Kovacic ផ្ញើសារដ៏រំជើបរំជួលមួយ ជាពិសេសទៅកាន់ Real Madrid និង​ អ្នកគាំទ្រ

ខ្សែបម្រើក្រូអាត Mateo Kovacic បានផ្ញើសារលាគ្នាដ៏រំជើបរំជួលជាមួយក្លឹប Real Madrid ដែលប្រហែលជាសារលាគ្នាជាមួយក្លឹបយក្សអេស្ប៉ាញ បើទោះបីជាកីឡាកររូបនេះចាកចេញទៅលេងអោយ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងក្ដី។

បន្ទាប់ពីចាកចេញពី Real Madrid កាលពីថ្មីៗនេះ ទៅ Chelsea កីឡាករដែលជួយអោយ ក្រុមក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្ររូបនេះ បានថ្លែងអំណរគុណដែល Los Bloncos បានគាំទ្រទៅលើខ្សែបម្រើរូបនេះកន្លងមក។

Kovacic បានសរសេរនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនថា៖ “បន្ទាប់ពីចំនាយពេលបីឆ្នាំ ជាមួយនឹងពានរង្វាន់ជាច្រើន ខ្ញុំបានសំរេចចិត្តចាកចេញ។ ប៉ុន្ដែពេលនេះផ្លូវរបស់យើងត្រូវបែងចែកជាពីរ ខ្ញុំចង់ថ្លែងអំណរគុណដល់គ្រួសារ Real Madrid ទាំងមូល និង អ្នកគាំទ្ររបស់ពួកគេដែលជាចំណែក ក្នុងជីវិតរបស់ខ្ញុំ ដែលមិនអាចបំភ្លេចបាន”៕

ប្រភព៖ Marca

Kovacic ផ្ដាំផ្ញើសំដីមួយចំនួន បន្ទាប់ពីបង្ហាញខ្លួនអោយ Chelsea ជាផ្លូវការ

ខ្សែបម្រើក្រូអាត Mateo Kovacic បានបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាកីឡាករក្រុមតោខៀវ Chelsea កាលពីថ្ងៃព្រស្បត្ត៍នេះ បន្ទាប់ពីបញ្ចប់សំនុំឯកសារផ្ទេរមកកាន់ទឹកដី Stamford Bridge ពីក្លឹប Real Madrid ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេលវែង។

ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះ ត្រូវបានចចារក្នុងលក្ខខណ្ឌដោះដូរជាមួយ អ្នកចាំទី Thibaut Courtois ទៅទឹកដី Bernabeu ក្រោយពីរូបគេបានបង្ហាញខ្លួន ក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Zinedine Zidane បាន១០ប្រកួត កាលពីរដូវកាលមុន។

Kovacic បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបតោខៀវថា៖ “ខ្ញុំមានអារម្មណ៍រីករាយ និង រំភើបញាប់ញ័រ ដែលបានចូលរួមនៅទីនេះ ជាមួយ Chelsea។ វាជាអារម្មណ៍មួយដ៏អស្ចារ្យ ហើយខ្ញុំប្រឹងប្រែងអោយអស់ពីសមត្ថភាពសំរាប់ក្លឹបមួយនេះ។

“វាជាលីគថ្មីសំរាប់ខ្ញុំ ហើយការចាប់ផ្ដើមប្រាកដជាមានការលំបាក ប៉ុន្ដែខ្ញុំដឹងច្បាស់ថា គ្រូបង្វឹក ហើយនឹង មិត្តរួមក្រុមរបស់ខ្ញុំ នឹងជួយជ្រោមជ្រែងខ្ញុំជាមួយនឹងរដូវកាលដ៏អស្ចារ្យ។”

គួររំលឹកថា Kovacic បានផ្ទេរពីក្លឹបអ៊ីតាលី Inter Milan មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៥ ក្នុងតំលៃ ៣០លានអឺរ៉ូ ហើយរូបគេចូលលេងបានទៀងទាត់ក្រោមការដឹកនាំរបស់លោក Rafael Benitez និង ត្រូវបានដាក់អោយចូលលេងដោយលោក Zidane សំរាប់រដូវកាលដំបូងរបស់ខ្លួននៅ Madrid ផងដែរ។

ក្រោយមក ខ្សែបម្រើរូបនេះ ហាក់មិនសូវមានឱកាសក្នុងការដណ្ដើមកៅអីជម្រើសដំបូង ក្រោមការដឹកនាំរបស់ អ្នកចាត់ការសញ្ជាតិបារាំងនោះទេ ដោយសារតែលោក Zidane ពេញចិត្តខ្សែបម្រើបីរូបគឺ Luka Modric, Casemiro និង Toni Kroos ជាជម្រើសដំបូងក្នងការប្រកួតនានា។

Kovacic បង្ហាញខ្លួនអោយ Real Madrid សរុប ១០៩ប្រកួត ហើយពាក់កណ្ដាលនៃការបង្ហាញខ្លួនរបស់គេ គឺក្នុងនាមជាកីឡាករបម្រុង។

