Real និង Barca បានជួបស្ថានភាព ខុសគ្នាដាច់ស្រលះ សំរាប់ការចាប់ផ្ដើមរដូវកាលនេះ ប្រៀបធៀបជាមួយរដូវកាលមុន

កាលពីខែសីហា ឆ្នាំ២០១៧ ក្រុម Real Madrid បានសាងភាពលេចធ្លោរបស់ខ្លួន សំរាប់បាល់ទាត់អេស្ប៉ាញ ប៉ុន្ដែមួយរដូវកាលក្រោយមក Barcelona ជាអ្នកគ្រប់គ្រងវិញម្ដង។

កាលពីឆ្នាំមុន ខ្សែប្រយុទ្ធ Neymar បានសំរេចចិត្តចាកចេញពីក្លឹប កាតាឡាន់ជាមួយនឹងការភ្ញាក់ផ្អើល ទៅចូលរួមជាមួយ Paris Saint-Germain ដែលធ្វើអោយ Barcelona មានការដុតដៃដុតជើងដើម្បីរកកីឡាករមកជំនួស។

នៅក្នុងការស្វះស្វែងរកកីឡាករមកជំនួសតំណែងរបស់ ខ្សែប្រយុទ្ធប្រេស៊ីល ក្លឹបអ្នកមានបុណ្យបានចំណាយទឹកប្រាក់របស់ខ្លួនអស់ ទឹកប្រាក់យ៉ាងច្រើន។ ហើយនៅក្នុងការបណ្ដាក់ទុននោះក្លឹបទិញបាន Ousmane Dembele ហើយអ្នកចាត់ការថ្មីលោក Ernesto Valverde សឹងតែមិនជឿថាវាអាចកើតឡើង។

យ៉ាងណាម៉ិញ វាមិនទាន់គ្រប់គ្រាន់សំរាប់ Barcelona នៅឡើយទេ Real Madrid បានបំបាក់ក្រុមកាតាឡាន់ នៅក្នុងការប្រកួតពាន Spanish Super Cup ដោយទទួលបានជ័យជំនះក្នុងការប្រកួតទាំងពីរជើង ដែលប្រកួតជើងទី១ នៅទឹកដី Camp Nou ក្នុងលទ្ធផល ៣-១ ហើយជើងទី២ ក្រុមដែលដឹកនាំដោយលោក Zinedine Zidane ទទួលបានជ័យជំនះ ២-០ នៅលើទឹកដីខ្លួនឯង ហើយក៏ទទួលបានពាន UEFA Super Cup ផងដែរ។

ប៉ុន្ដែមួយឆ្នាំក្រោយមក អ្វីៗត្រូវបានផ្លាស់ប្ដូរ។ Barcelona បានដោះដូរកីឡាករ ធ្វើអោយក្រុមទាំងមូលមានភាពរឹងមាំ។ ការចាកចេញរបស់ Andres Iniesta មិនបានប៉ះពាល់ខ្លាំងដល់ក្រុមទាំងមូលនោះទេ ដោយសារតែអ្នកគ្រប់គ្រង បានចាត់ចែងរៀបចំក្រុមដោយរកកីឡាករជំនួស ខ្សែបម្រើចាស់វស្សារូបនេះ។

ដោយឡែកសំរាប់ក្រុម Real Madrid វិញ ហាក់ជួបបញ្ហាចាក់ស្រែះ បន្ទាប់ពីការចាកចេញរបស់តារាឆ្នើម Cristiano Ronaldo និង គ្រូបង្វឹក Zinedine Zidane ដែលធ្វើអោយក្លឹបប្រឹងស្វះស្វែងរកកីឡាករថ្មីមកចូលរួមដើម្បីពង្រឹងក្រុមអោយខ្លាំងឡើងវិញ មុនពេលទីផ្សារដោះដូរត្រូវបិទទ្វារនៅពីរសប្ដាហ៍ទៀត។

អ្នកចាត់ការថ្មីលោក Julen Lopetegui បានធ្វើអោយរបូតពានដំបូងដែល ក្រុមរបស់លោកដឹកនាំបានចូលលេង ដូចលោក Valverde កាលពីរដូវកាលមុនផងដែរ។ ហើយការបរាជ័យសំរាប់ការប្រកួត UEFA Super Cup វាធ្វើអោយ Real Madrid ឈឺចាប់ មិនត្រឹមតែបាត់បង់ពានប៉ុណ្ណោះទេ គឺត្រូវអាម៉ាសដោយសារចាញ់ក្រុមដែលមកពីទីក្រុងជាមួយគ្នា៕

