ការប្រកួតនៅក្របខ័ណ្ឌ Premier Leage បានឈានមកដល់ ៦០ ភាគរយហើយនៃរដូវកាលទាំងមូល ដោយយើងក៏បានរកឃើញតម្រុយជាបណ្តើរៗ អំពីក្លឹបដែលនឹងអាចលើកពាន ក្លឹបឈរ Top 4 ក៏ដូចជាក្លឹប ៣ ដែលអាចនឹងកាត់ឈ្មោះចេញពីលីគលំដាប់ ១ ហើយធ្លាក់ទៅលីគលំដាប់ ២ របស់អង់គ្លេស។
បច្ចុប្បន្នក្លឹប Newcastle ឈរលេខ ១៨ មាន ១៥ ពិន្ទុ (គិតត្រឹមជុំទី ២១), Watford ឈរលេខ ១៩ មាន ១៤ ពិន្ទុ (គិតត្រឹមជុំទី ២០) និង Burnley ឈរបាតតារាង មាន ១២ ពិន្ទុ (គិតត្រឹមជុំទី ១៨)។ តែយ៉ាងណាតាមការយល់ឃើញរបស់ Rio Ferdinand ជាអ្នកវិភាគលើប៉ុស្តិ៍កម្មវិធីបាល់ទាត់មួយ ក៏លើកឡើងថា ក្លឹបដែលនឹងធ្លាក់នៅបញ្ចប់រដូវកាល គឺ Burnley, Watford និង Norwich City ឯណោះ ហើយ Newcastle នឹងនៅតែមានសង្ឃឹមអាចបន្ត។
ក៏ដោយសារតែនៅខែមករា សម្រាប់ទីផ្សារដោះដូររដូវរងា លោកជឿជាក់ថា Newcastle នឹងបញ្ចប់ការដោះដូរកីឡាករចំណូលថ្មីជាច្រើន ពោលអាចនាំយកពួកគេមកពង្រឹងក្រុម ឲ្យទទួលបានលទ្ធផលល្អប្រសើរជាងនេះឆ្ងាយ។
ជាការពិត បើយើងទៅមើលកីឡាករនៃក្រុមលោក Eddie Howe សម្រេចយកបានគឺរួមមាន Kieran Trippier ជាខ្សែការពារឆ្នើម ហើយក៏លឺថា នឹងត្រៀមយកបាន ២ ទៅ ៣ រូបផ្សេងទៀតនៅតំបន់បម្រើ និងប្រយុទ្ធផងដែរ។ រំឭកថាលើកចុងក្រោយដែល Newcastle ធ្លាក់ចេញពី PL គឺនៅរដូវកាល ២០១៥/១៦ ហើយរដូវកាលបន្ទាប់ ពួកគេបានក្លាយជាម្ចាស់ជើងឯកលីគលំដាប់ទី ២៕
ប្រភព៖ Metro
អានអត្ថបទបន្ទាប់៖ Juventus ប្រជែងឈ្នះ Arsenal ចរចាត្រូវរ៉ូវតម្លៃខ្លួន កីឡាករគោលដៅរូបនេះហើយ
ក្លឹបសេះបង្កង់ Juventus បានយកឈ្នះក្លឹបអង់គ្លេស Arsenal លើទីផ្សារដោះដូរ ក្នុងការនាំយកខ្សែប្រយុទ្ធកំពូល ដែលកំពុងប្រកបអាជីពនៅក្របខ័ណ្ឌ Serie A។ លឺថា ក្លឹបយក្សអ៊ីតាលីហ៊ានឲ្យដល់តម្លៃ ៦៧ លានអឺរ៉ូ ឬជាង ៥៦ លានផោនឯណោះ។
នោះគឺ Dusan Vlahovic ជាយុវជនឆ្នើមរបស់ក្លឹប Fiorentina ដែលបុរសសញ្ជាតិស៊ែប៊ីរូបនេះ ត្រូវបានក្លឹប Arsenal តាមឃ្លាំមើលយូរណាស់ហើយ តែទំនងត្រូវបានរាំង.ស្ទះដោយសារតម្លៃផ្ទេរនៃក្លឹបអាណាព្យាបាលដាក់មករាងខ្ពស់ពេក។
តែយ៉ាងណា សម្រាប់ Juventus មើលឃើញបញ្ហាលុយធំសារនេះ មិនជាបញ្ហាសម្រាប់ខ្លួនឡើយ រួចក៏ព្រមចាយទាំងមិនស្ទាក់ស្ទើរ ឲ្យតែយកបាន Vlahovic មកពង្រឹងប្រព័ន្ធប្រយុទ្ធនៃក្រុមរបស់ខ្លួន។ នេះបើតាមសារព័ត៌មាន Football.london បានចុះផ្សាយ។
ជាការពិត Vlahovic ធ្វើបានល្អខ្លាំង ជាក់ស្តែងដូចរដូវកាល ២០២១/២២ បង្ហាញខ្លួន ២១ ប្រកួត អាចរកបានដល់ទៅ ១៧ គ្រាប់ឯណោះ។ យើងនឹងរង់ចាំមើលបន្តទៀត តើភាគីក្លឹបអាណាព្យាបាលនឹងយល់ព្រមបែបណាទៀត ក្រោយពេលដែលសេះបង្កង់ហ៊ានឲ្យតម្លៃកល់ហើយនោះ។ សម្រាប់ Arsenal បើយកកីឡាករស៊ែប៊ីខាងលើមិនបាន ពួកគេអាចជាបង្វែរទៅគោលដៅ ២ រូបផ្សេងទៀត រួមមាន Alexander Isak និង Luka Jovic៕
ប្រភព៖ Football.london