Zidane ពោល​ពាក្យ​ល្អឬអាក្រក់បែបណាខ្លះ ក្រោយ Bale ស៊ុតចូលមួយគ្រាប់ទល់ Arsenal?

រឿងរ៉ាវ​ចាក់ស្រេះ​រវាង Zinedine Zidane និង Gareth Bale បាន​កំពុង​ផ្ទុះ​កាន់​តែ​ខ្លាំង​ឡើង​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ទើប​តែ​បញ្ចប់​ការ​តតាំង​កម្តៅ​សាច់​ដុំ​ទល់ Arsenal នៅ​ទឹកដី​សហរដ្ឋអាមេរិក​ស្តេច​ស​បាន​យក​ឈ្នះ​នៅ​បាល់ប៉េណាល់ទី​លទ្ធផល ៣-២។

បែបណាមិញ​ក្នុង​ការ​ប្រកួត​ ដែល​ Bale មាន​ពេល ៤៥ នាទី រូប​គេ​ក៏​រក​បាន​មួយ​គ្រាប់​ផង​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កីឡាករ​សញ្ជាតិ​វែល​ចាប់​មាន​ក្តី​សង្ឃឹម​ថា​ idol របស់​ខ្លួន​អាច​បន្ត​ឈរ​ជើង​នៅ Madrid ទៅ​ថ្ងៃ​ខាង​មុខ​ទៀត។

តាម​រយៈ​ការ​លើក​ឡើង​របស់​លោក Zinedine Zidane គឺ​ផ្ទុយ​ស្រឡះ ដោយ​ត្បិត​លើក​សរសើរ​ដល់​គុណភាព​លេង​របស់ Bale នៅ​ថ្ងៃ​នេះ តែ​ទាក់ទិន​នឹង​អនាគត​របស់​គេ​គឺ​លោក​ថា​គ្មាន​ការ​ផ្លាស់ប្តូរ​អ្វី​ទាំង​អស់ ពោល​គឺ​ស្ថានភាព​សព្វថ្ងៃ​បែបណា គឺ​នៅ​តែ​បែបហ្នឹង​ដដែល។

បញ្ជាក់​ប្រាប់​ក្រោយ​បិទ​ការ​ប្រកួត Zidane និយាយ​ថា៖ “Gareth Bale ​ធ្វើ​បាន​ល្អ​ក្នុង​ប្រកួត​នេះ ហើយ​ខ្ញុំ​រីករាយ​ជាមួយ​គាត់ ​ដោយ​នៅ​ពេល​នេះ គាត់​នៅ​ជាមួយ​យើង ខណៈ​ដែល​ថ្ងៃ​នេះ​គាត់​លេង​ព្រោះ​គាត់​ចង់​នៅ​ជាមួយ​យើង ប៉ុន្តែ​ថ្ងៃ​ផ្សេង​គឺ​អត់​ទេ ដោយ​វា​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ហើយ​សម្រាប់​ថ្ងៃ​អនាគត​យើង​នឹង​បាន​ឃើញ ប៉ុន្តែ​គ្មាន​អ្វី​ផ្លាស់ប្តូរ​ឡើយ ​ដោយ​អ្នក​បាន​ដឹង​ពី​ស្ថានភាព​ស្រាប់​ហើយ”។

កន្លង​មក​សូម្បី​តែ​ភ្នាក់ងារ​របស់ Bale ក៏​បាន​រិះគន់​លើ​សម្តី​របស់​លោក Zidane ដែល​និយាយ​ដល់​ការ​ចែកផ្លូវ​របស់ Bale ផង​ដែរ ដោយ​ថា​អ្នកដឹកនាំ​សញ្ជាតិ​បារាំង​បាន​បង្ហាញ​ការ​មិន​ឲ្យ​តម្លៃ​ដល់​កីឡាករ​របស់​ខ្លួន។ ប្រភព៖ AF