Ronaldo ឆ្លើយតបបែបម៉េចពេលដែល Dybala និយាយថាមានគេស្អប់នៅអាហ្សង់ទីន?

Paulo Dybala បាននិយាយនៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍អាហ្សង់ទីន ទៅលើរឿងរ៉ាវសំខាន់ៗជាច្រើន ដែលនៅក្នុងចំណោមនោះ រូបគេក៏បាននិយាយពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹង មិត្ដរួមក្រុម Cristiano Ronaldo នៅ Juventus។

Cristiano Ronaldo

ខ្សែប្រយុទ្ធព័រទុយហ្គាល់ Ronaldo បានផ្លាស់ទៅចូលរួមជាមួយ Juventus កាលពីរដូវក្ដៅឆ្នាំ ២០១៨ ហើយរូបគេបានជួយឲ្យក្រុមសេះបង្កង់ ឈ្នះពាន Serie A នៅរដូវកាលមុន ហើយបច្ចុប្បន្នក្រុមការពារជើងឯកលីគកំពូលអ៊ីតាលី ក៏ឈរនៅកំពូលតារាងផងដែរ។

Cristiano Ronaldo & Paulo Dybala

Dybala ត្រូវបានបានគេចាត់ទុកថាជាកីឡាករម្នាក់ដែលមានសំណាង ដោយអាចលេងរួមក្រុមជាមួយនឹង Lionel Messi នៅជម្រើសជាតិអាហ្សង់ទីន ហើយនឹង Ronaldo នៅក្លឹបសេះបង្កង់។

Cristiano Ronaldo

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បាននិយាយពីទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងម្ចាស់ពាន Ballon d’Or ៥សម័យ ថា៖ “នៅក្នុងការកត់ចំណាំផ្ទាល់ខ្លួន គាត់គឺធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងរីករាយ។ នៅពេលដែលគាត់បានមកដល់ Juventus មានការរំពឹងទុកជាច្រើន ព្រោះនៅក្នុងការប្រកួត Champions League យើងត្រូវបានទំលាក់ដោយ Real Madrid ហើយមានជំលោះជាច្រើនបានកើតឡើង កំឡុងការប្រកួត សូម្បីតែជាមួយគាត់។”

Cristiano Ronaldo

Dybala បានបន្ដថា៖ “ក្នុងភាពជាបុគ្គល គាត់ជាមនុស្សដ៏ល្អម្នាក់ មានភាពរួសរាយរាក់ទាក់ ទាំងក្នុង និង ក្រៅទីលាន គាត់តែងតែរីករាយ ក្នុងការនិយាយ និង ការស្ដាប់ផងដែរ ដែលជាអ្វីធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ព្រោះពេលអ្នកខ្លះ ក្លាយជាកីឡាករសំខាន់ គេមិនធ្វើបែបនេះទេ។”

Cristiano Ronaldo

សម្រាប់រឿងដែលគួរឲ្យងឿងឆ្ងល់មួយទៀតនោះ ខ្សែប្រយុទ្ធអាហ្សង់ទីនបានទំលាយថា៖ “នៅពេលដែលយើងកំពុងធ្វើដំណើរ ខ្ញុំបានអង្គុយក្បែរគាត់ ហើយខ្ញុំបាននិយាយទៅគាត់ថានៅ អាហ្សង់ទីនយើងស្អប់គាត់ បន្ដិច ព្រោះតែរាងរៅ និង រៀបដើររបស់គាត់។ គាត់បានសើច ហើយប្រាប់ខ្ញុំវិញថា គាត់ស៊ាំនឹងការរិះគន់ព្រោះរឿងទាំងនេះ ប៉ុន្ដែគាត់គឺបែបនេះ។”

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ Cristiano Ronaldo ជាហេតុផលមួយដែល កីឡាករឆ្នើមបារាំងម្នាក់ចង់ផ្ទេរមក Juventus ជាង Real Madrid – Sagna

បើតាមការយល់ឃើញរបស់អតីតកីឡាករបារាំង Bacary Sagna បានលើកឡើងថា មិត្តរួមជាតិ Paul Pogba ទំនងជាមានបំណងចូលរួមជាមួយ Juventus ជាង Real Madrid ប្រសិនបើរូបគេ ចាកចេញពី Manchester United នៅចុងរដូវកាលនេះ។

Paul Pogba & Cristiano Ronaldo

Sagna ដែលជាអតីតខ្សែការពារ របស់ក្រុមអង់គ្លេស Arsenal និង Manchester City ធ្លាប់លេងរួមក្រុមជាមួយ Pogba នៅជម្រើសជាតិបារាំង ចន្លោះឆ្នាំ ២០១៣ ដល់ ២០១៦។

Paul Pogba

មានមតិជាច្រើនបានលើកឡើងថា ខ្សែបម្រើរបស់ក្លឹបបិសាចក្រហមរូបនេះ មានការគិតប៉ងជាច្រើនខែមកហើយ ជាមួយនឹងភ្នាក់ងាររបស់ខ្លួនគឺលោក Mino Raiola ដែលបានលើកឡើងកាលពីឆ្នាំមុនថា រូបគេចង់ចាកចេញពីទឹកដី Old Trafford។

Bacary Sagna & Paul Pogba

នៅក្នុងបទសម្ភាសន៍របស់វេបសាយ Goal.com អតីតខ្សែការពារបារាំង Sagna បានអះអាងថា មិត្ដរួមជាតិរបស់ខ្លួន អាចនឹងផ្លាស់ទៅលេងនៅក្លឹបអ៊ីតាលី Juventus ជាជាងចូលរួមជាមួយនឹង Real Madrid នៅអេស្ប៉ាញ។

បុរសវ័យ៣៧ឆ្នាំរូបនេះ បាននិយាយថា៖ “ខ្ញុំអាចមើលឃើញថា Paul អាចត្រលប់ទៅកាន់ Juventus វិញ ព្រោះតែ Cristiano Ronaldo នោះទីនោះ ហើយក៏ព្រោះតែក្លឹបមួយនេះ បានធ្វើឲ្យរូបគេមានភាពលេចធ្លោ។ គេស្រលាញ់ក្លឹបនេះណាស់ គេស្គាល់ច្បាស់ពីវា។”

ប្រភព៖ Goal