មិន​មែន​មួយ​តែ A.Madrid ចង់​វៃ​ចេញ​កីឡាករ ២ រូប​ជា​ថ្នូរ​ចាប់​យក Morata ចេញ​ពី Chelsea

ក្លឹប Atletico Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ Alvaro Morata តាម​រយៈ​ការ​លក់​ចេញ​កីឡាករ ២ រូប​របស់​ជា​ថ្នូរ​ប្តូរ​យក​បុរស​សញ្ជាតិ​អេស្ប៉ាញ​ចេញ​ពី​ក្លឹប​តោ​ខៀវ Chelsea។

ក្រុម​របស់​លោក Diego Simeone ចង់​ពង្រឹង​បន្ថែម​នៅ​តំបន់​ប្រយុទ្ធ​តាម​រយៈ​ការ​យក Morata មក​លេង​នា​ពាក់​កណ្តាល​រដូវ​កាល ហើយ​ផ្លាស់​ប្តូរ​កីឡាករ Nikola Kalinic និង Gelson Martins ឲ្យ​ទៅ Chelsea វិញ។ នេះ​បើ​យោង​តាម Goal បាន​ចុះ​ផ្សាយ។

Nikola Kalinic បាន​មក​លេង​ឲ្យ​ Atletico កាល​ពី​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ដោយ​បង្ហាញ​ខ្លួន ៩ លើក​ក្នុង​លីគ​ទើប​បំបែក​បាន​​ ២ គ្រាប់​តែ​ប៉ុណ្ណោះ។ ណា​មួយ​ទៀត​ដោយ​ក្លឹប​កំពុង​ជាប់​ក្នុង​លក្ខខណ្ឌ​កំណត់​នៃ​ការ​ចំណាយ​ថ្លៃ​ពលកម្ម​ហួស​ប្រមាណ​ត្រឹម ២៥៩ លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល បែប​នេះ​ចាំ​បាច់​ត្រូវ​លក់​នរណា​ម្នាក់​ចេញ​សិន​ជា​ចាំ​បាច់។

សម្រាប់​តោខៀវ​មុន​នេះ​ក៏​មាន​ដំណឹង​ល្ហិចល្ហៀង​ថា​ទិញ​បាន Gonzalo Higuain រួច​ទៅ​ហើយ ដោយ​រង់ចាំ​តែ​ការ​ប្រកាស​ដំណឹង​ផ្លូវការ​តែ​ប៉ុណ្ណោះ បែប​នេះ​បើ​ពិត​មែន នោះ Morata ក៏​នឹង​មាន​ភាគរយ​ច្រើន​ត្រូវ​ដើរ​ចេញ​ពី Stamford Bridge នា​ទីផ្សារ​ដោះដូរ​ក្នុង​ខែ​មករា​នេះ​ផង​ដែរ។

ប្រភព:SportBible