ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានឆ្លងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2020 បន្ទាប់ពីយកឈ្នះវៀតណាមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផលសរុបទាំងពីរជើង ២-0។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដំរីសឹកថៃ ទទួលជ័យជម្នះ ២-០ កាលពីជើងទី១ ហើយស្មើ ០-០ ក្នុងជើងទី២។
ពួកគេនឹងឡើងទៅជួប ឥណ្ឌូណេស៊ីដែលទើបនឹងយកឈ្នះសិង្ហបុរីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយលទ្ធផលសរុប ៥-៣។ នេះជាការជួបគ្នាលើកទី៤ ក្នុងវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមទាំងពីរក្នុងព្រឹត្តិការណ៍ ពានរង្វាន់បាល់ទាត់ជម្រើសជាតិអាស៊ីអាគ្នេយ៍។
រំឭកកាលប៉ះគ្នាបីលើកកន្លងមកក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមឥណ្ឌូណេស៊ី បរាជ័យទាំងបីលើក។ ក្នុងឆ្នាំ២០០០ ថៃបានយកឈ្នះ ៤-១ ហើយបានយកឈ្នះដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ ក្នុងឆ្នាំ២០០២ បន្ទាប់ពីបញ្ចប់លទ្ធផលក្នុងការប្រកួត១២០នាទី ២-២។
ជួបគ្នាក្នុងឆ្នាំ២០១៦ ការប្រកួតផ្ដាច់ព្រ័ត្រត្រូវបានរៀបចំលេងពីរជើង ដោយជើងទី១ ឥណ្ឌូណេស៊ីឈ្នះ ២-១ ប៉ុន្ដែពួកគេនៅតែមិនអាចក្លាយជាជើងឯក ក្រោយចាញ់ក្នុងជើងទី២ ២-០ (សរុបលទ្ធផលទាំងពីរជើងថៃឈ្នះ ៣-២)។
ទោះយ៉ាងណាក្ដី សម្រាប់ការជួបតតាំងគ្នាលើកនេះ មិនដឹងថា ឥណ្ឌូណេស៊ី អាចស្គាល់ពាក្យថាជាជើងឯកលើកដំបូង ឬបន្ដឈរជាក្រុមជើងឯករងតទៅទៀត ដ្បិតការឈានដល់វគ្គផ្ដាច់ព្រ័ត្រ៥លើកកន្លងមក ពួកគេមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ខណៈថៃដែលជាក្រុមជោគជ័យបំផុតក្នុងពានរង្វាន់នេះ បានឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រ៨លើក និងក្លាយជាជើងឯក៥លើក៕
ប្រភព៖ Wikipedia
អានអត្ថបទបន្ទាប់៖ គ្រូធំ Rangnick បង្ហើបថាកូនក្រុមម្នាក់ និយាយត្រង់ៗថាចង់ចាកចេញពីក្លិប
ខ្សែប្រយុទ្ធ Anthony Martial បាននិយាយផ្ទាល់ប្រាប់អ្នកចាត់ការ Manchester United លោក Ralf Rangnick ថាគេមានបំណងចង់ចាកចេញពីក្លិប។
លោក Rangnick បានបង្ហើបឱ្យដឹងថា លោកបាននិយាយរយៈពេលយូរកាលពីថ្ងៃពុធ ជាមួយខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ ដែលប្រាប់លោកថា វាជាពេលដែលត្រូវមានការផ្លាស់ប្ដូរ។
Martial មានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងបានតែពីរលើប៉ុណ្ណោះ ក្នុងពានរង្វាន់លីគកំពូលអង់គ្លេសក្នុងរដូវកាលនេះ ហើយរកគ្រាប់បាល់បានមួយគ្រាប់។
ទោះបីជាគេមានបំណងចង់ចាកចេញពី Old Trafford លោក Rangnick បានបញ្ជាក់ប្រាប់ក្លិបថា លោកមិនទាន់ទទួលបានសំណើណាមួយសម្រាប់ខ្សែប្រយុទ្ធបារាំងនៅឡើយទេ។
លោកRangnick បាននិយាយថា៖ “គេបានពន្យល់ប្រាប់ខ្ញុំថាគេបាននៅ Manchester United ៧ឆ្នាំហើយមកទល់នឹងពេលនេះ ហើយគេមានអារម្មណ៍ថាវាជាពេលដ៏សមរម្យសម្រាប់ការផ្លាស់ប្ដូរ ដើម្បីទៅកន្លែងណាផ្សេង”៕
ប្រភព៖ BBC