Telles៖ Man Utd គួរគិតរឿងមួយនេះ ជាងការតែងតាំងអ្នកចាត់ការរដូវកាលក្រោយ

Manchester United គួរតែបំភ្លេចអំពីការតែងតាំងអ្នកចាត់ការថ្មី មកគិតពីការរៀបចំក្រុមឱ្យបានប្រសើរឡើងវិញ នេះបើយោងតាមការលើកឡើងរបស់ខ្សែការពារ Alex Telles។

លោក Ralf Rangnick ត្រូវបានតែងតាំងជាអ្នកចាត់ការស្ដីទី រហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីក្លិបបានបញ្ចប់តំណែងលោក Ole Gunnar Solskjaer ហើយអ្នកចាត់ការជនជាតិអាល្លឺម៉ង់ នឹងប្ដូរតំណែងជាទីប្រឹក្សារបស់ក្លិបចាប់ពីរដូវកាលក្រោយទៅ។

បច្ចុប្បន្ន Man Utd កំពុងឈរនៅលេខ៧ ក្នុងតារាង Premier League មានគម្លាត៦ពិន្ទុពីក្រុមលេខ៤ Tottenham Hotspur ដែលជាក្ដីបារម្ភថាក្រុមបិសាចក្រហម អាចបាត់ឱកាសក្នុងការទទួលបានកៅអីប្រកួតពានអឺរ៉ុបរដូវកាលក្រោយ ខណៈកំពុងមានសម្ពាធជាច្រើនដែលត្រូវប្រឈម។

ដោយឡែក អ្នកចាត់ការរបស់ Ajax លោក Erik ten Hag ត្រូវបានរាយការណ៍ថា បានយល់ព្រមក្នុងការចូលកាន់តំណែងជាអ្នកចាត់ការថ្មីរបស់ Man Utd នៅរដូវកាលក្រោយ ប៉ុន្ដែ Telles មិនចាប់អារម្មណ៍ចំពោះដំណឹងនេះទេ។

កីឡាករប្រេស៊ីលរូបនេះបាននិយាយថា៖ “ទេ, ខ្ញុំមិនគិតថាវា(ដំណឹងអំពីអ្នកចាត់ការថ្មី)មិនមានឥទ្ធិពលមកលើយើងទេ ព្រោះយើងដឹងពីអ្វីដែលយើងត្រូវធ្វើ។ មានមនុស្សមួយចំនួននៅក្លិបកំពុងធ្វើការងារពាក់ព័ន្ធនឹងអ្នកចាត់ការថ្មី ប៉ុន្ដែនោះសម្រាប់រដូវកាលក្រោយ។ ហើយនៅរដូវកាលក្រោយ អាស្រ័យលើអ្វីដែលយើងធ្វើនៅក្នុងការប្រកួតដែលនៅសល់ទាំងនេះ ដូច្នេះយើងត្រូវការការផ្ដោតអារម្មណ៍”។

“យើងមិនអាចគិតពីនរណាដែលនឹងក្លាយជាអ្នកចាត់ការបន្ទាប់នោះទេ យើងត្រូវតែគិតអំពីការខំប្រឹង នៅក្នុងការប្រកួតបន្ទាប់របស់យើង។ ប្រសិនបើខ្ញុំមិនជឿជាក់ថា យើងនៅតែអាចសង្រ្គោះរដូវកាលនេះបាន នោះខ្ញុំមិនគួរនៅទីនេះទេ។ យើងដឹងពីការងារដែលយើងមាន ដើម្បីអាចឈានដល់គោលដៅ។ យើងមិនអាចគិតពីការប្រកួតនៅខាងមុខឡើយ យើងមានការប្រកួតចុងក្រោយទល់នឹង Norwich City នៅខាងមុខយើងសិន”៕

ប្រភព៖ Live Score

អានអត្ថបទបន្ទាប់៖ កីឡាករ Man Utd ម្នាក់​ ​ប្រកាសថានឹងចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ ទោះនៅកុងត្រាមួយឆ្នាំទៀត

Nemanja Matic បានបញ្ជាក់ថាគេនឹងចាកចេញពី Manchester United នៅដំណាច់រដូវកាលនេះ។​ ខ្សែបម្រើវ័យ៣៣ឆ្នាំ បានចំណាយពេល៥ឆ្នាំនៅ Old Trafford ប៉ុន្ដែគេពិបាកក្នុងការបង្ហាញខ្លួនក្នុងប្រកួតសម្រាប់ក្រុមបិសាចក្រហមនារដូវកាលនេះ។

អតីតកីឡាកររបស់ក្រុមតោខៀវរូបនេះ នៅសល់កុងត្រាមួយឆ្នាំទៀតក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គេ ប៉ុន្ដែគេបានស្នើសុំក្លិប ដើម្បីផ្ទេរចេញនៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។

សូមបញ្ជាក់ថា Matic បានបង្ហាញខ្លួន១៨៣ប្រកួតសម្រាប់​ Man Utd ចាប់តាំងពីចូលរួមពីក្លិប Chelsea ក្នុងរដូវក្ដៅឆ្នាំ២០១៧ ដោយរកគ្រាប់បាល់៤គ្រាប់ជូនបិសាចក្រហម។

Man Utd ត្រូវមានការងារច្រើនក្នុងការកសាងក្រុមជាថ្មីនៅតំបន់បម្រើនៅរដូវក្ដៅខាងមុខ បន្ទាប់ពីការចាកចេញរបស់ Matic។ Fred និង Scott McTominay ត្រូវបានចាត់ទុកថាជាជម្រើសដំបូងនៅក្នុងតំបន់បម្រើ ប៉ុន្ដែពួកគេលេងមិនសូវបាននឹងនរនោះទេ។

ដោយឡែកអនាគតរបស់ Paul Pogba ក៏ស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ដែរ ស្របពេលដែលកុងត្រារបស់គេនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ៕

ប្រភព៖ Goal