អ្នកចាំទីឆ្នើមរបស់ក្រុម Man City ជឿជាក់ថារូបគេអាចលេងតួរនាទីជាខ្សែបម្រើបាន

អ្នកចាំទីរបស់ក្រុម Manchester City កីឡាករ Ederson ជឿជាក់ថារូបគេអាចមានសមត្ថភាពលេងក្នុងនាមជាខ្សែបំរើម្នាក់បាននៅក្នុងក្របខ័ណ្ឌ Premier League ។

ជាក់ស្តែងអ្នកចាំទីសញ្ជាតិប្រេសីុលរូបនេះត្រូវបានគេកោតសរសើរពីសម្ថភាពរបស់រូបគេដែលបានជួយក្រុមរបស់លោក Pep Guardiola ឈរនៅលើកំពូលតារាង Premier League នាពេលបច្ចុប្បន្ន។

យ៉ាងណាមិញអតីតអ្នកចាំទីរបស់ក្រុម Benfica រូបនេះបាននិយាយថារូបគេមានអារម្មណ៍ថាគេអាចលេងជាខ្សែបម្រើម្នាក់ប្រសិនបើចាំបាច់។

លើសពីនេះ Endeson បាននិយាយទៅកាន់ FourFourTwo ថា “នៅពេលដែលខ្ញុំលេងនៅក្នុងក្រុមយុវជនរបស់ Benfica ពួកគេតែងតែហៅខ្ញុំឱ្យលេងនៅតំបន់កណ្តាលប្រសិនបើមាននរណាម្នាក់អវត្តមាន “។

រូបគេបានបន្តទៀតថា “ដូច្នេះបើសិនជាចាំបាច់ខ្ញុំពិតជាអាចលេងតួរនាទីនេះបាន។ វាមិនងាយស្រួលទេជាពិសេសនៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែខ្ញុំគិតថាខ្ញុំអាចគ្រប់គ្រងការប្រកួតប្រជែងបាន”។

គួរបញ្ជាក់ថា Ederson បានបង្ហាញខ្លួន 25 ប្រកួតក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្លឹប Man City បន្ទាប់ពីរូបនេះបានផ្ទេរពីក្រុម Benfica ក្នុងតម្លៃ 35 លានផោន ៕

ប្រភព: Besoccer