Zambrotta៖ “អ្នក​គាំទ្រ​ស្រមៃ​ចង់​ឃើញ Juve យក​ម្នាក់​នេះ មក​ចាប់​ដៃគូ​ជាមួយ Ronaldo”

អតីត​កីឡាករ​ជើង​ចាស់​ Gianluca Zambrotta ​បាន​ជជែក​ដល់​រឿងរ៉ាវ​នៃ​ទីផ្សារ​ដោះដូរ​របស់​ក្លឹប Juventus ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​អ្នក​គាំទ្រ​កំពុង​ពុះ​កញ្រ្ជោល​ចង់​បាន​ឲ្យ​ឆាប់​រហ័ស​បំផុត។

នោះ​គឺ​ការ​ចុះ​ហត្ថលេខា​យក Neymar ដោយ​អតីត​កីឡាករ​នៅ​សេះ​បង្កង់​រូប​នេះ បាន​ព្រលយ​ពាក្យ​ចំៗ​ថា​ទាំង​អ្នក​គាំទ្រ​ក៏​ចង់​ឃើញ​កីឡាករ​ប្រេស៊ីល​មក​ចូលរួម​នៅ Turin ផង​ដែរ។

ប្រាប់​ Omnisport លោក Zambrotta និយាយ​ថា៖ “អ្នក​គាំទ្រ​ Juve និង​អ្នក​គាំទ្រ​នៅ​អ៊ីតាលី​ជា​ទូទៅ​ស្រមៃ​ចង់​បាន Neymar មក​លេង​នៅ Serie A ​ដោយ​វា​នឹង​ក្លាយ​ជា​ការ​ផ្លាស់ប្តូរ​ដ៏​ល្អ​មួយ​ផ្សេង​ទៀត បន្ទាប់​ពី Cristiano Ronaldo”។

លោក​បន្ត៖ “ពេល​នោះ Juventus ក៏​នឹង​ក្លាយ​ជា​ក្លឹប​យក្ស​មួយ​ក្នុង​ចំណោម​ក្លឹប​កំពូល​ទាំង ៥ ក្នុង​លោក គួប​ផ្សំ​នឹង​ភាព​ល្បីល្បាញ​នៃ​យីហោ​របស់ Juve ក៏​កើន​ឡើង​ខ្លាំង​បំផុត​ផង​ដែរ ប៉ុន្តែ​វា​មិន​ជា​រឿង​ងាយ​ស្រួល​ទេ ដោយ​សូម្បី​តែ​ការ​វិល​ត្រលប់​របស់​ Neymar ទៅ Barcelona ក៏​ខ្ញុំ​មើល​ឃើញ​លំបាក​ដូច​គ្នា”។

បញ្ជាក់​ថា​មុន​នេះ​បន្តិច​ក៏​ទើប​លេចលឺ​ចចាមអារ៉ាម​ថា​ Juve ​បាន​ដាក់​សំណើ ២ សង​ ១ ដោយ​ប្រើប្រាស់ Paulo Dybala និង Matuidi ​បូក​ប្រាក់​មួយ​ចំនួន​ជា​ថ្នូរ​នាំ​យក Neymar ​ស្រដៀង​នឹង​សំណើ​របស់ Barcelona ​ដែល​ប្រើប្រាស់ Coutinho + Dembele។ ប្រភព៖ FoxSportAsia

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET