Tuchel ហាក់កាត់បន្ថយសម្ពាធបានខ្លះ ក្រោយតារាឆ្នើមរូបនេះ អាចវិលមកជួយក្រុមវិញ មុនប៉ះ R.Madrid

យោងទៅតាមរបាយការណ៍មួយរបស់ ‘Le Parisien’ បានឲ្យដឹងថាកីឡាករ Edinson Cavani កំពុងព្យាយាមវិលត្រលប់មកមកជួយក្រុមវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណ:ដែលមានបំណងក្នុងការចូលរួមប្រកួតពានរង្វាន់ក្របខណ្ឌ Champions League ទល់នឹងក្រុម Real Madrid នៅឯទឺកដី Parc des Princes ។

យ៉ាងណាមិញគ្រូបង្វឹកលោក Tuchel ហាក់កាត់បន្ថយក្តីបារម្ភបានមកវិញខ្លះ ខណ:ដែលគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះមានទុទិដ្ឋិនិយមថាអាចនឹងមិនមានមុខតំណែងខ្សែប្រយុទ្ធជួរមុខទាំងបី សម្រាប់ការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Real Madrid នោះទេ ។

គួរបញ្ជាក់ថាកីឡាករ Neymar ត្រូវបានព្យួរឈ្មោះមិនឲ្យធ្វើការប្រកួត ខណ: Mbappe បានរងរបួស ដែលនឹងមិនអាចលេងបាន ប៉ុន្តែជាសំណាង Cavani ត្រូវបានគេរាយការណ៍ នឹងមានវត្តមានសម្រាប់ការប្រកួតមួយនេះ ។

លើសពីនេះលោក Tuchel  បានប្រាប់ទៅកាន់ Le Parisien ថា ៖ ” ខ្ញុំធានាថាខ្សែប្រយុទ្ធអ៊ុយរូហ្គាយរូបនេះ នឹងទទួលបានពេលវេលាលេងនៅចុងសប្តាហ៍នេះ ឬសូម្បីប្រកួតជាមួយក្រម Strasbourg ផងដែរ ” ។

លោកបន្តទៀតថា ៖ ” ដូច្នេះហើយ Cavani នឹងមានឱកាសលេងទល់ក្រុម Real Madrid រួមជាមួយកីឡាករ Icardi ដែលជាការចុះហត្ថលេខាថ្មីរបស់ក្រុមយើងផងដែរ ” ៕

ប្រភព: Besoccer