ប្រភព៖ Marca

Pique ត្រូវបានអនុញ្ញាត អោយធ្វើដំនើរទៅកាន់ទឹកដី អាមេរិច ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន

បន្ទាប់ពីយកឈ្នះក្រុម Boca Juniors ក្នុងលទ្ធផល ៣-០ សំរាប់ការប្រកួតពានមិត្តភាព Joan Gamper លើកទី៥៣ កូនក្រុមរបស់លោក Ernesto Valverde បានរៀបចំខ្លួនសំរាប់ការចាប់ផ្ដើមរដូវកាលថ្មី ២០១៨/១៩ ហើយនៅថ្ងៃសៅ Alaves នឹងត្រូវជួបប្រកួតជាមួយ Barcelona ក្នុងនាមជាក្រុមការពារជើងឯក។

យ៉ាងណាម៉ិញ សំរាប់ការហ្វឹកហាត់កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ខ្សែការពារ Gerard Pique មិនមានវត្តមាននោះទេ ដោយសាររូបគេ បានសុំការអនុញ្ញាតពីក្លឹប ដើម្បីធ្វើដំនើរទៅកាន់ ទីក្រុង Orlando ដើម្បីបញ្ចប់ការពិភាក្សាគំរោងសំរាប់ព្រឹតិ្ដការណ៍ ប្រកួតតេនីស Davis Cup។

នៅក្នុងទីក្រុង Orlando សហពន្ធ័កីឡាករតេនីសអន្ដរជាតិ នឹងធ្វើការបោះឆ្នោត អំពីការផ្លាស់ប្ដូរទាក់ទងនឹង ក្រុមហ៊ុន Kosmos ដែលជាកម្មសិទ្ធរបស់ Pique។ ដូច្នេះខ្សែការពាររូបនេះ មិនបានហ្វឹកហាត់ជាមួយ Barcelona នោះទេ រហូតដល់រសៀលថ្ងៃសុក្រ បន្ទាប់ពីដោះស្រាយបញ្ហារបស់ខ្លួនរួចរាល់៕

ប្រភព៖ Sport English

ទិញបាន Jose Arnaiz ពី Barca មិនអស់ចិត្ត ក្លឹប Leganes ឆ្លៀតនាំយកខ្សែបម្រើ Real Madrid មួយរូបទៀត

ក្លឹប Barcelona បានលក់ខ្សែប្រយុទ្ធ Jose Arnaiz ទៅអោយ Leganes ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ាឌ្រីដ ក្នុងតំលៃ ៥លានអឺរ៉ូ បូករួម ៥០ម៉ឺនអឺរ៉ូបន្ថែមទៀតសំរាប់លក្ខខណ្ឌផ្សេងៗ ជាមួយនឹងកុងត្រា៥ឆ្នាំ ប៉ុន្ដែ ក្លឹបកាតាឡាន់អាចមានលក្ខខណ្ឌទិញកីឡាកររូបនេះត្រលប់ទៅវិញ។

Arnaiz នឹងពាក់អាវលេខ១៦ សំរាប់ Leganes ហើយរូបគេនឹងបង្ហាញខ្លួនអោយក្លឹប នៅថ្ងៃព្រហស្បត្តិ៍ ម៉ោង៤៖៣០នាទីល្ងាច(នៅកម្ពុជា)។

គួររំលឹកថា ក្រៅពី Leganes មានក្លឹបដទៃផ្សេងទៀតដូចជា Getafe និង Real Sociedad បានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះផងដែរ ប៉ុន្ដែរូបគេបានសំរេចចិត្ត ចាកចេញពី Barcelona មកចូលរួមជាមួយនឹង ក្រុមដែលស្ថិតនៅលេខ១៧ប្រចាំលីគ LaLiga។

ក្រោយទិញបាន ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barca បានដោយជោគជ័យ Leganes បាននាំយកខ្សែបម្រើឆ្នើមវ័យក្មេងរបស់ Real Madrid មួយរូបទៀតផងដែរគឺ កីឡាករ Oscar Rodriguez។

