ទោះមានក្លឹបហ៊ានអោយតំលៃថ្លៃ តែ Pep ចង់អោយតារាឆ្នើមម្នាក់ បន្ដរួមរស់ជាមួយក្រុមលោកដឹកនាំ

លោក Pep Guardiola បានធ្វើការបញ្ចុះបញ្ចូល ខ្សែបម្រើឆ្នើម Leroy Sane អោយបន្ដស្នាក់នៅ Manchester City បើទោះបីជាកីឡាករវ័យក្មេងរូបនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ Bayern Munich ក្ដី ដោយសន្យាថាក្លឹបអង់គ្លេសមួយនេះ នឹងជួយអោយរូបគេ កាន់តែបង្កើនសក្ដានុពលនាពេលអនាគត។

មានចចាមអារ៉ាមជាច្រើនបានលើកឡើងថា Sane ខិតកាន់តែកៀកក្នុងការផ្ទេរទៅកាន់លីគកំពូលអាល្លឺម៉ង់ នៅកំឡុងពេលដោះដូររដូវក្ដៅនេះ ជាមួយនឹងការចាប់អារម្មណ៍ពី Bayen ប៉ុន្ដែលោក Pep បានទទូចអោយរូបគេបន្ដស្នាក់នៅ។

អ្នកចាត់ការដែលជួយអោយ Man City ឈ្នះពាន Premier League ២ឆ្នាំជាប់គ្នា បាននិយាយថា៖ “ខ្ញុំបាននិយាយជាច្រើនសារមកហើយ ថាយើងចង់អោយកីឡាករមានក្ដីរីករាយនៅទីនេះ ហើយយើងចង់ជួយ Leroy អោយកាន់តែមានសក្ដានុពលបន្ថែមទៀត។ គេជាកីឡាករឆ្នើម ជាមួយនឹងគុណភាពដ៏អស្ចារ្យ។”

គួររំលឹកថា Sane រកគ្រាប់បាល់បាន ១៦គ្រាប់ អោយក្រុមមេឃខៀវ បើគិតរាល់ការប្រកួតពានរង្វាន់ទាំងអស់ សំរាប់រដូវកាលកន្លងទៅ ដែលជាផ្នែកមួយធ្វើអោយ City ឈ្នះពានក្នុងស្រុកទាំង៣ ក្នុងមួយរដូវកាល៕

ប្រភព៖ Be Soccer