[វីដេអូ] Bale ដើរតួយ៉ាងសំខាន់ ក្នុងការជួយរកបីពិន្ទុអោយ Real Madrid ពេលគ្មាន Ronaldo

ខ្សែប្រយុទ្ធ Gareth Bale និង ខ្សែការពារ Dani Carvajal រកបានម្នាក់មួយគ្រាប់ ជួយអោយ Real Madrid ទទួលបានជ័យជំនះ ដោយសុវត្ថិភាព សំរាប់ប្រកួតដំបូងនៅក្នុងលីគ LaLiga ទល់នឹងក្រុម Getafe ដោយមិនមានវត្តមានតារាឆ្នើម Cristiano Ronaldo និង អ្នកចាត់ការក្លឹប Zinedine Zidane។

Carvajal តែតបញ្ចូលទីអោយ Real Madrid សំរាប់គ្រាប់បាល់បើកឆាក ផុតដៃអ្នកចាំទី  ក្រោមការដឹកនាំរបស់លោក Julen Lopetegui បន្ទាប់ពី Bale បោះកាត់ទៅអោយយ៉ាងល្អ ហើយរូបគេក៏រកបានមួយគ្រាប់ផងដែរនៅតង់ទី២។

ដោយឡែកក្រុម Getafe មានឱកាសស៊ុតចំគោលដៅតែម្ដងប៉ុណ្ណោះ នៅចុងម៉ោងនៃការប្រកួត នៅពេលដែល Angel Rodriguez ស៊ុត volley យ៉ាងល្អប៉ុន្ដែសង្គ្រោះបានដោយអ្នកចាំទី Keylor Navas។

អ្នកចាំទីកូស្ដារីកា ត្រូវបានជ្រើសរើសអោយជាប់ជម្រើសដំបូងនៃការប្រកួត ខណៈ Thibaut Courtois ដែលក្លឹបទើបតែទិញបានពី Chelsea ត្រូវអង្គុយកៅអីបម្រុង ដោយមិនបានចូលលេងឡើយ។

បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស ក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតពាន UEFA Super Cup ទល់នឹងក្រុម Atletico Madrid នៅម៉ោងបន្ថែម ក្រុមដែលដឹកនាំដោយលោក Lopetegui ទទួលបានជ័យជំនះ សំរាប់ការប្រកួតបើកឆាកនៅលីគ LaLiga ជាមួយនឹងក្រុម Getafe ដែលស្ថិតនៅទីក្រុងម៉ាឌ្រីដជាមួយគ្នានេះ។

ដោយការគ្មានដំណឹង អំពីការចុះហត្ថលេខាមកជំនួស តារាឆ្នើម Ronaldo អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានដាក់កីឡាករ Asensio, Bale និង Karim Benzema នៅតំបន់ប្រយុទ្ធ ហើយពួកគេអាចមានឱកាសរកគ្រាប់បាល់បន្ថែម ទោះបីជាក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះស៊ុតចំគោលដៅតែបីលើកក៏ដោយ៕

ប្រភព៖ BBC

កីឡាករ Barcelona មួយរូបចង់អោយ Real Madrid នឹកស្ដាយក្រោយលក់ Ronaldo ទៅ Juve

ខ្សែបម្រើរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Sergio Busquets បាននិយាយថារូបគេចង់អោយ Real Madrid មានការឈឺចាប់ក្រោយពីលក់ Cristiano Ronaldo ទៅអោយ Juventus នៅរដូវក្ដៅនេះ។

Ronaldo បានសំរេចចិត្តចាកចេញពីទឹកដី Santiago Bernabeu ទៅចូលរួមជាមួយក្លឹបសេះបង្កង់ ក្នុងតំលៃខ្លួន ១០០លានផោន ហើយបានបង្ហាញខ្លួនលើកដំបូងនៅលីគកំពូលអ៊ីតាលី ក្នុងការប្រកួតទល់នឹងក្រុម Chievo ដោយបញ្ចប់ក្នុងលទ្ធផល ៣-២។

ម្ចាស់ពាន Ballon d’Or ៥សម័យ បានជួយអោយ Real Madrid មានការប្រទាញប្រទង់គ្នាជាមួយ Barcelona ដោយរកគ្រាប់បាល់បាន ១៨គ្រាប់ក្នុងការបង្ហាញខ្លួន ៣១ប្រកួត សំរាប់ជំនួប El Clasico ហើយជួយអោយ Real Madrid កាន់កាប់ពានជាច្រើន រួមទាំងការឈ្នះពាន Champions League បីរដូវកាលជាប់ៗគ្នាផងដែរ។