កីឡាករដែលមកពីឈុតយុវជនរបស់ Real Madrid រូបនេះ នឹងចូលរួមលេងក្រោមការដឹកនាំរបស់លោក Mauricio Pellegrino នៅក្នុងរដូវកាល ២០១៨/១៩ នេះ បន្ទាប់ពីរូបគេបានបង្ហាញភាពលេចធ្លោរក្នុងការប្រកួត អោយ Real Madrid B សំរាប់រដូវកាលមុន ដោយរកគ្រាប់បាល់បាន ៦គ្រាប់ និង បញ្ជូនបាន ៥លើក។

នៅក្នុងការប្រកួត UEFA Youth League Oscar ក៏រកបានបួនគ្រាប់ផងដែរ ហើយរូបគេធ្លាប់លេងអោយក្រុមឈុតធំ ដែលដឹកនាំដោយអ្នកចាត់ការ Zinedine Zidane សំរាប់ការប្រកួត Copa Del Rey ទល់នឹងក្រុម Fuenlabrada ផងដែរ។

ខ្សែបម្រើរូបនេះ នឹងបង្ហាញខ្លួនអោយ Leganes នៅថ្ងៃសុក្រវេលាម៉ោង ៤៖៣០នាទី(នៅកម្ពុជា)៕

សំដីប៉ុន្មានម៉ាត់របស់ ប្រធានក្លឹប Barca អាចធ្វើអោយលោក Mourinho ព្រួយចិត្ត

ក្លឹបយក្សអេស្ប៉ាញ Barcelona មិនបានបដិសេធក្នុងការ នាំយកកីឡាករបន្ថែមមកពង្រឹងក្រុមរបស់ខ្លួន សំរាប់រដូវកាលនេះ។ ហើយប្រធានក្លឹប លោក Josep Maria Bartomeu បានផ្ដល់សារមួយនេះ បន្ទាប់ពីក្រុមរបស់លោក បានយកឈ្នះ Sevilla ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពាន Spanish Super Cup។

លោក Bartomeu បានលើកឡើងថា នឹងមានកីឡាករបន្ថែមអាចនឹងចាកចេញពីក្លឹប ហើយលោកក៏មិនបានបដិសេធចំពោះការនាំចូលកីឡាករមកចូលក្រុមដូចគ្នា។ ហើយនៅពេលដែលគេចោទសួរទាក់ទងនឹង ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម លោកបានឆ្លើយតបថា៖ “ខ្ញុំមិនទាន់ចង់បង្ហើបឈ្មោះនោះទេ ព្រោះយើងគោរពដល់ក្លឹបដទៃ ហើយវានៅសល់រយៈពេល២០ថ្ងៃទៀតសំរាប់ការដោះដូរ។”

 

ប្រធានក្លឹប Barca ក៏បានគូសបញ្ជាក់ថាក្លឹបនឹងទិញកីឡាករចូល អាស្រ័យទៅតាមកីឡាករដែលត្រូវលក់ចេញ។ លោកបានបន្ថែម៖ “យើងរង់ចាំមើលថាតើកីឡាកររូបណានឹងចាកចេញនៅប៉ុន្មានថ្ងៃបន្ទាប់។ ក្រុមរបស់យើងផ្ដោតទៅលើការប្រកួត LaLiga ដូច្នេះអ្នកគួរតែសួរអ្នកដែលរ៉ាប់រងតួនាទីដោះដូរកីឡាករចំពោះបញ្ហាទាំងនោះចុះ។”

អ្វីដែលលោក Bartomeu បានលើកឡើងគឺសំដៅទៅលើ អ្នកគ្រប់គ្រងបាល់ទាត់របស់ក្លឹប លោក Eric Abidal និងជំនួយការដៃស្ដាំរបស់លោក គឺ Ramon Planes និង Pep Segura។

គួររំលឹកថា Pogba កំពុងស្ថិតនៅក្នុងការតាមដានរបស់ Barca ខណៈដែលខ្សែបម្រើរូបនេះ បានបញ្ជាក់ថារូបគេមិនអាចនិយាយអ្វីបានទាំងអស់ ចំពោះអ្វីដែលគេចង់និយាយ ព្រោះគេមិនចង់ទទួលពិន័យពីក្លឹប Manchester United៕

