តារា​សម្ដែង​ ឈិន ឡុង ប្រាប់​ត្រង់ៗ​ថា​ចូលចិត្ត​កីឡាករ​បាល់ទាត់ ២ រូប​នេះ

ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់​ច្បាស់​រួច​មក​ហើយ​នូវ​ឈ្មោះ​តារា​សម្តែង​ ឈិន ឡុង ឬ​មាន​ឈ្មោះ​ផ្លូវការ​ហៅ​ថា Jackie Chan ដែល​លោក​ជា​សិល្បករ​ក្បាច់គុន​ហុងកុង តួសម្តែង ផលិតករ​ភាពយន្ត និង​ជា​អ្នក​ចម្រៀង។

បុរស​វ័យ ៦៦ ឆ្នាំ​រូប​នេះ ចាប់​ផ្តើម​ប្រលូក​ក្នុង​វិស័យ​ភាពយន្ត​តាំង​ពី​អំឡុង​ឆ្នាំ ១៩៦០ ​ហើយ​បាន​ចូលរួម​សម្ដែង​ច្រើន​ជាង ១៥០ ភាពយន្ត​រួច​មក​ហើយ។

បុរស​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤០០ លាន​ដុល្លារ​រូប​នេះ លោក​ក៏​ជា​អ្នក​គាំទ្រ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​មួយ​រូប​ផង​ដែរ ដោយ​តាម​រយៈ​បទសម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ​ ២០១៣ ជាមួយ​នឹង​ក្រុម​ការងារ FootballOverloadTV ​លោក​បាន​ឆ្លើយ​ពាក់ព័ន្ធ​នឹង​សំណួរ​ចាក់ដោត ៣ រួម​មាន​ដូច​ខាង​ក្រោម៖

ក្លឹប​បាល់ទាត់​ណា​ដែល​លោក​ស្រលាញ់​បំផុត?

រូបភាព៖ Twitter

ឆ្លើយ​ប្រាប់​ទាំង​មិន​លាក់លៀម លោក Jackie Chan និយាយ​ថា៖ “សម្រាប់​ក្លឹប​បាល់ទាត់​គឺ​ក្លឹប Manchester”។ ត្រង់​ចម្លើយ​នេះ​លោក​ហាក់​មាន​ភាព​ស្ទាក់ស្ទើរ ដោយ​មិន​បញ្ជាក់​ច្បាស់​ថា​ជា Manchester City ឬ Manchester United នោះ​ទេ ​តែ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ Jackie Chan ធ្លាប់​លេច​មុខ​ជាមួយ​ក្លឹប Manchester City កាល​ពី​ឆ្នាំ ២០១២ អំឡុង​ពេល​ក្រុម​មេឃ​ខៀវ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន។

កីឡាករ​រូប​ណា​ខ្លះ​ដែល​លោក​ស្រលាញ់​បំផុត?

Ronaldo/Beckham

សំណួរ​មួយ​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​កីឡាករ​ដែល​លោក​ស្រលាញ់ តារា​សម្តែង ឈិន ឡុង បាន​និយាយ​ទាំង​មិន​ស្ទាក់ស្ទើរ ដល់​ឈ្មោះ​អតីត​ម្ចាស់​អាវ​លេខ ៧ នៅ Man Utd ​ទាំង​ពីរ​រូប នោះ​គឺ Cristiano Ronaldo និង David Beckham។

គិត​ថា​ក្រុម​ជម្រើស​ជាតិ​មួយ​ណា​ដែល​នឹង​ឈ្នះ World Cup ឆ្នាំ ២០១៤? (សំណួរ​ដែល​សួរ​នៅ​ឆ្នាំ ២០១៣)

World Cup 2014

លោក​បាន​ឆ្លើយ​ថា៖ “ខ្ញុំ​គិត​ថា​អាច​ជា​ប្រេស៊ីល ហូលង់ ឬ​អាល្លឺម៉ង់​ដែល​នឹង​ឈ្នះ World Cup ឆ្នាំ​បន្ទាប់”។

ផ្សា​ភ្ជាប់​នឹង​លទ្ធផល​ដែល​ ឈិន ឡុង​បាន​ទស្សន៍ទាយ ក្នុង​ចំណោម ៣ ប្រទេស​ខាង​លើ ក៏​មាន​ត្រូវ​មួយ ដោយ​នោះ​គឺ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែល​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៤ នា​វគ្គ​ផ្តាច់ព្រ័ត្រ អាល្លឺម៉ង់​បាន​យក​ឈ្នះ​អាហ្សង់ទីន ១-០៕

ប្រភព៖ FootballOverloadTV