អ្នកចាត់ការរបស់ក្លឹប Chelsea លោក Marina Granovskaia បានស្វាគមន៍ Kovacic យ៉ាងកក់ក្ដៅ ក្នុងការចូលរួមនៅទឹកដី Stamford Bridge ហើយលោកបានមានប្រសាសន៍ថា៖ “យើងពិតជារីករាយក្នុងការស្វាគមន៍ Mateo មកកាន់គ្រួសារ Chelsea។ គេគឺល្អបំផុតសំរាប់ពួកយើងសំរាប់រដូវកាលនេះ។

“របៀបលេងរបស់គេគឺត្រូវជាមួយនឹង របៀបដឹកនាំរបស់លោក Maurizio [Sarri] ដែលចង់អោយក្រុមលេង ហើយយើងជឿជាក់ថា រូបគេនឹងបង្ហាញអោយឃើញថាគេមានតំលៃសំរាប់ក្លឹប”៕

ប្រភព៖ AS

ខ្សែបម្រើ Real Madrid មួយរូប ស្នើសុំចែកផ្លូវគ្នាជាមួយក្លឹបត្រង់ៗ

ខ្សែបម្រើកណ្ដាលរបស់ក្លឹប Real Madrid កីឡាករ Mateo Kovacic បានស្នើសុំចាកចេញពីក្លឹបដោយសារ រូបគេចង់ជាប់ជម្រើសដំបូងបានច្រើនប្រកួត។

Real Madrid ជាក្លឹបមួយដែលសំបូរទៅដោយខ្សែបម្រើ ដែលមានសមត្ថភាព និង ទេពកោសល្យ ដែលជាហេតុនាំអោយ Kovacic មិនមានឱកាសប្រជែង កីឡាករឆ្នើមៗ ដទៃទៀត ដូច្នេះហើយបានជា ខ្សែបម្រើរូបនេះបានស្នើសុំអោយក្លឹប ពិចារណាប្រសិនបើសិនជាមានក្លឹបណាមួយ ដាក់សំនើរចង់ទិញរូបគេ។

បើតាមប្រភព កម្មវិធី El Partidazo របស់វិទ្យុ Cadena Cope បានអោយដឹងថា ភ្នាក់ងាររបស់ Kovacic បានស្នើសុំ Real Madrid អនុញ្ញាតអោយ កីឡាកររបស់លោកអាចដើរចេញពីក្លឹប ប៉ុន្ដែ មិនទាន់មានចំលើយវិជ្ជមានពី ក្លឹបនៅឡើយទេ ដោយសារមិនទាន់បានទទួលសំនើរពីក្លឹបដទៃ។

បច្ចុប្បន្ន Kovacic កំពុងបំពេញតួនាទីយ៉ាងសកម្ម ក្នុងការជួយក្រុមជម្រើសជាតិក្រូអាត ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ដោយទុករាល់ការងារ ទាំងអស់អោយភ្នាក់ងាររបស់គេ ជាអ្នកចាត់ចែង។

ហើយនៅពេលដែល ខ្សែបម្រើវ័យ ២៤ឆ្នាំរូប​នេះត្រលប់ពីប្រេទេសរុស្ស៊ីវិញ គេអាចនឹងត្រូវជ្រើសរើស ថាតើត្រូវចាកចេញពីទឹកដី Santiago Bernabeu ឬ ត្រូវនៅបន្ដមួយរដូវកាលទៀត ក្រោមការដឹកនាំរបស់ អ្នកចាត់ការថ្មីលោក Julen Lopetegui៕

ប្រភព៖ Sport English

ខ្សែបម្រើក្រុម Real Madridម្នាក់លេចធ្លោខ្លាំង ក្នុងការប្រកួតជាមួយក្រុម Leganes

ដោយសារខ្សែបម្រើសំខាន់ៗរបស់ក្រុម Real Madrid ដូចជា Luca Modric និង Toni Kroos មានរបួសជាហេតុធ្វើអោយអ្នកចាត់ការ Zidane សំរេចចិត្តដាក់កីឡាករ Mateo Kovacic ជាកីឡាករជម្រើសដំបូងលេងទល់នឹងក្រុម Leganes។

កិឡាករសញ្ជាតិក្រូអាតរូបនេះលេងបានយ៉ាងល្អ នៅក្នុងប្រកួតនោះដោយបញ្ជូនបាល់ដោយជោគជ័យ ៩៦.៧ភាគរយ ហើយរូបគេបានចូលរួមចំនែកយ៉ាងសំបើមដើម្បីជួយក្រុមអធិរាជស ទទួលបានជ័យជំនះ ក្នុងលទ្ធផល ៣-១។

គួរបញ្ជាក់ ៣ពិន្ទុដែលទទួលបានក្នុងការប្រកួតនោះធ្វើអោយក្រុម Real Madrid រំកិលទៅលេខ៣ មាន១៤ពិន្ទុតិចជាងក្រុមកំពូលតារាង Barcelona៕

ប្រភព៖ Marca