ប្រភព៖ Sport English

Messi ត្រៀមបំបែកកំណត់ត្រាមួយរបស Iniesta នៅ Barcelona

ការប្រកួតពាន Spanish Super Cup ទល់នឹងក្រុម Sevilla ជាការប្រកួតដ៏គួរអោយចាប់អារម្មណ៍មួយសំរាប់ខ្សែប្រយុទ្ធ Lionel Messi ប្រសិនបើប្រធានក្រុមថ្មីរបស់ Barcelona រូបនេះ ជួយអោយក្រុមឈ្នះការប្រកួត រូបគេនឹងក្លាយជាកីឡាករដែលជោគជ័យបំផុតនៅ ក្នុងប្រវត្តិសាស្ដ្រលើទឹកដី Camp Nou ដោយលើកពានទី ៣៣នៅក្នុងអាជីពរបស់ខ្លួនជាមួយក្លឹប។

Messi នឹងដើរតួជាប្រធានក្រុមធំជាផ្លូវការនៅក្នុងការប្រកួតនោះ ជាលើកដំបូង ក្រោយពីអតីតប្រធានក្រុម Andres Iniesta បានចាកចេញទៅលេងអោយក្លឹបជប៉ុន Vissel Kobe កាលពីដើមរដូវក្ដៅ ហើយខ្សែប្រយុទ្ធអាហ្សង់ទីន នឹងនាំមុខកីឡាករវ័យ៣៤ឆ្នាំ ជាកីឡាករដែលឈ្នះពានច្រើនបំផុតជាមួយក្រុមអ្នកមានបុណ្យ។

Iniesta បានចំនាយពេល ១៦រដូវកាលជាមួយ Barca ហើយបានជួយអោយក្រុមឈ្នះពានបាន ៣២ សំរាប់ការលេងនៅទឹកដី Camp Nou  ជាចំនួនពានដែលរូបគេបានឈ្នះរួមជាមួយនឹង មិត្តរួមក្រុមដ៏ល្អរបស់ខ្លួនគឺ Messi ក្រោយពីរូបគេបានបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០០៤។

Messi បានជួយអោយ Barca ឈ្នះពាន Champions League បួនលើក LaLiga ៩លើក Club World Cup បីលើក Copa Del Rey ៦លើក European Super Cup ៣លើក និង Spanish Super Cup ៧លើក ក្នុងនាមជាកីឡាកររបស់ Barcelona អស់រយៈពេល ១៤រដូវកាល នៅក្រោមការដឹកនាំរបស់អ្នកចាត់ការ Franck Rijkaard, Pep Guardiola, Luis Enrique និង អ្នកចាត់ការបច្ចុប្បន្ន លោក Ernesto Valverde ដែលបានដឹកនាំ Barcelona ឈ្នះពានក្នុងស្រុកទាំងពីរកាលពីរដូវកាលមុន។

គួររំលឹកថា Messi រកគ្រាប់បាល់បាន ៤៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៥ប្រកួតអោយក្លឹបកាតាឡាន់ និងបានឈ្នះពានស្បែកជើងមាសជាលើកទី៥ផងដែរ។ ហើយនៅក្នុងរដូវកាលនេះ កីឡាករវ័យ៣១ឆ្នាំ អាចនឹងបំបែកកំណត់ត្រាមួយចំនួនទៀតនៅលីគកំពូលអេស្ប៉ាញ៕

ប្រភព៖ AS

មកស្គាល់ប្រធានក្រុមទាំង៤រូប របស់ Barcelona ក្រោយពីការចាកចេញរបស់ Iniesta

ក្រោយពីការចាកចេញរបស់អតីតប្រធានក្រុម Andres Iniesta ពីក្លឹប Barcelona ពេលនេះប្រធានក្រុមថ្មីត្រូវបានជ្រើសរើស ដែលក្នុងនោះរួមមាន Gerard Pique និង Sergi Roberto ជាប្រធានក្រុមថ្មីដែលមានឈ្មោះក្នុងបញ្ជី។

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាប្រធានធំទី១ សំរាប់ក្រុមអ្នកមានបុណ្យ ចំនែកឯតំណែងប្រធានក្រុមរង គឺគ្រប់គ្រងដោយ Pique, Roberto និង Sergio Busquets។

