[វីដេអូ] បិសាចក្រហមទទួលបរាជ័យសារជាថ្មី ក្រោមថ្វីជើងក្រុម West Ham

ក្រុម Manchester United ដែលដឹកនាំដោយលោក Jose Mourinho បានបរាជ័យក្នុងការប្រកួត ទល់នឹងក្រុម West Ham ដែលបញ្ចប់ក្នុងលទ្ធផល ៣-១ នៅក្នុងកីឡដ្ឋាន London Stadium ដែលជាកំណត់ត្រាមួយដ៏អាក្រក់បំផុតនៅក្នុង២៥ឆ្នាំចុងក្រោយ។

បច្ចុប្បន្នបិសាចក្រហមមានតែ១០ពិន្ទុប៉ុណ្ណោះ សំរាប់៧ប្រកួតដំបូង នៅក្នុងលីគ ដែលដូចទៅនឹងពេលដែលលោក David Moyes ដឹកនាំកាលពីរដូវកាល ២០១៣/១៤ ប៉ុន្ដែបើសិនជាមើលទៅលើគ្រាប់បាល់ចំនេញ បានបង្ហាញថា ក្រុមបច្ចុប្បន្នមានកំណត់ត្រាអន់បំផុត ចាប់តាំងពិរដូវកាល ១០៨៩/៩០ ដែលពេលនោះពួកគេរកបានតែ៧ពិន្ទុប៉ុណ្ណោះ។

ក្រុម West Ham ទើបតែទទួលបានជ័យជំនះ មួយប្រកួតប៉ុណ្ណោះតាំងពីក្រុមទាំងពីរជួបគ្នា ១៩លើក នៅលីគកំពូលអង់គ្លេស ដែលប្រកួតចុងក្រោយនេះ ក្រុមដែលដឹកនាំដោយលោក Manuel Pellegrini រកបានមួយគ្រាប់នាំមុខមុន ដោយកីឡាករដែលមានតំលៃផ្ទេរថ្លៃជាងគេរបស់ក្លឹប Felipe Anderson ក្រោយពីទទួលបានបាល់កាត់ដោយ Pablo Zabaleta។

ក្រុមម្ចាស់ផ្ទះបន្ដរកបានមួយគ្រាប់ទៀត មុនការប្រកួតតង់ទី១ត្រូវបញ្ចប់ ដោយកីឡាករ Andriy Yarmolenko ស៊ុតទៅប៉ះជើងខ្សែការពារ Victor Lindelof ធ្វើអោយអ្នកចាំទី David de Gea គ្មានឱកាសនឹងសង្គ្រោះបាន។

យ៉ាងណាក្ដី Marcus Rashford បានជួយអោយក្រុមរបស់លោក Mourinho រកបានមួយគ្រាប់វិញ នៅនាទីទី៧១ ប៉ុន្ដែត្រូវបានកីឡាករ Marko Arnautovic រកបានមួយគ្រាប់ទៀតអោយក្រុមញញួរ នៅបីនាទីបន្ទាប់៕