(វីដេអូ) កីឡាករ​ដែល​គេ​សឹង​តែ​ភ្លេច​ឈ្មោះ កា.ប់​បាល់ Volley ឲ្យ United យ៉ាង​ស្អាត​យប់មិញ

ខ្សែ​បម្រើ​ប្រយុទ្ធ Andreas Pereira នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ហាក់​ស្ងាត់​ឈ្មោះ​ឈឹង ក្រោយ​ពី​ក្លឹប Man Utd ដាក់​ឲ្យ​ខ្ចី​ជើង​ជា​បន្តបន្ទាប់ ហើយ​ទើប​តែ​ផុត​ថ្ងៃ​ទី ៣០ ​​មិថុនា​នេះ​ទេ គេ​បាន​ត្រលប់​មក​ក្លឹប​វិញ តែ​មិន​ទាន់​ច្បាស់​ថា​រដូវ​កាល​ក្រោយ​បាន​លេង​ពេញ​ជើង​ឬ​អត់​នោះ​ដែរ។

យ៉ាង​ណា​នៅ​ប្រកួត​មិត្តភាព កីឡាករ​ដែល​អាច​លេង Role ស្មើ​នឹង Juan Mata ក៏​ដូច​ជា Bruno Fernandes ត្រូវ​បាន​លោក Ole Gunnar Solskjaer កោះ​ហៅ​ឲ្យ​មក​ប្រកួត​មិត្តភាព​ទល់​ក្លឹប Brentford ហើយ​គេ​ក៏​ធ្វើ​បាន​ល្អ តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចប់​ទី​យ៉ាង​ស្អាត ជា​ចំណែក​យក​លទ្ធផល​ស្មើ ២-២ នៅ​ឯ​កីឡដ្ឋាន Old Trafford។

Andreas Pereira
Andreas Pereira

កីឡាករ​វ័យ ២៥ ឆ្នាំ បាន​ឈរ​នៅ​ក្រៅ​ប្រអប់​ទី ហើយ​ទទួល​បាល់​ដែល​ព្យាយាម​តែត​ចេញ​ពី​កីឡាករ​របស់ Brentford រួច​គេ​ក៏​បាន​យារ​ជើង​កា.ប់​បាល់ ​ជា​លក្ខណៈ​ការ​ស៊ុត Volley មួយ​ទំហឹង​ជើង ចម្ងាយ​ប្រហែលជាង ២២ ម៉ែត្រ ហើយ​បាល់​ក៏​ហោះ​ចូល​គោលដៅ​ល្អ​ទៀត។ មួយ​គ្រាប់​សារ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ Pereira ហើយ​ខ្លះ​ទទូច​ចង់​ឲ្យ​ Ole ផ្តល់​ឱកាស​សម្រាប់​គេ​នៅ​បើក​រដូវ​កាល​ខាង​មុខ​នេះ​ទៀត​ផង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទបន្ទាប់៖ ដឹង​ថ្លៃ​ពលកម្ម​ថ្មី​របស់ Messi នៅ Barcelona ហើយ ទាប​ជាង Sancho នៅ Man Utd ដាច់

វីរបុរស​ប្រចាំ​ក្លឹប Barcelona គឺ​កីឡាករ Lionel Messi បាន​វិល​ត្រលប់​មក​កាន់​ទីក្រុង Barcelona វិញ​ហើយ ក្រោយ​ចាយ​ពេល​វិស្សមកាល​រយៈ​ពេល​ខ្លី​ជាមួយ​គ្រួសារ​រួច​មក។ ការ​មក​ដល់​សារ​នេះ​ គេ​ជឿ​ថា​​នឹង​មក​សម្រេច​លើ​ការ​ចរចា​កុងត្រា​ថ្មី ហើយ​បន្ត​ការ​ឈរ​ជើង​នៅ​ក្លឹប Barcelona នៅ​រដូវ​កាល​ក្រោយៗ​ត​ទៀត។

Laporta/Messi

យ៉ាង​ណា​បើ​តាម​របាយការណ៍​ពី SPORT បាន​ចុះ​ផ្សាយ​ថា តារា​ឆ្នើម​អាហ្សង់ទីន​ក៏​ព្រមព្រៀង​​ហើយ​ដែរ​នៅ​កិច្ច​ព្រមព្រៀង​កុងត្រា​ថ្មី​ជាមួយ​អ្នក​មាន​បុណ្យ ដោយ​ក្នុង​កុងត្រា​នោះ​ក្លឹប​កំណត់​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​របស់ M10 ប្រមាណ ៥០ ភាគរយ ពោល​ចុះ​ពី ៥០០ ០០០ ផោន/សប្ដាហ៍ មក​សល់​ត្រឹម ២៥០ ០០០ ផោន/សប្តាហ៍​វិញ ហើយ​នេះ​លើ​សុពលភាព​រយៈ​ពេល ៥ ឆ្នាំ ពោល​គឺ​ដល់​ឆ្នាំ ២០២៦។

បញ្ជាក់​ថា ទំហំ​ប្រាក់​ពលកម្ម​នេះ មិនមែន​តែ Messi ទេ ដោយ​កីឡាករ​នៅ​ក្លឹប​ស្ថិត​ក្នុង​ប្រទេស​អេស្ប៉ាញ​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​កាត់​បន្ថយ គ្រាន់​ខ្លះ​តិច ខ្លះ​ច្រើន។ ជាក់ស្តែង​ទាំង​ក្លឹប Real Madrid ក៏​ដូច​គ្នា ហើយ​បើ​កាល​ណា​កីឡាករ​ចរចា​មិន​ត្រូវ ក៏​មាន​តែ​ជម្រើស​លក់​ចេញ ហើយ​ពួក​គេ​ភាគ​ច្រើន​ជ្រើស​យក​ក្លឹប​ថ្មី​ដែល​មាន​លទ្ធភាព​អាច​ផ្តល់​ឲ្យ​នូវ​តម្លៃ​ពលកម្ម​ដែល​ពួក​គេ​ត្រូវការ។

Messi
Sancho

ទំហំ​ថ្លៃ​ពលកម្ម​ ២៥០ ០០០ ផោន/សប្តាហ៍​នេះ បើ​ធៀប​នឹង​កីឡាករ​នៅ​លីគ​កំពូល​អង់គ្លេស គឺ Messi ស្មើ​នឹង​កម្រិត​របស់ Anthony Martial ហើយ​ចាញ់ Paul Pogba ដែល​ទទួល​បាន ២៩០ ០០០ ផោន ចាញ់ Jadon Sancho បាន ៣៥០ ០០០ ផោន និង​ចាញ់ David de Gea បាន ៣៧៥ ០០០ ផោន ពោល​សុទ្ធ​តែ​ជា​កីឡាករ​របស់​ក្លឹប Man Utd ដែល​ជា​ក្លឹប​អ្នក​មាន៕

ប្រភព៖ AF