អស់​ពី Bale ចូល​ដល់​កីឡាករ Real មួយ​រូប​ទៀត ស្នើ​ក្លឹប​​កុំ​ឲ្យ​លក់​ខ្លួន​ចេញ

Dani Ceballos គឺ​ជា​កីឡាករ​មួយ​រូប​ផ្សេង​ទៀត​បន្ទាប់​ពី Gareth Bale ​ដែល​បង្ហាញ​អារម្មណ៍​ស្រលាញ់​ក្លឹប Real Madrid និង​មិន​ចង់​ឈាន​ដល់​ការ​ចាកចេញ​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ​ឡើយ។

ខ្សែ​បម្រើ​ដែល​កំពុង​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ U21 ​នឹង​មិន​ស្ថិត​ក្នុង​ផែនការណ៍​របស់ Zidane ​នា​រដូវ​កាល​បន្ទាប់ ពោល​គឺ​មាន​ភាគរយ​ខ្ពស់​អាច​ត្រូវ​ក្លឹប​វ៉ៃ​ចេញ​ទៅ​កាន់​ក្លឹប​ដទៃ​ណា​មួយ។

បញ្ជាក់​ប្រាប់ Onda Cero ​កីឡាករ Ceballos ​ប្រាប់​ថា៖ “ខ្ញុំ​មិន​ចង់​ឲ្យ​កលឹប​លក់​ចេញ​ខ្ញុំ​ចេញ​នោះ​ទេ ដោយ​ខ្ញុំ​ចង់​រីករាយ​និង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​សំខាន់ មិន​ថា​នៅ​ទីណា​ក៏​ដោយ ខណៈ​ខ្ញុំ​ក៏​មាន​បទពិសោធន៍​ខ្លះ ហើយ​ជឿជាក់​ថា​ឆ្នាំ​ក្រោយ​នឹង​ជា​ឆ្នាំ​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ”។

រំឭក​ថា​ Ceballos ក៏​កំពុង​បម្រើ​ជម្រើស​ជាតិ​អេស្ប៉ាញ​នៅ​ពាន​រង្វាន់ Euro ​អាយុ​ក្រោម​ ២១ ឆ្នាំ ដោយ​អេស្ប៉ាញ​បាន​ឡើង​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជួប​ជម្រើស​ជាតិ​អាល្លឺម៉ង់ ហើយ​ប្រសិន​ណា​គោជល់​អេស្ប៉ាញ​អាច​លើក​ពាន​ នោះ​អនាគត​របស់​ខ្សែ​បម្រើ​រូប​នេះ​ក៏​ទំនង​ជា​មាន​ភាព​ជ្រះស្រលះ​ប្រសើរ​ជាង​មុន​ក៏​ថា​បាន។

ប្រភព៖ Marca