តារាឆ្នើម Messi នឹងដឹកនាំក្រុមក្នុងនាមជាប្រធានធំលើកដំបូង សំរាប់ការប្រកួតទល់នឹង ក្រុម Sevilla ក្នុងការប្រកួតដណ្ដើមពាន Spanish Super Cup នៅថ្ងៃចន្ទ សប្ដាយហ៍ក្រោយវេលាម៉ោងបីរំលងអាធ្រាត៕

ប្រភព៖ Marca

ការផ្ទេរ Malcom មកកាន់ Barcelona កើតឡើងដោយសារតែគំនុំផ្ទាល់ខ្លួន

ខ្សែបម្រើ Malcom បានសំរេចចិត្តចូលរួមជាមួយ Barcelona បន្ទាប់ពីរូបគេរៀបចំផ្ទេរទៅកាន់ក្លឹប Roma ហើយភ្នាក់ងាររបស់ ខ្សែបម្រើប្រេស៊ីលរូបនេះ លោក Leonardo Cornacini មិនអោយការផ្ទេរទៅអ៊ីតាលីបានសំរេច ព្រោះតែចង់សងសឹក។

កីឡាករវ័យ២១ឆ្នាំ បានរៀបចំសំបុត្រហោះហើរដើម្បីធ្វើដំនើរទៅកាន់ ប្រទេសអ៊ីតាលី នៅពេលដែលក្លឹបបារាំង Bordeaux បានប្រកាសថាការព្រមព្រៀងផ្ទេរបានធ្វើឡើងរួចរាល់ ជាមួយក្លឹបអ៊ីតាលី ប៉ុន្ដែប៉ុន្មានម៉ោងក្រោយមក ក្លឹបកាតាឡាន់បាន ដណ្ដើមកីឡាករប្រេស៊ីលទៅចូលរួមទឹកដី Camp Nou ក្នុងតំលៃ ៤៨លានដុល្លារ។

ភ្នាក់ងារបស់ Malcom លោក Cornancini បានបញ្ជាក់ថា លោកពិតជារីករាយ ក្នុងការក្រឡាស់ពាក្យសំដីជាមួយនឹង Roma ដោយសារក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីរបស់អ៊ីតាលី បានធ្វើរឿងមិនគប្បី ចំពោះការផ្ទេររបស់ អ្នកចាំទី Daniel Fuzato។ ភ្នាក់ងាររូបនេះ បានថ្លែងប្រាប់ Tuttomercatoweb ថា៖ “ការពិតគឺថា យើងបានសំរេចចិត្តមិនទៅ Roma នោះទេ ព្រោះតែពួកគេបានប្រព្រឹត្ដទង្វើមិនគួរគប្បីមកលើយើង។

“ខ្ញុំបានទទួលខុសត្រូវក្នុងការផ្ទេរ Fuzato ដែលជាអតិថិជនរបស់ខ្ញុំមួយរូបទៀត ប៉ុន្ដែ Roma បានធ្វើការដោះស្រាយជាមួយ ភ្នាក់ងារម្នាក់ផ្សេងទៀតហើយនិយាយអោយខ្លីទៅ គឺខ្ញុំចង់សងសឹក។

“ខ្ញុំសុំទោស ក្នុងការនិយាយពាក្យទាំងនេះ ប៉ុន្ដែវាជាការពិត។ Roma បានប្រព្រឹត្តរឿងខុសឆ្គងមកលើយើង ១០ថ្ងៃមុនការផ្ទេររបស់ Fuzato ដូច្នេះយើង ក៏ធ្វើនូវអ្វីដូចដែលគេធ្វើមកលើយើង។

“ក្រោយពីពួកគេធ្វើមិនល្អដាក់ពួកយើង ខ្ញុំក៏បានសំរេចចិត្តជាមួយ ថាគោលដៅរបស់យើងមិនមែនក្លឹប Roma ទេ ហើយបច្ចុប្បន្ន Malcom កំពុងរីករាយនឹងការផ្ទេរទៅកាន់ក្លឹប Barcelona”៕

ប្រភព៖ Goal

Everton នាំយកកីឡាករ Barcelona ពីររូបបន្ថែមទៀត មុនពេលទីផ្សារដោះដូរបិទទ្វារ

ខ្សែការពារ Yerry Mina របស់ Barcelona បានសំរេចចិត្តចុះហត្ថលេខាចូលរួមជាមួយ Everton ដោយសារតែរូបគេមិនមានឱកាសគ្រប់គ្រាន់ ក្នុងការចូលលេង បូករួមជាមួយនឹងការមកដល់របស់ Clement Lenglet។

