ដឹងមូលហេតុដែលគ្រូអង់គ្លេស ដាក់កីឡាករវ័យក្មេង Saka ឱ្យស៊ុតប៉េណាល់ទីកាលប៉ះអ៊ីតាលី

មានរឿងដែលមានការងឿងឆ្ងល់មិនអស់ចិត្ត ក្នុងការប្រកួតដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បរាជ័យទល់នឹងអ៊ីតាលីដោយបាល់ប៉េណាល់ទី ជាពិសេសអ្នកដែលស៊ុតប៉េណាល់ទីសម្រាប់ក្រុមអង់គ្លេស។

គ្រូបង្គោលក្រុមអង់គ្លេសលោក Gareth Southgate បានចុចឈ្មោះខ្សែបម្រើវ័យក្មេង Bukayo Saka ឱ្យស៊ុតបាល់ប៉េណាល់ទីទី៥ ប៉ុន្ដែបាល់ដែលគេស៊ុតត្រូវបានអ្នកចាំទីក្រុមអ៊ីតាលីសង្គ្រោះ។

ទោះយ៉ាងណាក្ដី លោក Southgate មានហេតុផលដែលជ្រើសយក Saka ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ទោះបីជាគេមិនមានបទពិសោធន៍ ស៊ុតប៉េណាល់ទីសម្រាប់ក្រុមធំជម្រើសជាតិអង់គ្លេសក្ដី។

យោងតាមប្រភពពី Daily Mail បានឱ្យដឹងថា កីឡាករក្រុមអង់គ្លេស បានអនុវត្តការស៊ុតប៉ណាល់ទីបន្ទាប់ពី ហ្វឹកហាត់រួច តាំងពីខែកញ្ញាឆ្នាំមុនមកម្ល៉េះ ហើយគ្រូបង្វឹកបានសម្គាល់សមត្ថភាពកីឡាករទាំងនោះ។

ចាប់តាំងពី Saka ទទួលបានឱកាសកោះហៅចូលក្រុមធំ កាលពីខែតុលា គេបានចូលរួមការហ្វឹកហាត់ទាំងនោះ ហើយគ្មានកីឡាករអង់គ្លេសណា ស៊ុតប៉េណាល់ទីច្បាស់ជាង កីឡាករ Arsenal រូបនេះឡើយ។

ដោយឡែក Marcus Rashford និង Jadon Sancho ដែលស៊ុតប៉េណាល់ទីមិនចូលកាលប៉ះអ៊ីតាលី ដែរនោះ ក៏ស្ថិតក្នុងចំណោមកំពូលអ្នកស៊ុតបាល់១១ម៉ែត្រផងដែរ ក្នុងក្រុមតោកំណាចអង់គ្លេសពេលហ្វឹកហាត់៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ តើកីឡាករណាខ្លះ ជាបេក្ខភាពប្រជែងពាន Ballon d’Or ឆ្នាំនេះជាមួយ Messi?

Lionel Messi បានរួមចំណែកយ៉ាងច្រើន ក្នុងការជួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនឈ្នះពាន Copa America ហើយជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងព្រឹត្តិការណ៍ប្រកួតនោះ ដោយមានគ្រាប់បាល់បញ្ចូលទី និងគ្រាប់បាល់ assist ច្រើនជាងកីឡាករផ្សេងទៀត។

ជាមួយ Barcelona ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ធ្វើពុំសូវបានល្អនោះទេ រដូវកាល ២០២០-២១ ដែលបានបញ្ចប់កាលពីថ្មីៗនេះ ទោះបីឈ្នះពាន Copa del Rey និងស្បែកជើងមាសនៅ La Liga ប៉ុន្ដែគេនៅតែជាបេក្ខភាពជួរមុខ ក្នុងការប្រជែង Ballon d’Or នេះបើតាមការអះអាងរបស់សារព័ត៌មាន Mundo Deportivo។

តើកីឡាករណាខ្លះ ជាគូប្រជែង Messi សម្រាប់ពានរង្វាន់ឯកត្តជនធំបំផុតមួយនេះ?

N’golo Kante អាចជាគូប្រជែងរបស់ Messi។ កីឡាករជនជាតិបារាំង ជាផ្នែកដ៏សំខាន់ក្នុងការជួយ Chelsea ឈ្នះជើងឯក UEFA Champions League ដោយបានទម្លាក់ Real Madrid ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយឡែក Jorginho ដែលជាដៃគូនៅតំបន់បម្រើរបស់ Kante ក៏ជាម្នាក់ក្នុងចំណោមនោះដែរ។ ក្រៅពីបានជួយក្រុមតោខៀវឈ្នះ UCL អតីតកីឡាករក្រុម Napoli រូបនេះ បានឈ្នះពាន EURO 2020 កាលពីថ្មីៗនេះផងដែរ។

ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ Paris Saint-Germain និងក្រុមជម្រើសជាតិបារាំង ក៏ស្ថិតក្នុងបញ្ជីនេះដែរ ខណៈ Robert Lewandowski ដែលជាកំពូលអ្នករកគ្រាប់បាល់នៅលីគអាល្លឺម៉ង់ អាចនឹងឈ្នះ Ballon d’Or ២០២០ ប្រសិនបើពាននេះមិនត្រូវបានរំសាយចោលក្នុងឆ្នាំនោះ។

Gianluigi Donnarumma, Cristiano Ronaldo, Pedri, Kevin de Bruyne, Federico Chiesa, Neymar, Karim Benzema និង Harry Kane សុទ្ធតែជាបេក្ខភាពដែលអាចប្រជែងពានកីឡាករល្អបំផុត ដែលរៀបចំដោយសារព័ត៌មានបារាំង France Football៕

ប្រភព៖ Football Espana