ជម្រើសជាតិកម្ពុជា ទទួលជ័យជំនះសំរាប់ការប្រកួតជើងទី១ វគ្គជម្រុះ World Cup ខណៈឡាវបរាជ័យ ទល់នឹងបង់ក្លាដែស

ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងលទ្ធផល ២-០ សំរាប់ការប្រកួតជើងទី១ វគ្គជម្រុះ World Cup 2022 នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា រកបានគ្រាប់បាល់បើកឆាកអោយក្រុមគោព្រៃកម្ពុជា មុនពេលដែលប្រធានក្រុម គួច សុកុម្ភៈ រកបានគ្រាប់ទី២ នៅចុងម៉ោង ជួយអោយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Keisuke Honda ទទួលបានទំនុកចិត្តសំរាប់ការប្រកួតជើងទី២។

ដោយឡែកក្រុមម៉ុងហ្គោលី បានយកឈ្នះ ប្រ៊ុយណេដោយលទ្ធផល ២-០ ដូចកម្ពុជាយកឈ្នះប៉ាគីស្ថានដែរ ខណៈដែល ម៉ាកាវ យកឈ្នះស្រីលង្ការ ១-០។

ដោយឡែកក្រុមជម្រើសជាតិឡាវ បានបរាជ័យ ១-០ ទល់នឹងបង់ក្លាដែស ហើយ ក្រុមប៊ូតាន យកឈ្នះ ក្រុមជម្រើសជាតិហ្គាម ដោយលទ្ធផល ១-០៕