“CR7 ជាកីឡាករល្អដាច់គេ តែកីឡាករដែលខ្ញុំចូលចិត្តបំផុតគឺម្នាក់នេះ” – អតីតកូនបិសាច Januzaj

បច្ចុប្បន្នក្លឹបបិសាចក្រហម Manchester United កំពុងតែក្លាយជាប្រធានបទដ៏ទាក់ទាញមួយក្នុងពិភពកីឡាបាល់ទាត់ ដោយសារតែមួយរយៈចុងក្រោយបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ពោលគឺ ១១ ប្រកួតចុងក្រោយមិនដែលចាញ់ទាល់តែសោះ។ ដោយឡែកថ្មីៗនេះអតីតកូនបិសាច Adnan Januzaj ក៏បានប្រាប់ពីចំណាប់អារម្មណ៍ទាក់ទងនឹងក្រុមចាស់របស់ខ្លួនផងដែរ។

Adnan Januzaj
Adnan Januzaj

ខ្សែប្រយុទ្ធស្លាបស្ដាំបានប្រាប់ទៅកាន់កាសែតអេស៉្បាញ AS ថា៖ “Manchester United គឺជាក្រុមទី ២ សម្រាប់ខ្ញុំបន្ទាប់ពី Real Sociedad”។ គេក៏បានបន្ថែមថា៖ “កីឡាករដែលល្អបំផុតសម្រាប់ខ្ញុំគឺ​ Cristiano Ronaldo ចំណែកកីឡាករដែលខ្ញុំពេញចិត្តជាងគេគឺ Paul Pogba ព្រោះខ្ញុំនិងគាត់ធ្លាប់លេងបាល់ជាមួយគ្នា”។

Adnan Januzaj ជាមួយ​ Pogba

គួរបញ្ជាក់ដែរថា កីឡាករវ័យ ២៥ ឆ្នាំបានចំណាយពេល ១​ ឆ្នាំនៅក្រុមថ្នាលយុវជនរបស់ Man Utd ជាមួយ Pogba ផងដែរ មុននឹងចាកចេញទៅក្លឹប Real Sociedad កាលពីឆ្នាំ ២០១៧។ អំឡុងពេលដែលនៅជាមួយនឹងក្លឹបថ្មី រូបគេក៏ធ្លាប់បានជួយឲ្យក្រុមបានឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ Copa del Rey ទៀតផង៕

ប្រភព: AF  

អានអត្ថបទបន្ទាប់៖ “មានតែអ្នកគាំទ្រ Liverpool ក្លែងក្លាយទេដែលចង់ឲ្យរំសាយការប្រកួតរដូវកាលនេះ”- Lineker

ព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅតំបន់អឺរ៉ុបត្រូវបានលើកថ្ងៃ ឬរំសាយចោលដោយសារតែបញ្ហាវីរុសកូរ៉ូណា ដែលក្នុងនោះផងដែរគ្រប់ការប្រកួតទាំងអស់នៅអង់គ្លេសត្រូវបានពន្យារពេលយ៉ាងតិចរហូតដល់ថ្ងៃ ៣០ មេសា។

Liverpool 

ការពន្យាពេលនេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលត្រូវបានអ្នកគាំទ្រលើកមកជជែកគ្នាអំពីជោគវាសនារបស់ក្រុមដែលកំពុងតែត្រៀមខ្លួនលើកពានរង្វាន់នៅក្របខ័ណ្ឌដែលមិនទាន់បញ្ចប់នៅរដូវកាលនេះ តួយ៉ាងដូចជា Liverpool ជាដើម។

Liverpool

បច្ចុប្បន្ន Liverpool កំពុងតែឈរនៅកំពូលតារាង Premier League ដែលមាន ៨២ ពិន្ទុក្នុងដៃ។​ តែយ៉ាងណាមិញ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា ការប្រកួតគ្រប់ក្របខ័ណ្ឌអាចនឹងត្រូវបានរំសាយក្នុងរដូវកាលនេះ។ លោក Lineker ក៏បានបញ្ចេញជាមតិយោបល់ជុំវិញបញ្ហានេះផងដែរ។

Lineker

“ពួកយើងអាចនឹងបានលេងបានឡើងវិញនៅអំឡុងខែមិថុនា នៅពេលដែលស្ថានការណ៍មានការប្រសើរឡើង”។ នេះបើតាមសម្ដីដែលលោកបានប្រាប់ទៅកាន់គេហទំព័រ talkSPORT។

លោកបន្តទៀតថា៖ “បើទោះបីជាការប្រកួតត្រូវធ្វើឡើងដោយគ្មានអ្នកទស្សនាក៏ដោយ ក៏យើងត្រូវតែបញ្ចប់រដូវកាលឲ្យបាន។ នេះគឺជាអ្វីដែលអ្នកគ្រប់គ្នាចង់បាន ខ្ញុំគិតថានេះគឺជារឿងដែលត្រឹមត្រូវបំផុតហើយ។ មានតែអ្នកគាំទ្រក្លែងក្លាយទេដែលមិនចង់ឃើញ​ Liverpool លើកពានរង្វាន់​ EPL ព្រោះពួកគេចង់ឃើញការរង់ចាំ ៣០​ ឆ្នាំរបស់ Liverpool គឺជាការរង់ចាំដែលគ្មានន័យ”៕

ប្រភព: AF