ហើយសំរាប់ការចាកចេញរបស់តារាឆ្នើមវ័យ៣៣ឆ្នាំ បានធ្វើអោយខ្សែបម្រើ Busquets យល់ឃើញថា Real Madrid នឹងមានបញ្ហាធំ ក្រោយពីក្លឹបលក់តារាឆ្នើមរូបនេះ ប៉ុន្ដែរូបគេរំពឹងថា គ្រូបង្វឹកថ្មីលោក Julen Lopetegui នឹងស្វែងរកឃើញនូវ ដំណោះស្រាយ។

ខ្សែបម្រើអេស្ប៉ាញរូបនេះ បានថ្លែងប្រាប់ El Pais ថា៖ “ខ្ញុំចង់អោយពួកគេនឹកគាត់ ក្រោយពីបាត់បង់កំពូលអ្នករកគ្រាប់បាល់ម្នាក់។ ប៉ុន្ដែខ្ញុំដឹងថា គ្រូបង្វឹកថ្មីនឹងជួយអោយក្រុមកាន់តែល្អជាងនេះ។”

Bernardeschi ជាវីរបុរសចុងម៉ោង ជួយអោយ Juve ទទួលបានបីពិន្ទុ សំរាប់ការប្រកួតបើកឆាក Serie A

ប្រភព៖ Goal

ស្ថិតិរបស់ Gareth Bale សំរាប់ការប្រកួតជាមួយ Getafe អាចធ្វើអោយអ្នកគាំទ្រសប្បាយចិត្ត

ក្រុម Real Madrid នឹងបង្ហាញខ្លួនសំរាប់ប្រកួតដំបូងក្នុងលីគ LaLiga សំរាប់រដូវកាលថ្មី នៅយប់ថ្ងៃអាទិត្យនេះ(ឆ្លងចូលថ្ងៃចន្ទ ម៉ោង ៣៖១៥នាទី រំលងអាធ្រាត) ទល់នឹង Getafe។ បន្ទាប់ពី តារាឆ្នើម Cristiano Ronaldo និងអតីតអ្នកចាត់ការក្លឹប Zinedine Zidane ចាកចេញទៅ Gareth Bale ត្រូវកាន់កាប់តំណែងកីឡាករសំខាន់ប្រចាំក្រុម ហើយអ្នកចាត់ការថ្មី Julen Lopetegui បានមកដឹកនាំក្រុមជំនួសអ្នកចាត់ការសញ្ជាតិបារាំងផងដែរ។

Bale បានបង្ហាញទម្រង់លេងល្អសំរាប់ Real Madrid ក្នុងជំនួបជាមួយនឹង Getafe ដោយរកគ្រាប់បាល់បាន ៤គ្រាប់ ក្នុងចំនោម៥ប្រកួត។ ហើយនៅក្នុងការប្រកួតដំបូងទល់នឹងក្រុមនេះ ខ្សែប្រយុទ្ធសញ្ជាតិវេលស៍ បានជួយក្រុមអោយទទួលបានជ័យជំនះ ក្នុងលទ្ធផល ៣-០ ប៉ុន្ដែរូបគេ មិនអាចរកគ្រាប់បាល់បាននោះទេ។ សំរាប់ការប្រកួតជាមួយនឹងក្រុមដដែលនេះ បន្ដបន្ទាប់គេតែងតែរកគ្រាប់បាល់បានជានិច្ច។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ មានស្ថិតិល្អផងដែរ សំរាប់ការប្រកួតបើករដូវកាល ចាប់តាំងពីឆ្នាំ ២០១៥មក ដោយតែងតែរកគ្រាប់បាល់ដំបូងអោយក្រុម Real Madrid។ ចុះសម្រាប់រាត្រីនេះ តើ Gareth Bale អាចរកគ្រាប់បាល់បានប៉ុន្មានគ្រាប់?