ក្លឹបទាំងពីរបានចចារគ្នា ផ្ទេរកីឡាកររូបនេះក្នុងតំលៃ ៣០លានអឺរ៉ូ +២លានអឺរ៉ូសំរាប់លក្ខខណ្ឌផ្សេងៗ។ Mina បានបង្ហាញទម្រង់លេងលេចធ្លោរក្នុងការប្រកួត World Cup នៅរុស្ស៊ី បន្ទាប់ពីរូបគេសឹងតែមិនបានលេងទាល់តែសោះនៅទឹកដី Camp Nou។

ដោយឡែកខ្សែបម្រើព័រទុយហ្គាល់ Andre Gomes ក៏នឹងទៅចូលរួមជាមួយនឹងក្រុមស្ករគ្រាប់ផងដែរ ក្រោយពីក្លឹបទាំងពីរបានព្រមព្រៀងគ្នាជាផ្លូវការ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ ប៉ុន្ដែ Everton ត្រូវចំនាយ ២.៦លានអឺរ៉ូ សំរាប់ Barca។

អ្នកចាត់ការក្លឹប Everton លោក Marco Silva បានបញ្ចុះបញ្ចូល Gomes អោយចូលរួមជាមួយក្រុមរបស់លោក បានដោយជោគជ័យ ហើយកីឡាករវ័យ២៥ឆ្នាំ បានធ្វើតេស្ដពិនិត្យសុខភាព នៅ Barcelona មុនពេលធ្វើដំនើរទៅទីក្រុង Merseyside។

គួររំលឹកថា Gomes ធ្លាប់ត្រូវបានក្លឹប West Ham និង Valencia ចាប់អារម្មណ៍ចង់បានរូបគេ ប៉ុន្ដែខ្សែបម្រើរូបនេះ សំរេចចិត្ដផ្លាស់មកលេងអោយ Everton ជាមួយនឹង Lucas Digne ដែលទើបតែផ្ទេរទៅនៅក្នុងរដូវក្ដៅនេះផងដែរ៕

ប្រភព៖ Sport English

កីឡាករដែលអាចស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូងសំរាប់ Barcelona ក្នុងការប្រកួត Spanish Super Cup

នៅសល់ត្រឹមតែបីថ្ងៃទៀតប៉ុណ្ណោះ ក្រុមអ្នកមានបុណ្យ Barcelona នឹងត្រូវប្រកួតពាន Spanish Super Cup ទល់នឹងក្រុម Sevilla ហើយលោក Ernesto Valverde កំពុងរៀបចំក្រុមដើម្បីជ្រើសរើសជម្រើស១១នាក់ដំបូងល្អបំផុត សំរាប់ការប្រកួតនេះ។ អ្នកចាត់ការក្រុម Barcelona អាចនឹងប្រើទម្រង់ 4-3-3 ដើម្បីដណ្ដើមពានដំបូងរបស់ក្រុមប្រចាំរដូវកាលថ្មីនេះ។

អ្នកចាំទី Jasper Cillessen ទំនងជាជាប់ជម្រើសដំបូងក្នុងការប្រកួតនេះ បន្ទាប់ពីរូបគេបានចូលរួមប្រកួតមិត្ដភាពកំដៅសាច់ដុំ ហើយរូបគេបានហ្វឹកហាត់ច្រើនជាង អ្នកចាំទីដៃទី១ Ter Stegen។

ចំនែកឯ ខ្សែការពារកណ្ដាល Gerard Pique អាចនឹងមានឈ្មោះក្នុងជម្រើសដំបូងផងដែរ ជាមួយនឹងដៃគូថ្មី Clement Lenglet ខណៈដែលម្ចាស់ពាន World Cup 2018 Samuel Umtiti អាចនឹងមិនមានឈ្មោះក្នុងបញ្ជីនេះ។ ហើយ Jordi Alba លេងនៅការពារស្លាបឆ្វេង Nelson Semedo លេងការពារស្លាបស្ដាំ។

