Wenger ទម្លាយហេតុផល ដែលលោកមិនខ្ចីទទួលយកសំណើទៅដឹកនាំក្លឹប Real Madrid

លោក Arsene Wenger ដែលជាអតីតអ្នកចាត់ការទូទៅរបស់ Arsenal បានបង្ហាញពីមូលហេតុ ដែលលោកសម្រេចចិត្តច្រានច្រោនសំណើពីក្លិប Real Madrid ក្នុងអំឡុងពេលលោកកាន់ដំណែងនៅទឹកដី Emirates ។

ជាក់ស្តែងលោក Wenger ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ហើយជាទូទៅក្លិបកំពូលអឺរ៉ុបជាច្រើនតែចាប់ចិត្តចង់បានរូបគាត់ទៅដឹកនាំ នៅពេលដែលគាត់មានឥទ្ធពលខ្លាំងនៅលើទឹកដី Arsenal ។

តែទោះបីជាយ៉ាងណាក៏គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានសំរេចចិត្តបោះបង់នូវការផ្តល់ជូនពីក្លឹប Real Madrid ជាច្រើនដង រហូតដល់ប្រកាសចែកផ្លូវជាមួយក្រុម Arsenal ។ ហើយលោក Wenger បានបន្តថាគាត់មិនដែលគិតថានឹងចូលរួមជាមួយក្រុម Madrid នោះទេ ។

យ៉ាងណាមិញលោក Wenger បាននិយាយប្រាប់ beIN Sports ថា ៖ ” ខ្ញុំបានបដិសេធក្លឹប Real Madrid លើសពីមួយដង ។ ខ្ញុំត្រូវតែនិយាយថាឥលូវនេះ ព្រោះវាដល់ពេលហើយសម្រាប់ខ្ញុំ ។ ប្រសិនបើអ្នកសួរអ្នកគ្រប់គ្រងណាមួយនៅលើពិភពលោកថា តើអ្នកចាប់អារម្មណ៍ក្នុងការក្លាយជាគ្រូបង្វឹកក្រុម Real Madrid ឬទេ?  អ្នកទាំងនោះមិនអាចបដិសេធទេ ព្រោះវាជាក្លឹបធំបំផុតនៅលើពិភពលោក ” ។

លោកបន្តទៀតថា ៖ ” ប៉ុន្តែយើងរស់នៅតាមតម្លៃរបស់យើង ។  ខ្ញុំពិតជាសប្បាយចិត្តណាស់ចំពោះការសម្រេចចិត្តរបស់ខ្ញុំ ” ៕

ប្រភព: Foxsports