ប្រភព៖ AS

Real និង Barca បានជួបស្ថានភាព ខុសគ្នាដាច់ស្រលះ សំរាប់ការចាប់ផ្ដើមរដូវកាលនេះ ប្រៀបធៀបជាមួយរដូវកាលមុន

កាលពីខែសីហា ឆ្នាំ២០១៧ ក្រុម Real Madrid បានសាងភាពលេចធ្លោរបស់ខ្លួន សំរាប់បាល់ទាត់អេស្ប៉ាញ ប៉ុន្ដែមួយរដូវកាលក្រោយមក Barcelona ជាអ្នកគ្រប់គ្រងវិញម្ដង។

កាលពីឆ្នាំមុន ខ្សែប្រយុទ្ធ Neymar បានសំរេចចិត្តចាកចេញពីក្លឹប កាតាឡាន់ជាមួយនឹងការភ្ញាក់ផ្អើល ទៅចូលរួមជាមួយ Paris Saint-Germain ដែលធ្វើអោយ Barcelona មានការដុតដៃដុតជើងដើម្បីរកកីឡាករមកជំនួស។

នៅក្នុងការស្វះស្វែងរកកីឡាករមកជំនួសតំណែងរបស់ ខ្សែប្រយុទ្ធប្រេស៊ីល ក្លឹបអ្នកមានបុណ្យបានចំណាយទឹកប្រាក់របស់ខ្លួនអស់ ទឹកប្រាក់យ៉ាងច្រើន។ ហើយនៅក្នុងការបណ្ដាក់ទុននោះក្លឹបទិញបាន Ousmane Dembele ហើយអ្នកចាត់ការថ្មីលោក Ernesto Valverde សឹងតែមិនជឿថាវាអាចកើតឡើង។

យ៉ាងណាម៉ិញ វាមិនទាន់គ្រប់គ្រាន់សំរាប់ Barcelona នៅឡើយទេ Real Madrid បានបំបាក់ក្រុមកាតាឡាន់ នៅក្នុងការប្រកួតពាន Spanish Super Cup ដោយទទួលបានជ័យជំនះក្នុងការប្រកួតទាំងពីរជើង ដែលប្រកួតជើងទី១ នៅទឹកដី Camp Nou ក្នុងលទ្ធផល ៣-១ ហើយជើងទី២ ក្រុមដែលដឹកនាំដោយលោក Zinedine Zidane ទទួលបានជ័យជំនះ ២-០ នៅលើទឹកដីខ្លួនឯង ហើយក៏ទទួលបានពាន UEFA Super Cup ផងដែរ។

ប៉ុន្ដែមួយឆ្នាំក្រោយមក អ្វីៗត្រូវបានផ្លាស់ប្ដូរ។ Barcelona បានដោះដូរកីឡាករ ធ្វើអោយក្រុមទាំងមូលមានភាពរឹងមាំ។ ការចាកចេញរបស់ Andres Iniesta មិនបានប៉ះពាល់ខ្លាំងដល់ក្រុមទាំងមូលនោះទេ ដោយសារតែអ្នកគ្រប់គ្រង បានចាត់ចែងរៀបចំក្រុមដោយរកកីឡាករជំនួស ខ្សែបម្រើចាស់វស្សារូបនេះ។

ដោយឡែកសំរាប់ក្រុម Real Madrid វិញ ហាក់ជួបបញ្ហាចាក់ស្រែះ បន្ទាប់ពីការចាកចេញរបស់តារាឆ្នើម Cristiano Ronaldo និង គ្រូបង្វឹក Zinedine Zidane ដែលធ្វើអោយក្លឹបប្រឹងស្វះស្វែងរកកីឡាករថ្មីមកចូលរួមដើម្បីពង្រឹងក្រុមអោយខ្លាំងឡើងវិញ មុនពេលទីផ្សារដោះដូរត្រូវបិទទ្វារនៅពីរសប្ដាហ៍ទៀត។

អ្នកចាត់ការថ្មីលោក Julen Lopetegui បានធ្វើអោយរបូតពានដំបូងដែល ក្រុមរបស់លោកដឹកនាំបានចូលលេង ដូចលោក Valverde កាលពីរដូវកាលមុនផងដែរ។ ហើយការបរាជ័យសំរាប់ការប្រកួត UEFA Super Cup វាធ្វើអោយ Real Madrid ឈឺចាប់ មិនត្រឹមតែបាត់បង់ពានប៉ុណ្ណោះទេ គឺត្រូវអាម៉ាសដោយសារចាញ់ក្រុមដែលមកពីទីក្រុងជាមួយគ្នា៕

