​សោត ក៏​មាន​ភាគហ៊ុន​គ្រប់គ្រង​ក្លឹប ៨,៣៣ ភាគរយ​ផង​ដែរ។

បើ​តាម​ដឹង កីឡាករ​និង​អ្នកចាត់ការ​ទាំង​អស់​របស់ Bayern ​ត្រូវ​បាន Audi ប្រគល់​រថយន្ត​ឲ្យ​ជិះ​ឥត​គិត​ថ្លៃ​ចាប់​តាំង​ឆ្នាំ ២០០២ មក​ម្ល៉េះ ពោល​ជាង ២ ទសវត្ស​មក​ហើយ។ ក្នុង​ចំណោម Audi ក៏​មាន​សិទ្ធ​អាច​ប្រើប្រាស់​រថយន្ត Bentleys, Bugattis និង Porches ផង​ដែរ ព្រោះ​វា​ស្ថិត​ក្រោម​សម្ព័ន្ធ​យក្ស Volkswagan តែ​មួយ៕

ប្រភព៖ SportBible