Spurs ចាប់​អារម្មណ៍​ខ្សែ​ការពារ​ក្រៅ​ជម្រើស​របស់ Inter តែ​តម្លៃ​កល់​ដល់ ៦០ លាន​អឺរ៉ូ

ក្លឹប Tottenham Hotspur បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​ការពារ​របស់​ក្លឹប​ Inter Milan នោះ​គឺ​កីឡាករ Milan Skriniar ​ប៉ុន្តែ​តម្លៃ​របស់​គេ​ក៏​រាង​កល់​ខ្ពស់​ដល់​ទៅ ៦០ លាន​អឺរ៉ូ​ឯ​ណោះ។

Milan Skriniar

Skriniar ជា​កីឡាករ​ដែល​កំពុង​មាន​ឈ្មោះ​លើ​ទីផ្សារ​ដោះដូរ បន្ទាប់​ពី​បាន​ធ្លាក់​ឈ្មោះ​ចេញ​ពី​ផែនការណ៍​ដឹកនាំ​របស់​លោក Antonio Conte ដែល​លោក​ទម្លាប់​រៀប​ចំ​ប្រព័ន្ធ​លេង​ការពារ​ក្រោយ ៣ រូប ពិបាក​ក្នុង​ការ​ដាក់​កីឡាករ​ស្លូវ៉ាគី​ឲ្យ​ចូល​លេង។

ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​អ្នក​សារព័ត៌មាន Fabrizio Romano របស់ Sky Sport Italia ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្លឹប​ទាំង​ពីរ​បាន​ចរចា​គ្នា​ហើយ តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូងៗ​នៅ​ឡើយ។ ក្លឹប Inter ទាមទារ​តម្លៃ​កីឡាករ​វ័យ ២៥ ឆ្នាំ​ប្រមាណ ៦០ លាន​អឺរ៉ូ ហើយ​ក្លឹប​ចង់​បាន​តែ​លុយ​សុទ្ធ​មិន​ព្រម​លើ​សំណើ​ដោះដូរ​កីឡាករ​ថែម​លុយ​អ្វី​នោះ​ឡើយ។

Milan Skriniar

គួរ​បញ្ជាក់​ថា Skriniar ត្រូវ​បាន​ក្លឹប Inter យក​ចេញ​ពី Sampdoria នៅ​តម្លៃ​ខ្លួន ៣៤ លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ ២០១៧ ក្នុង​តម្លៃ​ខ្លួន ៣៤ លាន​អឺរ៉ូ៕ ប្រភព៖ Football-Italia

អានអត្ថបទបន្ទាប់៖ ដឹង​មូលហេតុ​ដែល​ប្រកួត​នៅ EFL រវាង Tottenham និង Leyton ត្រូវ​ផ្អាក​ភ្លាមៗ​យប់មិញ​ហើយ

មុន​រយៈ​ពេល ២ ម៉ោង​ឈាន​ដល់​ការ​ប្រកួត ក្លឹប Tottenham Hotspur បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​ការ​ប្រកួត​ទល់ Leyton Orient នៅ​ជំនួប​ជុំ​ទី​ ៣ ពាន Carabao Cup (EFL Cup) មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន​នោះ​ទេ។

Tottenham
Leyton Orient

ត្បិត​បើ​មិន​បញ្ជាក់​មូលហេតុ​ច្បាស់ការ តែ​តាម​ដឹង​នោះ​គឺ​ដោយសារ​បណ្ដា​កីឡាករ​និង​បុគ្គលិក​របស់​ក្លឹប​ស្ថិត​នៅ​លីគ​លំដាប់​ទី​ពីរ ដែល​ត្រូវ​តតាំង​ទល់ Spurs មាន​ឆ្លង​វីរុស​កូវីដ១៩ ច្រើន​ពេក ពោល​មាន​ដល់ ១៨ នាក់​ឯ​ណោះ ហើយបច្ចុប្បន្នកីឡដ្ឋាននិងក្លឹបបានបិទទ្វារបណ្តោះអាសន្ន ទើប​រុញ​ឲ្យ​ការ​ប្រកួត​ត្រូវ​ប្រកាស​ផ្អាក​ភ្លាមៗ​បែប​នេះ។

ពាន Carabao Cup

បញ្ជាក់​ថា ការ​ពិនិត្យ​ធ្វើ​តេស្ត​សុខភាព​កីឡាករ​នៅ​ League Two មិន​ធ្វើ​ទៅ​បាន​ញឹកញាប់​ដល់​ទៅ ២ ដង​ក្នុង​មួយ​សប្តាហ៍​ដូច​នៅ Premier League នោះ​ឡើយ ដោយ​ពួក​គេ​ទើប​ឆ្លង​កាត់​ការ​តេស្ត​បាន​ម្តង​គត់ ពោល​មុន​ត្រៀម​បើក​រដូវ​កាល ២០២០/២១។

កីឡដ្ឋានរបស់ Leyton Orient

ចំពោះ​លទ្ធផល​សម្រេច​ថា Leyton Orient នឹង​ត្រូវ​ប្រកាស​ឲ្យ​ចាញ់ Spurs ​ដោយ​ស្វ័យប្រវត្តិ ឬ​ត្រូវ​ពន្យារ​ពេល​បែប​ណា​នោះ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់ការ​នៅ​ឡើយ៕

ប្រភព៖ Metro