ប្រភព៖ Marca

Real Madrid ចាញ់ជាក្រុមមែន ប៉ុន្ដែបញ្ហាធំធ្លាក់លើកីឡាករមួយរូប

ការបរាជ័យក្នុងការប្រកួត UEFA Super Cup បានបង្ហាញអោយឃើញពីបញ្ហានៅក្នុងក្រុម Real Madrid ប៉ុន្ដែវាកាន់តែធ្វើអោយអ្នកចាំទី Keylor Navas មានការពិបាកបន្ទាប់ពីរូបគេរបូតគ្រាប់បាល់ដល់ទៅ ៤លើក ខណៈដែល អ្នកចាំទីចំនូលថ្មី Thibaut Courtois បានត្រឹមអង្គុយទស្សនាការប្រកួត។

លទ្ធផលនៃការប្រកួតនៅក្នុងទីក្រុង Tallinn កាន់តែធ្វើអោយមានភាពស្មុគស្មាញសំរាប់តំណែងអ្នកចាំទីនៅ Real Madrid ហើយវាអាចធ្វើអោយ Navas បាត់បង់កៅអីជម្រើស១១នាក់ដំបូង របស់ក្រុមដែលដឹកនាំដោយលោក Julen Lopetegui។

លោក Lopetegui បានសំរេចចិត្ដ អោយ Navas ចូលលេងក្នុងជំនួប Super Cup ដោយមិនបញ្ចូលឈ្មោះ Courtois ទៅក្នុងបញ្ជីកីឡាករត្រៀមប្រកួតឡើយ ដោយសារតែអ្នកចាំទីបែលហ្ស៊ិករូបនេះ ទើបតែមកដល់ ហើយមិនទាន់បានហ្វឹកហាត់អស់រយៈពេលមួយខែកន្លងមកហើយ។

ប៉ុន្ដែយ៉ាងណាក្ដី ការសំរេចចិត្ត គឺស្ថិតលើអ្នកចាត់ការក្លឹប ដែលអាចរង់ចាំមើលការប្រកួត នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ទល់នឹងក្រុម Getafe ដើម្បីជ្រើសរើសថាតើ នរណាជាអ្នកចាំទី ដៃទី១ប្រចាំក្រុម។ ហើយបើទោះបីជា រូបលោកបាននិយាយថា វាគ្មានបញ្ហាអ្វីក៏ដោយ ប៉ុន្ដែអ្នកចាត់ការរូបនេះ ត្រូវតែធ្វើការសំរេចចិត្ត។

ការបរាជ័យធ្វើអោយអោយ ក្រុមទាំងមូលមិនសប្បាយចិត្ត ប៉ុន្ដែ Navas កាន់តែពិបាក ការពារតំណែងរបស់ខ្លួន បន្ទាប់ពីអ្នកចាំទីបែលហ្ស៊ិកត្រលប់មកចូលរួម នៅក្នុងក្រុម៕

ប្រភព៖ Marca

Marcelo ទំលាយពាក្យនៅក្នុងចិត្ត ក្រោយរបូតពាន UEFA Super Cup

បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាសក្នុងការប្រកួតពាន UEFA Super Cup ទល់នឹងក្រុម Atletico Madrid ខ្សែការពារស្លាបឆ្វេង Marcelo របស់ក្រុម Real Madrid បាននិយាយថា រូបគេរីករាយនឹង គុណភាពកីឡាករនៅក្នុងក្រុម។

ក្រុមការពារជើងឯក Champions League បរាជ័យនៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានក្រៅស្រុកជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០០មក ក្រោយពីបរាជ័យ ៤-២ នៅម៉ោងបន្ថែម ក្នុងជំនួបជាមួយក្រុមរួមទីក្រុង Atletico Madrid នៅក្នុងទីក្រុង Tallinn នៃប្រទេសអេស្ដូនី កាលពីយប់ថ្ងៃពុធនេះ។

ការបរាជ័យនេះ ត្រូវបានចោទជាសំណួរជុំវិញ ការដោះដូរកីឡាកររបស់ក្លឹប Real Madrid ក្នុងការរកកីឡាករមកជំនួសខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានផ្ទេរទៅេលេងនៅ Juventus ហើយមិនទាន់មានដំណឹងណាមួយអោយជាក់លាក់ក្នុងការចចារខ្សែប្រយុទ្ធ Eden Hazard របស់ក្រុម Chelsea នៅឡើយទេ ប៉ុន្ដែក្លឹបទទួលបានកីឡាករចំនូលថ្មីបួនរូប Thibaut Courtois, Vinicius Junior, Alvaro Odriozola and Andriy Lunin សំរាប់រដូវក្ដៅនេះ។

