Thitipan របស់​ក្រុម​ថៃ​បោះ​ប៉ុន្មាន​ម៉ាត់ មុន​ត្រូវ​តតាំង​អ៊ុយរុយហ្គាយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ China Cup

នា​វេលា​ម៉ោង ១៨:៣៥ នាទី​ថ្ងៃ​ស្អែក​នេះ ក្រុម​ជម្រើស​ជាតិ​ថៃ​នឹង​ត្រូវ​តតាំង​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ China Cup ២០១៩ ក្នុង​ទឹក​ដី​ប្រទេស​ចិន។

ត្បិត​អី​ក្រុម​ខ្លាំង​អ៊ុយរុយហ្គាយ​ត្រូវ​អវត្តមាន​តារា​ឆ្នើម Luis Suarez និង Edinson Cavani ដោយ​សារ​បញ្ហា​របួស ក៏​ក្រុម​ដំរី​របស់​ថៃ​នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​វា​ជា​ការ​ប្រកួតប្រជែង​ដ៏​សំខាន់​មួយ។

ថ្លែង​ពី​មតិ​របស់​តារា​ឆ្នើម​ Thitipan Puangchan ដែល​សព្វថ្ងៃ​កំពុង​លេង​នៅ​លីគ J League របស់​ជប៉ុន​បាន​និយាយ​ថា៖ “យូរ​មក​ហើយ​ខ្ញុំ​ធ្លាប់​តែ​ឃើញ​ក្រុម​អ៊ុយរុយហ្គាយ​លេង​នៅ​ក្នុង​ទូរទស្សន៍ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ដឹង​តើ​មាន​ភាព​ខុស​ប្លែក​គ្នា​បែប​ណា​ខ្លះ​រវាង​ក្រុម​ឈរ​លេខ ៧ និង លេខ ១១៥ ក្នុង​លោក”។

Thitipan បន្ត​ក្រោយ​យក​ឈ្នះ​ក្រុម​ថៃ​កាល​ពី​ថ្ងៃ​មុន​ថា៖ “យើង​ដឹង​យើង​កំពុង​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ដ៏​ធំ​មួយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​យើង​ក៏​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​នេះ ដោយ​យើង​កំពុង​លេង​តតាំង​នឹង​អតីត​ម្ចាស់​ពាន​ជើង​ឯក World Cup ពីរ​សម័យ​កាល ដែល​វា​ជា​ការ​បំផុស​ទឹក​ចិត្ត​ដ៏​ធំធេង​មួយ”។

ប្រភព: ​FoxSportAsia