ព្រោះមនុស្សចិត្តខ្មៅ Jorginho ធ្លាប់បានតែ២២ដុល្លារប៉ុណ្ណោះ ក្នុងមួយអាទិត្យ ពីការលេងបាល់

ខ្សែបម្រើ Jorginho របស់ក្លឹប Chelsea បានទំលាយថារូបគេទទួលបានប្រាក់ពលកម្មតែ ២០អឺរ៉ូ (២២.៥ដុល្លារ)ប៉ុណ្ណោះក្នុងមួយសប្ដាហ៍ កាលលេងនៅឈុតយុវជន សំរាប់ក្លឹបនៅអ៊ីតាលី ដោយសារការកេងប្រវ័ញ្ចពីភ្នាក់ងាររបស់ខ្លួន។

កីឡាកររបស់ក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ បានចាប់កំណើត និង រស់នៅប្រេស៊ីល ហើយបានចាកចេញមករស់នៅអឺរ៉ុប ក្នុងវ័យ១៥ឆ្នាំ ដោយភ្នាក់ងារមួយរូបបានបញ្ចូនគេអោយចូលលេងសំរាប់ក្លឹប Verona ប៉ុន្ដែទទួលបានថ្លៃពលកម្មតែ ២០អឺរ៉ូប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍ អស់ពេលប្រមាណ១៨ខែ។

Jorginho បានថ្លែងប្រាប់ វេបសាយផ្លូវការរបស់ Chelsea ថា៖ “ខ្ញុំបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតមួយនៅប្រេស៊ីល ហើយភ្នាក់ងាររូបនោះ បានឃ្លាំមើលខ្ញុំ។ គាត់បាននាំខ្ញុំ និង កីឡាករដទៃទៀតទៅសាលាបាល់ទាត់ ដែលមានចំងាយប្រមាណ ២០០គីឡូម៉ែត្រពីផ្ទះដែលខ្ញុំរស់នៅ នាពេលនោះ។ ខ្ញុំចំណាយពេល២ឆ្នាំនៅទីនោះ។

“គោលបំណងរបស់គាត់គឺចាំសង្គេតមើលកីឡាករ ហើយអ្នកណាដែលគាត់គិតថាលេងល្អគ្រប់គ្រាន់ គាត់នឹងបញ្ចូនទៅអ៊ីតាលី។ នេះជាអ្វីដែលគាត់ធ្វើដាក់ខ្ញុំ កាលពីខ្ញុំនៅអាយុ១៥ឆ្នាំ។ គាត់បានបញ្ជូនខ្ញុំទៅក្លឹប Verona សំរាប់ឈុតយុវជនរបស់ពួកគេ ហើយក្រោយមកក្លឹបក៏ទទួលយកខ្ញុំ។

“ពេលនោះខ្ញុំបានលេងនៅក្នងលីគ Berretti ខ្ញុំបានជួបនឹងមិត្តដែលមកពីប្រេស៊ីលឈ្មោះ Rafael ដែលលេងតំណែងអ្នកចាំទី។ ខ្ញុំមានភាពស្និទ្ធស្នាលជាមួយគេ។ គេបានសួរខ្ញុំអ្វីដែលខ្ញុំបានធ្វើ ហើយបានមកទីនោះយូរប៉ុណ្ណាហើយ ខ្ញុំបានប្រាប់គេថា ខ្ញុំរស់នៅជាមួយនឹងប្រាក់ពលកម្ម ២០អឺរ៉ូ ក្នុងមួយសប្ដាហ៍។

“គេបាននិយាយថា «ចាំមួយភ្លែត មានបញ្ហាមិនប្រក្រតីកើតឡើងជុំវិញរឿងនេះ» គេបានធ្វើការស៊ើបសួរ ហើយរកឃើញភស្ដុតាងបញ្ជាក់ថា ភ្នាក់ងាររបស់ខ្ញុំបានកេងប្រវ័ញ្ចលុយ ហើយខ្ញុំមិនដឹងអ្វីទាល់តែសោះ។

“ដល់ត្រឹមចំនុចនោះ ខ្ញុំចង់បោះបង់អាជីពនេះចោល។ ខ្ញុំពិតជាមានការខកចិត្តខ្លាំង។ ខ្ញុំមានអារម្មណ៍ធុញថប់។ ខ្ញុំបានហៅទូរសព្ទទៅម្ដាយរបស់ខ្ញុំនៅឯផ្ទះ លាយឡំនឹងទឹកភ្នែក ខ្ញុំចង់ត្រលប់ទៅផ្ទះវិញ ហើយមិនចង់លេងបាល់តទៅទៀតទេ។

“ប៉ុន្ដែម្ដាយខ្ញុំនិយាយថា «កុំខ្វល់ពីរឿងនេះទៀត។ កូនកៀកនឹងជោគជ័យហើយ កូនបានចំណាយពេលនៅទីនោះប៉ុន្មានឆ្នាំហើយ កុំត្រលប់មកផ្ទះវិញអី។ កូនត្រូវតែបន្ដស្នាក់នៅ ហើយតស៊ូនៅទីនោះ» ហើយខ្ញុំក៏បន្ដស្នាក់នៅ។”

ទីបំផុត Jorginho ទទួលបានឱកាស លេងក្នងជម្រើស១១នាក់ដំបូងសំរាប់ Verona ក្នុងឆ្នាំ ២០១១ ដោយចំណាយពេល៣រដូវកាលបន្ថែមទៀត នៅទីនោះ មុនពេលចាកចេញទៅចូលរួមនៅ Napoli នៅខែមករា ២០១៤។

ហើយរូបគេបានក្លាយជាកូនក្រុមសំណព្វចិត្តរបស់លោក Maurizio Sarri ដែលបានទិញយករូបគេពីអ៊ីតាលី មកចូលរួមនៅ Chelsea ក្នុងតំលៃ ៥៧លានផោន ជាមួយនឹងកុងត្រា៥ឆ្នាំ៕

ប្រភព៖ Daily Mail