កីឡាករជម្រើសជាតិអ៊ីតាលីម្នាក់ ត្រៀមធ្វើតេស្ដសុខភាពនៅ PSG ក្រោយឈ្នះតួកគីយប់មិញ

អ្នកចាំទីឆ្នើម Gianluifi Donnarumma ត្រូវបានរំពឹងថានឹងធ្វើតេស្ដសុខភាព និងចុះហត្ថលេខាផ្ទេរមក Paris Saint-Germain នៅចុងសប្ដាហ៍នេះ ក្រោយចាកចេញពី AC Milan ដោយពុំមានតម្លៃផ្ទេរ។ កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី ក្នុងការប្រកួតបើកឆាក UEFA EURO ដោយទទួលជ័យជម្នះលើតួកគី ៣-០។

អ្នកចាំទីរូបនេះបានឆ្លងកាត់ការបណ្ដុះបណ្ដាលចេញពីថ្នាលរបស់ AC Milan ហើយបានបង្ហាញខ្លួនក្នុងក្រុមធំនៅក្នុងវ័យ១៦ឆ្នាំ។ ទោះយ៉ាងណាក្ដី គេមិនបានបន្ដកិច្ចសន្យាថ្មីជាមួយក្លិបអ៊ីតាលីមួយនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនានេះ។

បើតាមប្រភពពី Sky Sport Italia ភ្នាក់ងារ Mino Raiola របស់ Donnarumma ពេលនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបបារាំង Paris Saint-Germain ដែលការចូលរួមជាផ្លូវការនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ។

សូមរំឭកថា អ្នកចាំទីវ័យ២២ឆ្នាំ បង្ហាញខ្លួនលើទីលាន២៥១ប្រកួតសម្រាប់ Milan ហើយធ្លាប់បានជួយពួកគេក្លាយជាជើងឯក Italian Super Cup ក្នុងឆ្នាំ ២០១៦៕

ប្រភព៖ Football Italia

អានអត្ថបទបន្ទាប់៖ Wijnaldum បញ្ជាក់ហេតុផលច្បាស់ៗពីការបោះបង់ឱកាសចូលរួម Barcelona ហើយសម្រេចផ្ទេរទៅ PSG

Georinio Wijnaldum និយាយថាគេបានសម្រេចចិត្តចូលរួម Paris Saint-Germain មិនផ្លាស់ទៅ Barcelona ដោយសារក្លិបអេស្ប៉ាញអូសបន្លាយពេលវេលាក្នុងការចរចារដែលមិនអាចមានភាពចុះសម្រុងគ្នា។

បច្ចុប្បន្ន Wijnaldum ដែលកំពុងត្រៀមខ្លួនជួយក្រុមជម្រើសជាតិហូឡង់ក្នុងព្រឹត្តិការណ៍ EURO 2020 បានផ្លាស់ទៅ Paris Saint-Germain ដោយពុំមានតម្លៃផ្ទេរក្រោយចប់កិច្ចសន្យាជាមួយ Liverpool ដោយបានចុះហត្ថលេខារួមរស់ជាមួយក្លិបបារាំងរយៈពេល៣ឆ្នាំ។

ទោះយ៉ាងណាក្ដី ការផ្លាស់ទៅកាន់ទីក្រុងប៉ារីស កើតឡើងបន្ទាប់ពី Barcelona និង Bayern Munich ព្យាយាមចង់បានរូបគេ ដោយក្លិបអេស្ប៉ាញចាយពេល៤សប្ដាហ៍ដើម្បីធ្វើការចរចាជាមួយប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះ។

មុនជួយជម្រើសជាតិហូឡង់តតាំងជាមួយអ៊ុយក្រែននៅរាត្រីថ្ងៃអាទិត្យនេះ Wijnaldum បានទម្លាយឱ្យដឹងថា៖ “ខ្ញុំបានជ្រើសយកជម្រើសមួយទៀត វាគឺពិតជាពិបាក។ ខ្ញុំកំពុងចរចាជាមួយ Barcelonaអស់ពេល៤សប្ដាហ៍ ហើយយើងមិនចុះសម្រុង ក្នុងការព្រមព្រៀងចុងក្រោយទេ”។

“Paris Saint-Germain ប្រសើរជាងបន្ដិចក្នុងការសម្រេចចិត្ត។ ពួកគេសម្រេចបានលឿនជាង។ ហើយគម្រោងដែលពួកគេមាននៅ PSG ពិតជាទាក់ចិត្តខ្ញុំណាស់”។

“និយាយដោយស្មោះត្រង់ទៅចុះ វាពិតជាការសម្រេចដ៏លំបាកមួយ។ ខ្ញុំគិតថាខ្ញុំអាចនឹងផ្លាស់ទៅ Barcelona ព្រោះពួកគេជាក្រុមតែមួយគត់ដែលពិតជាចាប់អារម្មណ៍លើខ្ញុំ ប៉ុន្ដែយើងមិនអាចសម្រេចការព្រមព្រៀងទាំងអស់គ្នាបាន។ PSG មានភាពច្បាស់លាស់ជាង នៅក្នុងការសម្រេចចិត្ត”៕

ប្រភព៖ Sky Sports