ដោយឡែក Marcelo ត្រូវបានគេរាយការណ៍មកថា ត្រូវបានក្លឹបអ៊ីតាលី Juventus មានការចាប់អារម្មណ៍ ប៉ុន្ដែសាមីខ្លួនបានចេញមុខមកបញ្ជាក់អំពីអនាគតរបស់ខ្លួនថា៖ “អ្នកត្រូវតែផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងធ្វើបានល្អសំរាប់ថ្ងៃនេះ។ ខ្ញុំគិតថាយើងធ្វើបានល្អ។ យើងមានឱកាសគ្រប់គ្រងបាល់ លេងជាក្រុម ហើយខិតខំតាមលទ្ធភាពដែលយើងអាចធ្វើបាន។

“យើងត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតរបស់យើង ព្រោះយើងនៅមានការប្រកួតពេញមួយរដូវកាលនៅពេលខាងមុខ ខ្ញុំមិនគិតរឿងចុះហត្ថលេខាអ្វីនោះទេ ដោយសារក្រុមរបស់យើងមានកីឡាករល្អៗហើយសំរាប់ខ្ញុំ។ យើងរួបរួមគ្នាជាក្រុម យើងធ្វើបានល្អនៅក្នុងការប្រកួតរហូតដល់ម៉ោងបន្ថែម។

“ក្រុមដែលឈ្នះគឺជាក្រុមដែលមិនសូវបង្កកំហុស។ កាលពីយប់ម៉ិញ យើងបង្កកំហុសច្រើន យើងមិនចង់អោយកំហុសបែបនេះកើតឡើងម្ដងទៀតនោះទេ ព្រោះវាបានធ្វើអោយយើងបាត់បង់ឱកាសទទួលបានជ័យជំនះនៅវគ្គផ្ដាច់ព្រ័ត្រ។

“ពួកគេមិនសូវបង្កកំហុស ហើយសក្ដិសមទទួលបានជ័យជំនះ។ ហើយបរាជ័យនេះ កើតឡើងដោយសារយើងហាក់អស់កំលាំង ដោយសារមិនសូវបានហ្វឹកហាត់ច្រើន។ កីឡាករជាច្រើនបានត្រលប់មកហ្វឹកហាត់យឺតយ៉ាវ ក្រោយពីចប់ព្រឹត្តិការណ៍ World Cup ប៉ុន្ដែនេះមិនមែនជាលេសនោះទេ”៕

ប្រភព៖ Goal

Diego Costa រកបានពីរគ្រាប់ជួយអោយ Atletico Madrid លើកពាន UEFA Super Cup

ខ្សែប្រយុទ្ធ Diego Costa រកបានពីរគ្រាប់ ជួយអោយក្រុម Atletico Madrid ទទួលបានជ័យជំនះលើកក្រុមការពារជើងឯក Champions League Real Madrid ក្នុងលទ្ធផល ៤-២ បន្ទាប់ពីចប់ការប្រកួត ដោយថែមម៉ោង។

អ្នកចាត់ការថ្មីរបស់ក្រុម Real Madrid លោក Julen Lopetegui ដឹកនាំក្រុមប្រកួតផ្លូវការជាលើកដំបូង បន្ទាប់ពីការប្រកួតមិត្តភាពកំដៅសាច់ដុំ ដែលអ្នកចាត់ការរូបនេះបានជំនួសតំណែងរបស់លោក Zinedine Zidane ដែលបានលាលែងពីតំណែងកាលពីខែឧសភាកន្លងទៅ។

ចាប់ផ្ដើមការប្រកួតភ្លាមក្រុម Atletico Madrid បើកការសំរុក ហើយមានឱកាសរកបានមួយគ្រាប់មុនដោយ ខ្សែប្រយុទ្ធ Diego Costa ដោយមានការបញ្ជូនពីខ្សែការពារ Diego Godin។ ប៉ុន្ដែត្រូវបានក្រុម Real Madrid តាមស្មើបានមួយគ្រាប់វិញ ដោយការតែតមួយក្បាលរបស់ខ្សែប្រយុទ្ធបារាំង Karim Benzema បានពីការកាត់បាល់ទៅតំបន់គ្រោះថ្នាក់ដោយ Gareth Bale។

