Man United ចាយលុយ៥០លានដុល្លារ នាំយកកីឡាករដំបូងចូលក្រុម ក្រោយទីផ្សារដោះដូរបើកដំណើរការ

Manchester United បានសម្រេចការផ្ទេរ Amad Diallo ពីក្លិបអ៊ីតាលី Atalanta ជាមួយកុងត្រារយៈពេល ៤ឆ្នាំកន្លះ។ ការព្រមព្រៀងរវាងក្លិបទាំងពីរត្រូវបានសម្រេច តាំងពីពេលដោះដូររដូវក្ដៅមកម្ល៉េះ ប៉ុន្ដែដោយសារលក្ខខណ្ឌមួចំនួនទើបមិនទាន់អាចផ្ទេរកីឡាកររូបនេះ​មកអង់គ្លេសបាន។

ខ្សែប្រយុទ្ធស្លាបជនជាតិកូឌីវ័រ មានជម្រើសបន្ដកុងត្រាថ្មី បានមួយឆ្នាំទៀត លើកុងត្រាដែលបានកំណត់ដល់ខែមិថុនា ឆ្នាំ២០២៥ ។

សូមរំឭកថា Man United បានប្រកាសពីការផ្ទេរ Diallo នៅថ្ងៃចុងក្រោយនៃការដោះដូររដូវក្ដៅ មុនពេលគេផ្ទេរមកកាន់ទឹកដី Old Trafford ជាផ្លូវការ ហើយគេរំពឹងថា កីឡាករវ័យក្មេងរូបនេះ អាចចូលរួមហ្វឹកហាត់ជាមួយកីឡាករបស់លោក Ole Gunnar Solskjaer ផ្សេងទៀតបាននៅដើមសប្ដាហ៍ក្រោយ។

Man United បានចំណាយ៣៧,២លានផោន(៥០លានដុល្លារ) ដើម្បីនាំយក Daillo មកចូលក្រុម ហើយរដូវកាលនេះ គេលេងបានតែ២ប្រកួតប៉ុណ្ណោះនៅក្លិបដើម Atalanta ៕

ប្រភព៖ Sky Sports