មិនចង់អោយក្លឹបផ្សេងឆក់យកតារាឆ្នើមមួយរូប Chelsea ត្រៀមកុងត្រាថ្មី ដែលមានតំលៃ ១០០លានដុល្លារ

ប្រធានក្លឹបតោខៀវ Chelsea លោក Roman Abramovich ត្រូវបានគេចោទប្រកាន់ថាបានព្យាយាមលក់តារាឆ្នើមរបស់ក្លឹប សំរាប់រដូវក្ដៅនេះ ប៉ុន្ដែម្ចាស់ក្លឹបរូបនេះ ស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីអោយ ខ្សែបម្រើ N’Golo Kante បន្ដនៅទឹកដី Stamford Bridge ខណៈដែល Barcelona និង Paris Saint-Germain កំពុងប្រជែងគ្នាដណ្ដើមកីឡាករបារាំងរូបនេះ។

Kante បានជួយអោយក្រុមជម្រើសជាតិបារាំង លើកពាន World Cup ដែលធ្វើអោយរូបគេត្រូវបានទទួលស្គាល់ថាជាខ្សែបម្រើការពារល្អបំផុតមួយរូប នៅក្នុងព្រឹត្តិការណ៍នោះ។ ដូច្នេះហើយបានជា អ្នកចាត់ការក្លឹបថ្មីលោក Maurizio Sarri មិនចង់បាត់បង់រូបគេនោះឡើយ។

ក្លឹប Chelsea មានគម្រោងផ្ដល់កុងត្រាថ្មីទៅអោយ Kante ដែលធ្វើអោយរូបគេក្លាយជាកីឡាករដែលទទួលបានថ្លៃពលកម្មច្រើនបំផុត ក្នុងចំនោមកីឡាករបស់ក្លឹប ពោលគឺច្រើនជាងថ្លៃដែល Hazard ទទួលបានទៅទៀត។

ហើយបើយោងតាមប្រភពកាសែត The Times បានអោយដឹងថា សំរាប់កុងត្រាថ្មីរយៈពេល ៥ឆ្នាំ Kante នឹងទទួលបានប្រហែលជិត ១០០លានដុល្លារ ដលមានន័យថា ក្នុងមួយសប្ដាហ៍គេទទួលបាន ៣៨០០០០ដុល្លារ ដែលច្រើនជាង Hazard ដែលជាមិត្តរួមក្រុមរបស់គេ ៩០០០០ដុល្លារ។

ខ្សែបម្រើបារាំង នឹងរកចំនូលបាន ២០លានដុល្លារក្នុងមួយរដូវកាល រហូតដល់ឆ្នាំ ២០២៣ ដែលកុងត្រាថ្មីនេះ អាចធ្វើអោយក្លឹបបារាំង PSG ដកខ្លួនពីការចង់បាន Kante ដើម្បីពង្រឹងក្រុមរបស់ពួកគេ ក្នុងការប្រជែងពាន UEFA Champions League សំរាប់រដូវកាលថ្មីនេះ៕

ប្រភព៖ Sport English