នៅក្នុងតង់ទី២ ខាងក្រុម Real Madrid រកបានមួយគ្រាប់បន្ថែមទៀត ដោយបាល់ពិន័យ១១ម៉ែត្រ របស់ប្រធានក្រុម Sergio Ramos ដោយសារតែខ្សែការពារ Juanfran បានធ្វើអោយបាល់ប៉ះដៃ នៅតំបន់គ្រោះថ្នាក់។

យ៉ាងណាម៉ិញ ក្រុមម្ចាស់ជើងឯក Europa League តាមស្មើ ២-២ ដោយខ្សែប្រយុទ្ធ Diego Costa រកបានមួយគ្រាប់បន្ថែមទៀត សារជាថ្មី ហើយលទ្ធផលនេះរក្សារហូតដល់ចប់តង់ទី២ មុនការបន្ថែមម៉ោង ១៥នាទីពីរដង។

ដល់ម៉ោងបន្ថែម ក្រុម Atletico របស់លោក Diego Simeone មានឱកាសរកបានពីរគ្រាប់ ដោយខ្សែបម្រើ Saul Nuguez និង Koke ធ្វើអោយក្រុមម្ចាស់ពាន Europa League ទទួលបានជ័យជំនះក្នុងលទ្ធផលសរុប ៤-២។

គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែល Atletico រកគ្រាប់បាល់បាន ៤គ្រាប់ទល់នឹង Real Madrid ដោយក្រុមរបស់លោក Simeone បរាជ័យវគ្គផ្ដាច់ព្រ័ត្រ Champoins League ពីរលើក កាលពីឆ្នាំ ២០១៤ និង ២០១៦៕

Real ទំនងអស់ឱកាស នាំយកខ្សែប្រយុទ្ធ ១០០លានផោន មកជំនួស Ronaldo

បន្ទាប់ឈានដល់កិច្ចព្រមព្រៀង បន្ដកុងត្រាថ្មីអោយអ្នកចាត់ការក្លឹបលោក Luciano Spalletti ក្លឹបអ៊ីតាលី Inter Milan កំពុងសំលឹងមើលអាទិភាពក្នុងការបន្ដកុងត្រាថ្មីអោយ ខ្សែប្រយុទ្ធឆ្នើម Mauro Icardi ម្នាក់ទៀត ដើម្បីបញ្ចប់ការចង់បានរបស់ក្លឹបយក្សអេស្ប៉ាញ Real Madrid នេះបើយោងតាមកាសែត Corriere dello Sport។

ក្រោយពីមានឱកាសចូលរួមលេងក្នុងការប្រកួត Champions League សំរាប់រដូវកាលនេះ Inter បានព្យាយាមពង្រឹងក្រុមរបស់ខ្លួន។ ម្ចាស់ពានអឺរ៉ុបបីសម័យមួយនេះ បានព្យាយាមចង់បានខ្សែបម្រើ Luka Modric ពី Real Madrid ប៉ុន្ដែខ្សែបម្រើក្រូអាត ទំនងជាបន្ដស្នាក់នៅក្លឹបរបស់ខ្លួនបន្ដទៀត។

ហើយបើតាមកាសែតអ៊ីតាលី បានរិះរកវិធី បញ្ចុះបញ្ចូលអោយខ្សែប្រយុទ្ធអ៊ីតាលី បន្ដកុងត្រាថ្មីជាមួយក្លឹប ហើយភាគីទាំងសងខាង អាចនឹងមានដំណឹងល្អសំរាប់កុងត្រាថ្មីនាពេលឆាប់ៗនេះ ដែលធ្វើអោយ Real Madrid បាត់បង់ឱកាសខ្សែប្រយុទ្ធលេខ៩រូបនេះ ជាមួយតំលៃដែលរំពឹងទុក ១០០លានផោន មកកចូលរួមនៅទឹកដី Santiago Bernabe៕

