Man Utd ឈ្នះក្រុមរបស់ Rooney ក្នុងជំនួបមិត្តភាពមុនបើករដូវកាលថ្មី

Manchester United ចាប់ផ្ដើមជាមួយនឹងជ័យជម្នះក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ត្រៀមសម្រាប់រដូវកាលថ្មី ដោយបានយកឈ្នះ Derby County ២-១ ក្នុងកីឡដ្ឋាន Pride Park កាលពីថ្ងៃអាទិត្យ។

លោក Ole Gunnar Solskjaer បានរួមបញ្ចូលរវាងកីឡាករក្នុងក្រុមយុវជន ជាមួយកីឡាករក្រុមធំ ហើយក្រុមបិសាចក្រហមមានឱកាសរកគ្រាប់បាល់នាំមុខដោយកីឡាករ Tahith Chong នៅនាទីទី១៨។

ក្រុមបិសាចក្រហម បានប្ដូរកីឡាករជាច្រើនរូប ក្រោយចប់តង់ទី១ ហើយត្រលប់មកចូលទីលានវិញជាមួយគ្រាប់បាល់ទី២ ដោយ Facundo Pellistri ដែលត្រូវបានប្ដូរចូល។

ទោះយ៉ាងណាក្ដីក្រុមម្ចាស់ផ្ទះ ដែលមានលោក Wayne Rooney ជាគ្រូបង្វឹក វាយបកបានមួយគ្រាប់វិញដោយ Colin Kazim-Richards ពីការស៊ុតបាល់ពីចម្ងាយ នៅ២០នាទីចុងក្រោយនៃការប្រកួត។

អានអត្ថបទបន្ទាប់៖ Solskjaer បញ្ជាក់ពីអនាគតរបស់ Lingard ជាមួយ Manchester United

លោក Ole Gunnar Solskjaer បានអះអាងថា ខ្សែបម្រើ Jesse Lingard ស្ថិតក្នុងគម្រោងរបស់លោកនៅ Manchester United រដូវកាលនេះ បន្ទាប់ពីគេបានបង្ហាញទម្រង់លេងល្អទល់នឹង Derby County។

Lingard បង្ហាញភាពលេចធ្លោក្នុងការប្រកួតមិត្ដភាពមុនបើករដូវកាល ដោយបានព្យាយាមស៊ុតទីគូប្រកួត តែបុកនឹងរបារទី នៅក្នុងតង់ទី២។

ដោយឡែកក្លិបញញួរធំ West Ham ក៏រំពឹងថាអាចខ្ចីជើង កីឡាកររូបនេះម្ដងទៀតក្នុងរដូវកាលថ្មី ប៉ុន្ដែអ្នកចាត់ការបិសាចក្រហមលោក Solskjaer បានបញ្ជាក់ថា Lingard ស្ថិតនៅក្នុងគម្រោងរបស់លោក សម្រាប់រដូវកាលថ្មីនេះ។

លោកបាននិយាយថា៖ “Jesse Lingard បានត្រលប់មកវិញហើយ មានភាពចែងចាំង ហើយគេចង់តស៊ូដណ្ដើមតំណែងរបស់គេ។ អ្វីដែលគេបានធ្វើកាលពីរដូវកាលមុន បង្ហាញថាគេជា Jesse ពិតប្រាកដ។ ពេលនេះយើងនៅខ្វះខាតចំណុចមួយចំនួន ដូច្នេះស្ថិតនៅក្នុងគម្រោង នៅពេលនេះ”៕

ប្រភព៖ talkSPORT