Zaha បង្ហើបប្រាប់ពីក្លឹបមួយដែលគេចង់លេងឲ្យ ខណ:កំពុងមានការចាប់អារម្មណ៍ពីក្លឹបផ្សេងៗ

ខ្សែប្រយុទ្ធក្រុម Crystal Palace កីឡាករ Wilfried Zaha បានសារភាពថាចង់ផ្លាស់ទៅលេងនៅក្រុម Arsenal នៅរដូវក្តៅនេះ ប៉ុន្តែក្រុមកាំភ្លើងធំត្រូវប្រឈមនឹងបញ្ហាញតម្លៃខ្លួនសម្រាប់កីឡាកររូបនេះ ។

គួរបញ្ជាក់ថា Zaha ចង់ចាកចេញពីក្លឹប Crystal Palace ហើយខ្សែប្រយុទ្ធរូបនេះត្រូវបានគេកំណត់ថានឹងជាការចុះហត្ថលេខាដ៏មានសក្តានុពលរបស់លោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្រុម Arsenal ។

យ៉ាងណាមិញក្រុម Palace កំពុងតែស្វែងរកការផ្តល់ជូនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិកូឌឺវ័ររូបនេះ ប្រហែល 80 លានផោន ប៉ុន្តែការបរាជ័យរបស់ Arsenal ក្នុងការចូលលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ ទំនងជានឹងធ្វើឱ្យពួកគេគ្មានលទ្ធភាពក្នុងការចំណាយលើទឹកប្រាក់ក្នុងចំនួននេះនោះទេ ។

លើសពីនេះបើយោងតាមរបាយការណ៍របស់ BBC Sport បានរាយការណ៍ថា Zaha ចង់ផ្លាស់ប្តូរទៅកាន់ក្រុម Arsenal  ដែលជាក្លឹបពីកុមារភាពរបស់គេវិញ ប៉ុន្តែក្លឹបកាំភ្លើងធំអាចមានលទ្ធភាពចំណាយក្នុងការផ្ទេរត្រឹមតែ 40 លានផោនប៉ុណ្ណោះ ដែលអាចតម្រូវឲ្យពួកគេនឹងត្រូវលក់កីឡាករខ្លួនចេញមួយចំនួន ៕

ប្រភព: Mirror