(VDO) ចាន់ វឌ្ឍនាកា ​កិប​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ស្អាត​នាំ​ជ័យជម្នះ​ឲ្យ PKNS FC កាលពីយប់មិញ

ក្នុង​ជំនួប​ពាន​រង្វាន់ Malaysia FA Cup ជុំ​ទី ២ កាល​ពី​យប់មិញ ក្លឹប PKNS FC បាន​យក​ឈ្នះ​នៅ​លទ្ធផល ៣-២ ទៅ​លើ​ក្លឹប Melaka United។ ក្នុង​នោះ​ក៏​សង្កេត​ឃើញ​ ចាន់ វឌ្ឍនាកា ដែល​ជា​កីឡាករ​កម្ពុជា​បាន​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​ជ័យជម្នះ​មួយ​គ្រាប់​ផង​ដែរ។

៣ គ្រាប់​របស់​ PKNS FC ធ្វើ​បាន​ដោយ​កីឡាករ K Gurusamy, Chan Vathanaka និង Kpah Sherman។ លម្អិត​ត្រង់​គ្រាប់​បាល់​របស់ វឌ្ឍនា ដែល​កើត​ឡើង​នៅ​នាទី ៦៥ គឺ​ទទួល​បាន​ការ​កាត់​ចូល​យ៉ាង​ល្អ​ពី​សំណាក់​មិត្ត​រួម​ក្រុម​ទៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់ ហើយ​អតីត​កីឡាករ​បឹងកេត​អេហ្វស៊ី​រូប​នេះ​បាន​កិប​ទាញ​បាល់​បំប៉ោង​សំណាញ់​ទី​មិន​ឲ្យ​ខូច​គ្រាប់​ឡើយ។ ប៉ុន្តែក៏មានការវាយបកចុងម៉ោងពី Melaka United ដោយតាមទាន់ពីរគ្រាប់វិញ ត្រឹមចន្លោះពេលជិត ១០ នាទីមុនការប្រកួត។

ទស្សនា​វីដេអូ​នៃ​ការ​រក​គ្រាប់​បាល់​របស់ CV29 នៅ​ខាង​ក្រោម៖

រំឭក​ថា​នា​ជំនួប​បន្ទាប់​ក្លឹប​ PKNS FC នឹង​ត្រូវ​មាន​ភារកិច្ច​សំខាន់​ត្រូវ​ចូល​តតាំង​ម្ចាស់​ផ្ទះ Perak នា​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ វេលា​ម៉ោង ០៨ យប់។ បច្ចុប្បន្ន PKNS មាន ១១ ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៤ នៅ​ចាញ់​ ១ ពិន្ទុ​គត់​ធៀប​នឹង​ក្រុម​លេខ ៣ Kedah FA។