កីឡាករឆ្នើមមួយរូប របស់ក្រុមព័រទុយហ្គាល់ នឹងអវត្តមាន ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ Nations League

ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League ទល់នឹងក្រុមហូឡង់ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដោយមិនមានវត្តមានរបស់​ខ្សែការពារឆ្នើម Pepe។

កីឡាកររបស់ក្រុម Porto រូបនេះ មានបញ្ហារបួសស្មារ ក្នុងការប្រកួតដែល Cristiano Ronaldo រកបានហេតទ្រីគជ័យជំនះ ៣-១ ទល់នឹងក្រុមស្វីស កាលពីថ្ងៃពុធកន្លងទៅ។

ខ្សែការពារវ័យ ៣៦ឆ្នាំរូបនេះ បានទទួលរងនៅគ្រោះថ្នាក់ បន្ទាប់ពីរូបគេមានការប៉ះទង្គិច កំឡុងការប្រកួត ក្រោយលេងបានជាង ៦០នាទី។

ហើយខ្សែការពារ Jose Fonte របស់ក្រុម Lille បានជំនួស Pepe នៅក្នុងការប្រកួតនារាត្រីនោះ ហើយរំពឹងថា រូបគេអាចទទួលបានតំណែងនៅក្នុងជម្រើសដំបូងសំរាប់វគ្គផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Be Soccer