Gareth Bale រីករាយរង់ចាំទទួលតារាឆ្នើម តំលៃ១០០លានផោន មកចូលរួមជាមួយ Real Madrid

ប្រភព៖ Sport English

Marcelo មើលឃើញថាកីឡាករវ័យក្មេងម្នាក់ មានអនាគតល្អនៅ Real Madrid

នៅក្នុងរដូវក្ដៅនេះ ក្លឹប Real Madrid បាននាំយកខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior មកចូលរួមនៅទឹកដីអេស្ប៉ាញ ហើយការមកដល់របស់ខ្សែប្រយុទ្ធរូបនេះ ធ្វើអោយខ្សែការពារ Marcelo បានលើកឡើងពីភាពសំខាន់របស់មិត្ដរួមជាតិប្រេស៊ីលរូបនេះ សំរាប់ក្លឹប។

ខ្សែការពារស្លាបឆ្វេងរូបនេះយល់ថា កីឡាករវ័យ១៨ឆ្នាំ អាចវិវត្ដខ្លួនបានកាន់តែល្អសំរាប់រដូវកាលថ្មីនេះ និង ទៅថ្ងៃខាងមុខ។ Marcelo បាននិយាយប្រាប់អ្នកកាសែត នៅក្នុងបទសម្ភាសន៍មុនពេលការប្រកួត UEFA Super Cup ថា៖ “គេជាតំណាងអោយ Real Madrid គេនៅក្នុងក្រុមជាមួយយើង។

“ខ្ញុំមានអាយុ១៨ឆ្នាំ ពេលដែលខ្ញុំមកដល់ទីនេះ ហើយកាលនោះ Sergio Ramos មានអាយុ១៩ឆ្នាំ។ គេ[Vinicus] គឺជាក្មេងប្រុសម្នាក់ ហើយយើងចង់អោយគេមានអារម្មណ៍កក់ក្ដៅ និងជួយគេអោយកាន់តែមានភាពងាយស្រួល។

“គេជាតំណាងអោយក្លឹប នាពេលអនាគត។ ខ្ញុំពិតជារីករាយដែលមាន កីឡាករប្រេស៊ីលមួយរូបបន្ថែមទៀតនៅ Real Madrid។ គេត្រូវបានទទួលស្វាគមន៍ដោយគ្រប់ៗគ្នា គេជាក្មេងដែលមានអនាគតល្អ។”

គួររំលឹកថា Marcelo ត្រូវជួយក្រុមការពារជើងឯក Champions League ប្រកួតពាន UEFA Super Cup ទល់នឹងក្រុម Atletico Madrid ដែលជាម្ចាស់ពាន Europa League កាលពីរដូវកាលមុន នៅប្រទេសអេស្ដូនី នៅយប់នេះ វេលាម៉ោង២៖០០រំលងអាធ្រាត៕

ប្រភព៖ Marca

គ្រប់គ្នាធ្វើដំនើរទៅប្រកួត UEFA Super Cup តែបាត់កីឡាករ Real Madridម្នាក់

អ្នកចាត់ការក្លឹប Real Madrid លោក Julen Lopetegui បានប្រកាសពីសមាសភាពកីឡាករ ដែលនឹងចូលរួមប្រកួតពាន UEFA Super Cup នៅយប់ថ្ងៃពុធនេះ ខណៈដែលខ្សែបម្រើវ័យក្មេង សញ្ជាតិន័រវ៉េ Martin Odegaard ជាសមាជិកតែម្នាក់នៅក្នុងក្រុមដែលអវត្តមាន។

Odegaard មិនមានឈ្មោះក្នុងបញ្ជីដែលត្រូវចូលរួមប្រកួតនោះទេ ទោះបីជាគ្រូបង្វឹក បានដាក់អ្នកចាំទីទាំង៥រូប នៅក្នុងចំនោមកីឡាករទាំង២៩រូប ដើម្បីចូលរួមការប្រកួតនោះដែលរួមមាន Keylor Navas, Thibaut Courtois, Kiko Casilla, Andriy Lunin និង Luca Zidane រួមទាំងកីឡាករដែលជាប់របួស Jesús Vallejo និង Álvaro Odriozola ផងដែរ។

ការអវត្តមានរបស់ខ្សែបម្រើវ័យ ១៩ឆ្នាំរូបនេះ ត្រូវបានគេសង្ស័យថា រូបគេទំនងជាចាកចេញពីទឹកដី Santiago Bernabeu ហើយក្លឹបនៅអង់គ្លេសពីរគឺ  Aston Villa និង Derby County មានចំណាប់អារម្មណ៍ចង់ខ្ចីជើងរូបគេមកជួយតំបន់ប្រយុទ្ធ៕

ប្រភព៖ AS