PSG ងាកមកចាប់អារម្មណ៍អតីតគ្រូបង្វឹក Real Madrid ជំនួស Tuchel ក្រោយបរាជ័យ French Cup

ក្លឹប Paris Saint-Germain កំពុងតែពិចារណា ចង់បានគ្រូបង្វឹក Rafael Benitez ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម Newcastle United ដើម្បីមកជំនួសលោក Thomas Tuchel។

ក្លឹបយក្សបារាំង បានបរាជ័យក្នុងការប្រកួត Coupe de France វគ្គផ្ដាច់ព្រ័ត្រ ទល់នឹងក្រុម Rennes កាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ Champions League បានធ្វើអោយលោក Tuchel ហាក់រងសំពាធយ៉ាងខ្លាំង។

ហើយបើតាមប្រភព Sunday Mirror បានអោយដឹងថា អតីតគ្រូបង្វឹក Real Madrid លោក Benitez អាចនឹងក្លាយជាអ្នកជំនួស គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់នៅរដូវក្ដៅខាងមុខ។

គួរបញ្ជាក់ថា លោក Benitez បានដឹកនាំក្រុមដែលមានរហស្សនាមថា សារិកាព្រៃឡើងពីលីគលំដាប់ទី២នៅអង់គ្លេស ហើយធានាតំណែងនៅ Premier League សំរាប់រដូវកាលនេះ ប៉ុន្ដែ ដោយសារបញ្ហាទំនាស់រយៈពេលវែងជាមួយនឹងម្ចាស់ក្លឹបលោក Mike Ashley អាចបង្ខំអោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ សំរេចចិត្តចាកចេញក្រោយចប់រដូវកាលនេះ៕

ប្រភព៖ Football Espana