ដោយឡែកកីឡាករអេស្ប៉ាញ Sergi Roberto មិនអាចចូលលេងក្នុងប្រកួតនេះបានទេ ដោយសារតែរូបគេជាប់ពិន័យ បួនប្រកួតកាលពីរដូវកាលមុន។ នៅតំបន់បម្រើ កីឡាករ Sergio Busquets អាចនឹងចាប់ដៃគូជាមួយ Arthur និង Coutinho ហើយខ្សែបម្រើ Ivan Rakitic ទំនងជាមិនបានចូលរួមទេ ដោយសារតែរូបគេទើបតែត្រលប់មកចូលរួមជាមួយក្រុម។

សំរាប់តំបន់ប្រយុទ្ធជួរមុខទាំងបីវិញ ច្បាស់ជាមានវត្តមានរបស់ Lionel Messi និង Suarez នៅក្នុងជម្រើស១១នាក់ដំបូង ហើយខ្សែប្រយុទ្ធទីបីនោះ អាចជា Coutinho ប្រសិនបើ Rakitic អាចចូលលេងបាន ឬក៏ កីឡាករចំនូលថ្មី Malcom ដែលបានបង្ហាញភាពលេចធ្លោរក្នុងការប្រកួតមិត្តភាព នៅអាមេរិច ឬ Dembele អាចជាជម្រើសក្នុងចំនោមនោះផងដែរ៕

ប្រភព៖ Sport English

Barca ត្រូវការចំណាយ១០០លានផោន ក្នុងការនាំយកដៃគូចាស់របស់ Vidal ដើម្បីពង្រឹងតំបន់បម្រើ

ក្លឹបយក្សកាតាឡាន់ Barcelona បានត្រៀមខ្លួនក្នុងការ ធ្វើអោយមានភាពភ្ញាក់ផ្អើលមួយទៀត ក្នុងការដោះដូរកីឡាករសំរាប់រដូវក្ដៅនេះ។ បន្ទាប់ពីចុះហត្ថលេខានាំយកខ្សែបម្រើ Arturo Vidal ក្លឹបបានពិចារណា សំលឹងមើលកីឡាករដែលអាចជួយអោយក្រុមកាន់តែខ្លាំង ហើយគំរោងរបស់ក្លឹបគឺចង់អោយ ដៃគូខ្សែបម្រើ Vidal និង Paul Pogba ជួបជុំគ្នានៅទឹកដី Camp Nou។

បច្ចុប្បន្ន ទំនាក់ទំនងរបស់ខ្សែបម្រើបារាំង ជាមួយគ្រូបង្វឹករបស់ខ្លួនលោក Jose Mourinho ហាក់មានភាពរកាំរកូស ដែលនាំអោយរូបគេពិចារណា ចាកចេញពីក្លឹបអង់គ្លេសមួយនេះជាលើកទី២ ក្នុងអាជីពរបស់ខ្លួន។

ភ្នាក់ងារបស់ Pogba លោក Mino Raiola ត្រូវបានគេរំពឹងថាកំពុងចចារជុំវិញកីឡាករបារាំង នៅទីក្រុម មែនឆេស្ទឺ នៅក្នុងសប្ដាហ៍នេះ ដើម្បីនាំ Pogba ចេញពីទឹកដី Old Trafford។ ហើយបើយោងតាមកាសែតជាច្រើននៅអង់គ្លេស បានចុះផ្សាយថា សំនើរ ១០០លានផោន អាចធ្វើអោយ United ព្រមលក់ខ្សែបម្រើរបស់ក្លឹបជាក់ជាមិនខាន។

ខណៈដែល Barcelona ចង់បាន Pogba បំពេញតំបន់បម្រើរបសក្រុម ក្លឹបមានគំរោងលក់ កីឡាករមួយចំនួនដូចជា Aleix Vidal, Yerry Mina, Andre Gomes និង Paco Alcacer ដើម្បីបានដើមទុន ក្នុងការនាំយកម្ចាស់ជើងឯក World Cup មករួមរស់នៅ Camp Nou។

គួរបញ្ជាក់ថា Vidal និង Pogba ធ្លាប់លេងរួមគ្នានៅ Juventus ហើយមិត្តភាពរបស់កីឡាករទាំងពីររូបនេះ នៅមានភាពល្អប្រសើរធម្មតា។ Pogba បានរំលឹកពីអតីតមិត្តរួមក្រុមរបស់គេ បន្ទាប់ពីឈ្នះពាន World Cup ផងដែរ៕

ប្រភព៖ Sport English