Wilfried Zaha ហៅកីឡាករឆ្នើមរបស់ Man United ថាជាពីងពាង

ខ្សែប្រយុទ្ធ Wilfried Zaha មិនមានភាពភ្ញាក់ផ្អើលនោះទេ ចំពោះការបង្ហាញទម្រង់លេងយ៉ាងល្អរបស់ Aaron Wan-Bissaka ដោយកីឡាកររបស់ក្រុម Crystal Palace រូបនេះ តែងតែមានទំនុកចិត្តថា អតីតមិត្តរួមក្រុមរបស់ខ្លួន អាចសាងភាពលេចធ្លោនៅ Manchester United។

ក្លឹបបិសាចក្រហមបានចំណាយ ៥០លានផោន ក្នុងការនាំយកខ្សែការពារវ័យក្មេង មកចូលរួមជាមួយពួកគេ នៅរដូវក្ដៅឆ្នាំ ២០១៩ កន្លងទៅនេះ។

Wan-Bissaka ទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានសឹងគ្រប់ការប្រកួត ក្រោមការដឹកនាំដោយគ្រូបង្វឹក Ole Gunnar Solskjaer ហើយរូបគេទទួលបានការពេញចិត្ដពេញថ្លើមពីសំណាក់អ្នកគាំទ្រក្លឹបផងដែរ។

Zaha បានឆ្លើយសំនួររបស់អ្នកគាំទ្រនៅលើ Instagram ចំពោះ Wan-Bissaka ថា៖ “គេពិតជាល្អ ពិបាកណាស់ក្នុងការឆ្លងផុតរូបគេ។ តើខ្ញុំមើលគេប្រកួតនៅ United ទេ? ខ្ញុំបានមើល ការប្រកួតមួយចំនួន អ្វីដែលខ្ញុំគិតពីគេនោះ ជាអ្វីដែលខ្ញុំធ្លាប់គិតពីមុន។

“គ្រប់យ៉ាងដែលគ្រប់គ្នាកំពុងតែនិយាយនៅពេលនេះ ដោយហៅគេថា «ពីងពាង» យើងធ្លាប់ដឹងពីមុន វាគ្រាន់តែថា រូបគេកំពុងលេងនៅមុខអ្នកទស្សនាទូទាំងពិភពលោក។ យើងធ្លាប់និយាយអំពីវាពីមុនមក ប៉ុន្ដែវាពិតជាល្អដែលពិភពលោកដឹងពីវាផងដែរ។”

ប្រភព៖ Goal