Torres ប្រាប់​មូលហេតុ​ដែល​ចាកចោល Liverpool ហើយ​ផ្ទេរ​ទៅ Chelsea នៅ​ឆ្នាំ ២០១១

កីឡាករ​ចូល​និវត្ត Fernando Torres ​កំឡុង​ពេល​ប្រកប​អាជីព ជឿ​ថា​អ្នក​គាំទ្រ​ភាគ​ច្រើន​ចាប់​ផ្តើម​ស្គាល់​រូប​លោក នៅ​ពេល​ដែល​លោក​ឡើង​ជើង​ខ្លាំង​គ្រា​លេង​ឲ្យ​ក្លឹប​ហង្ស​ក្រហម Liverpool ចន្លោះ​ឆ្នាំ ២០០៧ ដល់ ២០១១។

Fernando Torres
Fernando Torres

Torres បាន​ផ្ទេរ​ចេញ​ពី Liverpool ទៅ​ក្លឹប​ដែល​ជា​គូ​ប្រជែង​គឺ​តោ​ខៀវ Chelsea នៅ​ឆ្នាំ ២០១១ ហើយ​ចាយ​ពេល​នៅ​ទី​នោះ​អស់​រយៈ​ពេល ៣ ឆ្នាំ។ ជុំវិញ​ការ​ផ្ទេរ​ទៅ​ក្លឹប​ដែល​ជា​គូ​ប្រជែង​របស់​ហង្ស Torres បាន​ប្រាប់​ហេតុផល​ច្បាស់លាស់​ថា ដោយសារ​តែ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្លឹប Liverpool ពេល​នោះ​ហាក់​ដុនដាប​ខ្លាំង និង​ប្រធាន​ក្លឹប​រមែង​កុហក​ខ្លួន​ឥត​ស្រាកស្រាន្ត។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ និយាយ​ប្រាប់ TalkSport៖ “ខ្ញុំ​ពិត​ជា​រីករាយ​កាល​នៅ Liverpool តែ​អ្នក​ប្រាកដ​ជា​ចងចាំ​នៅ​ពេល​ដែល​ក្លឹប​បម្រុង​នឹង​លក់​ឲ្យ​ម្ចាស់​ថ្មី ពេល​នោះ​ស្ថានភាព​ដុនដាប​ខ្លាំង​ណាស់”។

Fernando Torres

លោក​បន្ថែម៖ “ក្លឹប​លក់​គ្មាន​សល់​កីឡាករ​សំខាន់ៗ ហើយ​សូម្បី​តែ Javier Mascherano, Xabi Alonso និង​អ្នកចាត់ការ Rafa Benitez ក៏​ចាកចេញ ហើយ​ទើប​ក្លឹប​ផ្តើម​យក​កីឡាករ​ក្មេងៗ​ចូល​វិញ ដែល​ត្រូវ​ការ​ពេល ៥-៦ ឆ្នាំ​ដើម្បី​បង្កើត​ជោគជ័យ​ឡើង​វិញ ហើយ​ប្រធាន​ក្លឹប​ក៏​បាន​កុហក​ខ្ញុំ​នៅ​រឿង​ជា​ច្រើន​ពេល​នោះ អ៊ីចឹង​ទី​បំផុត​ខ្ញុំ​ក៏​ស្វែងរក​ផ្លូវ​ដែល​សក្តិសម​សម្រាប់​ខ្ញុំ​ដោយ​ខ្លួន​ឯង​នោះ​គឺ Chelsea”។

បញ្ជាក់​ថា​នៅ Stamford Bridge កីឡាករ​លេង​តំបន់​ប្រយុទ្ធ​រូប​នេះ​មិន​សូវ​ជោគជ័យ​ដូច​នៅ​ហង្ស​ទេ ដោយ ១៧២ ប្រកួត​រក​បាន ៤៥ គ្រាប់​ប៉ុណ្ណោះ តែ​គេ​ក៏បាន​ឈ្នះ​ពាន Champions League, Europa League និង FA Cup ផង​ដែរ មុន​ផ្ទេរ​ទៅ​ទ្រនំ​បន្ទាប់៕

ប្រភព៖ AF