Real Madrid ត្រៀមជះលុយ ជាង២០លានអឺរ៉ូ នាំយកខ្សែប្រយុទ្ធប្រេស៊ីលដែលលេចធ្លោខ្លាំង

ក្លឹបអធិរាជស Real Madrid បានបន្ដគោលការណ៍របស់ខ្លួនក្នុងការ ទិញយកកីឡាករវ័យក្មេងដែលមានទេព្យកោសល្យ ហើយគ្រាប់ពេជ្យមួយគ្រាប់ទៀតហើយដែលក្លឹបយក្សអេស្ប៉ាញ​ សំលឹងឃើញគឺ ខ្សែប្រយុទ្ធ Pedro Guilherme វ័យ២១ឆ្នាំ ដែលបច្ចុប្បន្ន រូបគេកំពុងលេចធ្លោនៅក្នុងក្លឹប Fluminense។

Real Madrid បានឃ្លាំមើលយ៉ាងយកចិត្ដទុកដាក់ចំពោះការបង្ហាញសមត្ថភាពលើទីលានរបស់កីឡាករវ័យក្មេងរូបនេះ ដោយរូបគេរកគ្រាប់បាល់បាន ១២គ្រាប់ហើយសំរាប់ ២៣ប្រកួត។

ទោះបីជាបច្ចុប្បន្នកីឡាកររូបនេះ នៅជាប់កុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២១ក្ដី តំលៃកីឡាកររូបនេះ អាចនឹងនៅត្រឹមតែ ២០ ទៅ ២៥លានអឺរ៉ូ ប៉ុណ្ណោះបើសិនជាចង់បានរូបគេ ខណៈដែលមានក្លឹបធំៗមួយចំនួននៅអឺរ៉ុបមានដូចជា Sevilla, Roma និង AC Milan កំពុងព្យាយាមចចារ។

យ៉ាងណាម៉ិញ ការត្រលប់មកវិញរបស់ ខ្សែប្រយុទ្ធ Mariano Diaz មិនមែនជាឧបសគ្គរារាំង Real Madrid ក្នុងការចង់បាន Guilherme នោះទេ។ ក្លឹបនឹងធ្វើការពិភាក្សាថាតើ អាចនឹងបញ្ចប់កិច្ចចចារផ្ទេរដោយជោគជ័យឬយ៉ាងណា ហើយបើសិនជាបានកីឡាកររូបនេះមកមែន រូបគេអាចនឹងត្រូវបង្ហាញខ្លួន នៅក្នុងការប្រកួតសំរាប់ឈុតធំ ឬ ក្លឹបអាចអោយក្លឹបដទៃខ្ចីជើងក៏ថាបាន ដើម្បីលត់ដំសមត្ថភាពរបស់គេបន្ថែមទៀត។

គួរបញ្ជាក់ថា ការបង្ហាញទម្រង់លេងលេងធ្លោរបស់ Guilherme បានទាក់ចិត្តគ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite ផងដែរ។ គ្រូបង្វឹករូបនេះ ក៏មានបំណងចង់អោយរូបគេបង្ហាញខ្លួនសំរាប់ប្រកួតមិត្តភាពអោយក្រុមសាំបាផងដែរ ប៉ុន្ដែអ្វីៗខុសការរំពឹងទុកដោយសារតែ ខ្សែប្រយុទ្ធរូបនេះ មានបញ្ហារបួសជង្គង់ ក្នុងជំនួបជាមួយនឹងក្រុម Cruzeiro កាលពីថ្ងៃទី ២៦ សីហាកន្លងទៅ៕

ប្រភព៖ AS