ក្តៅ! Neymar រកបានទ្រនំថ្មី នឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ជាមួយអាវលេខ “២៣”

រឿងរ៉ាវ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី បន្ទាប់​ពី​សារព័ត៌មាន Diario Gol ​បាន​រាយការណ៍​យ៉ាង​ជឿជាក់​ជុំវិញ​ការ​ត្រៀម​ប្រកាស​វត្តមាន​ចំណូល​ថ្មី Neymar Jr នៅ​ឯ​កីឡដ្ឋាន Santiago Bernabeu របស់​ក្លឹប Real Madrid។

លោក Florentino Perez ដែល​តាម​ប្រមាញ់ Neymar អស់​រយៈ​ពេល​យូរ​មក​ហើយ​នោះ ត្រូវ​បាន​ប្រភព​ខាង​លើ​ថា​បាន​ផ្តល់​ជូន​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ប្រាក់​ពលកម្ម​ប្រមាណ ៣៥ លាន​អឺរ៉ូ/រដូវ​កាល​សម្រាប់​កីឡាករ​ប្រេស៊ីល។

តារា​ឆ្នើម​ធ្លាប់​លេង​នៅ​ FC Barcelona រូប​នេះ ក៏​នឹង​គ្រង​អាវ​លេខ ២៣ របស់​ក្លឹប ពោល​គឺ​មិន​ទាន់​អាច​ទទួល​បាន​អាវ​លេខ ១០ ដែល​ខ្លួន​ចង់​បាន​ឡើយ។ យ៉ាងណាមិញ​ប្រសិន​ការ​បង្ហាញ​ទម្រង់​លេង​ល្អ គួប​ផ្សំ​រូប​គេ​មាន​ប្រជាប្រិយភាព​ស្រាប់​ផង​នោះ ក៏​ប្រហែល​ជា​ស្តេច​ស​មិន​ខ្លាច​ដក​អាវ​លេខ ១០ ចេញ​ពី Modric មក​ប្រគល់​ជូន​ជើង​ថ្មី​របស់​ខ្លួន​ផង​ដែរ។

បញ្ជាក់​ថា​ជា​ញឹកញយ​មាន​របាយការណ៍​ចុះ​ផ្សាយ​បន្ត​កន្ទុយ​គ្នា​ថា​មាន​តែ​ Neymar ម្នាក់​គត់ ដែល​អាច​ជំនួស​ស្រមោល​នៃ​ការ​ចាកចេញ​របស់ Cristiano Ronaldo និង​ជា​ចំណែក​អាច​ជួយ​ឲ្យ​ស្តេច​ស​ត្រលប់​មក​ស្ថានភាព​ល្អ​ប្រសើរ​ដូច​ដើម​វិញ។ ប្រភព៖ FoxSportAsia